ព័ត៌មានទាន់ហេតុការណ៍៖

ធ្វេសប្រហែសតែមួយពព្រិចភ្នែកក្មេងប្រុសម្នាក់លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ ក្មេងប្រុសម្នាក់ លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ភូមិគេន្ទាក ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

ក្មេងរងគ្រោះឈ្មោះ ខ្នា រដ្ឋនា ប្រុស អាយុ ០៦ឆ្នាំ រស់នៅភូមិគេន្ទាក ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា តាមការបំភ្លឺរបស់ឈ្មោះ ស្រេង សារុន ប្រុស ២៣ឆ្នាំ ជាគ្រូបង្រៀននៅសាលាបឋមសិក្សាគេន្ទាក ឃុំសាគ្រាម បានបំភ្លឺថា នៅថ្ងៃកើតហេតុ គាត់បានឃើញកូនសិស្សឈ្មោះ ខ្នា រដ្ឋនី និងប្អូនប្រុស(ក្មេងរងគ្រោះ) បានមកលេងនៅក្នុងបរិវេណសាលា ហើយនាំគ្នាចុះដងទឹកក្នុងស្រះមកស្រោចផ្កា ស្រោចរួចឈ្មោះ ខ្នា រដ្ឋនី រវល់តែលេងឈូសស្បែកជើងភ្លេចប្អូន ក៏រត់ទៅមើលនៅមាត់ស្រះទឹកមិនឃើញ ក៏ស្រែកហៅឲ្យលោកគ្រូជួយប្អូនខ្ញុំលង់ទឹកហើយ លឺដូចនោះខ្ញុំបាទ និងអ្នកភូមិរត់មកមើល ហើយលោតចូលមុជរាវរកក្មេងរងគ្រោះក្នុងស្រះ ក៏ប្រទះឃើញស្រង់មកលើគោក ចាប់ផ្ដើមធ្វើចលនាដើម្បីសង្គ្រោះ តែក្មេងរងគ្រោះស្លាប់បាត់ទៅហើយមិនដឹងពីពេលណាទេ ។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្ដិ៍នគរបាលសាគ្រាម និងអាជ្ញាធរភូមិ បានចុះដល់កន្លែងកើតហេតុ និងពិនិត្យសាកសពរួចសន្និដ្ឋានបានថាក្មេងរងគ្រោះពិតជាស្លាប់ដោយសាលង់ទឹកប្រាកដមែន ដោយមិនពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌណាមួយឡើយ ។

មូលហេតុ ចុះលេងទឹកស្រះ ។ សមត្ថកិច្ចបានប្រគល់ សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖