ខេត្តកណ្ដាល៖ ផ្ទះពលរដ្ឋមួយខ្នងត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យខូចខាតទាំងស្រុង បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិចុងកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្ដកណ្ដាល ។
មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ផ្ទះពលរដ្ឋដែលត្រូវអគ្គិភ័យឆាបឆេះគឺមានទំហ៊ំទទឹង៤ម៉ែត្រគុណនឹងបណ្តោយ៨ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក័សី ជារបស់ឈ្មោះ សៀន សុខភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។ ចំណែកទ្រព្យសម្បត្ដិបាត់បង់ និងខូចខាតមាន៖ ប្រាក់ដុល្លារចំនួន៣០០ដុល្លារសហរដ្ឋអាមេរិក, ទូទឹកកកមួយគ្រឿង, ម៉ាស៊ីបូមទឹក២គ្រឿង, ម៉ាស៊ីនកាត់ស្មៅ១គ្រឿង, ទូរទស្សន៍១គ្រឿង, គ្រែចំនួន៤, រ៉ឺម៉កដែកសំរាប់ដឹកចេកចំនួន១, កង្ហាចំនួន២គ្រឿង, ទុយយោបូមទឹ៧០ម៉ែត្រ, ធុងបាស់១ ម៉ាញ៉េ១, តុ១ និងសំលៀកបំពាក់មួយចំនួនទៀត ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ បុរសជាម្ចាស់ផ្ទះបានដឹកប្រពន្ធទៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ ដោយពុំបានបិតប្រព័ន្ធភ្លើងនៅក្នុងផ្ទះនោះ លុះមកដល់វេលាម៉ោងវេលាម៉ោងកើតហេតុ ស្រាប់តែផ្ទះជនរងគ្រោះត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឲ្យផ្អើលឆោឡោដល់ប្រជាពលរដ្ឋជិតខាង និងរាយការណ៍ជូនសមត្ថកិច្ចចុះមកធ្វើការអន្ដរាគមន៍ តែដោយសារភ្លើងមានសភាពឆេះខ្លាំង និងផ្លូវមានទំហ៊ំតូចចង្អៀតរថយន្ដពន្លត់អគ្គិភ័យមិនអាចចូលទៅពន្លត់បាននោះទេ ផ្ទះត្រូវបានឆេះខូចខាតទាំងស្រុងតែម្ដង ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ករណីខាងលើនេះ គឺបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី(ទុស្សេខ្សែភ្លើង)ទើបបានជាកើតមានភ្លើងឆេះបែបនេះ ៕ ស្អាងជ័យ