ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទបានហើយរត់មិនរួចពីខ្នោះនគរបាលខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យចំនួន២នាក់បានធ្វើសកម្មភាពជិះម៉ូតូ ឆក់ទូរស័ព្ទពីជនជាតិបរទេស បានសម្រេចហើយ ព្យាយាមគេចខ្លួន តែត្រូវនគរបាលឃាត់ខ្លួនបានកាលពីវេលាម៉ោង ០១និង១០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវព្រះសីហនុ កែង ផ្លូវលេខ៥៥ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យ_ឈ្មោះ មឿន ប៊ុនលី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅ ផ្ទះជួល ផ្លូវលំ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលជាអ្នកបើកម៉ូតូ ។ ឈ្មោះ សុខ ឆេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅ ផ្ទះជួល ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលជាអ្នកធ្វើសកម្មភាពឆក់ ។ ជនសង្ស័យជិះម៉ូតូម៉ាក HONDA DREAM C125 ផលិតឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AY-9266 ។

សមត្ថកិច្ចបានឲ្យដឹងថា​ មុនពេលកើតហេតុជនរងគ្រោះបានដើរតាមដងផ្លូវកំពុងនិយាយទូរស័ព្ទស្រាប់តែជនសង្ស័យជិះម៉ូតូមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ បានសម្រេច ពេលនោះជនរងគ្រោះបានស្រែកឆោឡោ ហើយត្រូវបានកម្លាំងល្បាតរបស់ខណ្ឌ.ប៉ុស្តិ៍ ដែលនៅក្បែរនោះឃើញហេតុការណ៍ ក៏បានដេញប្រផាប់ចាប់ប្រផីង បណ្តាលឲ្យជនសង្ស័យ០២នាក់ ភ័យញ័ររ៉េចង្កូត ប៉ះជាមួយរថយន្តដួលម៉ូតូ ហើយត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះព្រួតវាយបណ្តាលឲ្យជនសង្ស័យម្នាក់របួសក្បាល នៅចំណុចផ្លូវលេខ២៨៨ កែងផ្លូវលេខ៦៣ ភូមិ៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយត្រូវកម្លាំងនាំខ្លួនមកប៉ុស្តិ៍ដើម្បីជៀសវៀងកំហឹងប្រជាពលរដ្ឋកាន់តែខ្លាំង ។

ជនរងគ្រោះមិនស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ជនជាតិបារាំង ។ (មិនបានមកដាក់ពាក្យបណ្តឹង) ។

សំភារះបាត់បង់ ទូរស័ព្ទដៃមួយគ្រឿងម៉ាក sansung ពណ៌ទឹកប្រាក់ ត្រូវបានជនសង្ស័យបោះចោលតាមផ្លូវ ពេលកំពុងជិះគេចខ្លួន ។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានកម្លាំងនគរបាលកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌដើម្បីចាត់ការបន្ត ៕ សុខាសែនជ័យ


ចែករំលែក៖