ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកម៉ូតូរ៉ឺម៉កកង់បី​បណ្តាលឲ្យស្លាប់ និងរបួសធ្ងន់ស្រាល

ចែករំលែក៖

ប៉ោយប៉ែតៈ កាលពីថ្ងៃទី២៧ ខែ ធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ១០ និង ០០នាទីព្រឹក លើផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងមុខស្ថានីយដឹកអ្នកដំណើរអន្តរជាតិប៉ោយប៉ែត (ស៊ូជីង) ស្ថិតក្នុងភូមិអណ្តូងថ្មមាសសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់កើតឡើងរវាងម៉ូតូកង់បី១គ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BS-0007 (មានដឹកម៉ាស៊ីនឡានធុនធំពីលើទ្រុងរ៉ឺម៉កម៉ូតូកង់បី) បើកបរទិសដៅពីលិចទៅទិសខាងកើតលុះបើកបរដល់ចំណុចកើតហេតុ ម៉ូតូខាងលើបានគ្រវីចង្កូតរេទៅកណ្តាលទ្រូងផ្លូវ ស្រាប់តែមានរថយន្តធុនធំ០១គ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-8532 បើកបរពីលិចទៅកើត(ស្របទិសគ្នា) បានបុកម៉ូតូកង់បីខាងលើចំចំហៀងខាងឆ្វេងបណ្តាលឲ្យគ្រោះថ្នាក់តែម្តង។

សមត្ថកិច្ចបញ្ជាក់ថា ករណីនេះបណ្តាលឲ្យ ឈ្មោះ សៀម ពិសិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅក្នុងភូមិក្បាលស្ពាន២ (ជាអ្នកបើកបរម៉ូតូកង់បី)រងរបួសស្រាល, ឈ្មោះ សៀម ពិសី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅក្នុងភូមិក្បាលស្ពាន២ (ជិះម៉ូតូកង់បី)រងរបួសធ្ងន់ និងឈ្មោះ ជ្រូក ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅក្នុងភូមិក្បាលស្ពាន២ (ជិះម៉ូតូកង់បី) ស្លាប់នៅកន្លែងកើតហេតុ ។

ចំណែកអ្នកបើកបររថយន្តធុនធំ ពុំទាន់ស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់។

បច្ចុប្បន្ន រថយន្តនិងម៉ូតូកង់បីសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍និមិត្ត ដើម្បីរៀបចំសណុំរឿងតាមច្បាប់ ៕


ចែករំលែក៖