ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកមេមត់ចុះឃាត់ខ្លួនបានទាំងចោរលួច និងអ្នកចែកចាយថ្នាំញៀន

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ជនសង្ស័យម្នាក់ដែលប្រជាពលរដ្ឋដាក់ពាក្យប្តឹងពីបទលួចយកឌីណាម៉ូ ត្រូវបាននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ចុះស្រាវជ្រាវឆែកឆេរ និងឃាត់ខ្លួន ថែមទាំងរកឃើញវត្ថុតាងដែលបាត់ និងថ្នាំញៀនទៀតផង ។

មន្ត្រីនគរបាលស្រុកមេមត់ឲ្យដឹងថា ជនសង្ស័យឈ្មោះហុង សាមី ហៅ ភី ឬមី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិព្រះពន្លា ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឃាត់ខ្លួននៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១០ និង៣០នាទី បន្ទាប់ពីទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ ផូ សាម៉េត ភេទប្រុស អាយុ ៣៧ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិជីប៉េះ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ អះអាងថាបានបាត់ឌីណាម៉ូ១គ្រឿង កម្លាំង១៦សេះ ពណ៌ខ្មៅ.ស ផលិតនៅប្រទេសអ៉ីតាលី ដែលដាក់ក្នុងរោងចាំចំការម្រេច ស្ថិតក្នុងភូមិឆ្ងរកណ្តាល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីយប់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៨ ។

ដោយមានដីកាឆែកឆេរពីលោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ កម្លាំងជំនាញនគរបាលយុត្តិធម៌បានចុះទៅដល់ផ្ទះចំការរបស់ជនសង្ស័យឈ្មោះ ហុង សាមី ហៅ ភី ឬមី បានធ្វើការឆែកឆេររកឃើញមានឌីណាម៉ូចំនួន០២គ្រឿង អាគុយម៉ាកហ្ស៊ីប៉េ (JP) និងនៅលើខ្លួនឃើញមានម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន១កញ្ចប់ធំ ។

ជនសង្ស័យសារភាពថា ចំពោះម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន១កញ្ចប់ធំ នោះខ្លួនបានទិញពីឈ្មោះ ចាប វ៉េត ភេទប្រុស រស់នៅភូមិបេង ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្នុងតម្លៃ ១៥០.០០០រៀល កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចវាលស្រែ។

ទទួលបានចម្លើយសារភាពភ្លាមកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ក៏បានសហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលរូង ឈានទៅការឃាត់ខ្លួនជនសង្ស័ម្នាក់ទៀត និងនាំមកអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ។

បច្ចុប្បន្នជនសង្ស័យទាំង ០២ នាក់ និងថ្នាំញៀន ០១ កញ្ចប់ធំ ត្រូវបាននគរបាលយុត្តិធម៌ និងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសដាក់ពន្ធនាគារតាមនីតិវិធី ដោយយោងតាមចម្លើយសារភាព និងវត្ថុតាងដែលយើងដកហូតចំពោះ ៕ វណ្ណៈ


ចែករំលែក៖