ភ្នំពេញ ៖ រថយន្ដ ISUZU មួយគ្រឿង បើកបរដោយបុរសម្នាក់ ទាំងស្ថានភាពស្រវឹងស្រា ក្នុងល្បឿនយ៉ាងលឿន បានរេចង្កូតឡើងសួនច្បារកណ្ដាលផ្លូវ រួចទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់១ដើម រួចជាប់កល់លើឃឿនបើកទៅមុខលែងរួច បង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗផងដែរ តែសមត្ថកិច្ចមិនឲ្យអ្នកសារព័ត៌មានថតម្ចាស់រថយន្តទៅវិញ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០២និង៥០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ នៅត្រង់ចំណុចមុខវត្តនិរោធរង្សីុ ស្ថិតលើកំណាត់ផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ដមួយគ្រឿងម៉ាក ISUZU ពាក់ស្លាកលេខ ភ្នំពេញ 2AT-7116 ដែលបើកបរដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងស្រា ធ្វើដំណើរទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿនដូចហោះ លុះមកដល់ចំណុចមុខវត្តនិរោធរង្សីុ មិនដឹងយ៉ាងម៉េចក៏រេចង្កូតបើកឡើងទៅលើឃឿនកណ្ដាលផ្លូវ រួចទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់១ដើម និងកល់ជាប់កង់ទាំង៤ ទើបបើកទៅមុខលែងរួច និងរងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេងខ្ទេចយ៉ាងដំណំ រីឯបង្គោលភ្លើងបាក់អស់១ដើម ទើបប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកកន្លែងកើតហេតុភ្លាមៗផងដែរ។
បន្តិចក្រោយមកក្រុមអ្នកយកព័ត៌មានបានចុះទៅដល់ដែរ រួចបានធ្វើការសាកសួរ តែសមត្ថកិច្ចមិនឲ្យអ្នកសារព័ត៌មានថតម្ចាស់រថយន្តនោះទេ ថែមទាំងព្យាយាមលាក់បាំងថា មិនមែនជាអ្នកបើកបររថយន្តបង្កនោះទៀត នេះហាក់បីជាមានអ្វីបាំងមុខសមត្ដកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលនិរោធដល់ហើយ បានជាអ្នកស្រវឹងហើយបើកបរ សមត្ថកិច្ចមិនឃាត់ខ្លួន ហើយព្យាយាមលាក់បាំងថែមទៀតនោះ បែបនេះទុកឲ្យមហាជនជាអ្នកពិចារណាតាមការគួរទៅចុះ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានមិនបានឃាត់អ្នកបើកបររថយន្តបង្កនោះទេ បែរជាបណ្ដោយឲ្យអ្នកបើកបររថយន្តបង្ក ប្រមូលសំភារៈយកទៅដាក់រថយន្តមួយគ្រឿងទៀតរួចជម្លៀសចេញពីកន្លែងកើតហេតុបាត់ ។ បន្ទាប់មកទើបឃើញមានសមត្ថកិច្ចផ្នែកចរាចរណ៍ខណ្ឌច្បារអំពៅ ហៅរថយន្តមកស្ទូចយករថយន្ដបង្កហេតុនោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីដោះស្រាយចំពោះការខូចខាតទ្រព្យសម្បត្តិរបស់រដ្ឋទៅតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ