ព័ត៌មានទាន់ហេតុការណ៍៖

ប៊ែលធី ប្រារព្ធពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជូនដល់សិស្សថ្នាក់ទី១២ ជំ​នាន់​ទី​១៣ ចំនួន ១០៣៤នាក់

ចែករំលែក៖

ភ្នំពេញ៖ ព្រឹក​ថ្ងៃ​ទី​២៩​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ សា​លា​ ប៊ែល​ធី​ អន្តរ​ជាតិ​ ​ប្រា​រព្ធ​​ពិ​ធី​ប្រ​គល់​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុ​តិ​យ​ភូមិ​ ជូនដល់សិស្សប៊ែលធី ដែលបាន​ប្រ​ឡង​ជាប់​ថ្នាក់​ជាតិ​ ក្នុងឆ្នាំ​សិក្សា២០១៧​-​២០១៨ ​ជំ​នាន់​ទី​១៣ ​ចំ​នួន​១០៣៤​នាក់​ នៅ​សា​កល​វិ​ទ្យា- ​ល័យ ប៊ែល​ធី​ អន្តរ​ជាតិ (​​ទួល​ស្លែង​)​ ក្រោម​អ​ធិប​តី​ភាពដ៏ខ្ពង់ខ្ពស់ ឯក​ឧត្តមបណ្ឌិត​ លី​ ឆេង​ តំណាងរាស្រ្តមណ្ឌលភ្នំពេញ និង​ជា​អគ្គ​នា​យក ​ប៊ែល​ធី​គ្រុប​ និង​លោក​ជំ​ទាវ​។

លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធីគ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានអោយដឹងថា៖​ បច្ចុប្បន្ននេះ សាលា ប៊ែលធី​ អន្តរជាតិ មាន២២ សាខា​​ ក្នុងនោះ ១៩សាខា កំពុងដំណើរការ និង០៣សាខា កំពុងសាងសង់ ដែលមានសិស្សកំពុងសិក្សា ៤១.៤៥១នាក់។ សាលា ក៏បានបង្កើត កម្មវិធីសិក្សាបន្ថែមធំៗ ចំនួន ៨ សម្រាប់ថ្នាក់ចំណេះទូទៅ និង ភាសាអង់គ្លេស រួមមាន៖ ទី១.កម្មវិធីបង្កើនចំណេះដឹងទូទៅទី២.កម្មវិធីពង្រឹងស្មារតី ទី៣.កម្មវិធី ទស្សនកិច្ចសិក្សា ទី៤.កម្មវិធិសិក្សាតាមទូរទស្សន៍ ទី៥.កម្មវិធីប្រឡងសំណេរ ទី៦.កម្មវិធីប្រកួតប្រជែងគណិតវិទ្យា ទី៧.កម្មវិធីប្រកួតប្រជែង ទេពកោសល្យ​ និងទី៨.កម្មវិធីកីឡា ហើយក្នុងឆ្នាំសិក្សានេះ សាលាកំណត់យក ថ្នាក់វិទ្យាសាស្ត្រ ស្របតាមកម្មវិធីស្តែម (STEM: Science, Technology, Engineering, Mathematics) របស់ក្រសួងអប់រំ និងបង្កើតបន្ទប់ពិសោធន៍ (Laboratory) សម្រាប់ថ្នាក់ទី៧-១២ លើមុខវិជ្ជា៖ រូបវិទ្យា គីមីវិទ្យា និង ជីវវិទ្យា។ សាលាក៏បានបន្តបើកថ្នាក់បំប៉នបន្ថែម និងថ្នាក់ពិសេស សម្រាប់សិស្សថ្នាក់ទី៩ និងទី១២ផងដែរ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប បានកោតសរសើរចំពោះ សិស្សជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានជោគជ័យនាពេលនេះ។ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះ មាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ ដែលបានផ្តល់​ឱកាស និងជំរុញ​ឲ្យកូនៗបានសិក្សាបន្ថែមនៅផ្ទះ និងគោរពវិន័យសាលាបានល្អ។ លើសពីនេះទៀត ឯកឧត្តមបណ្ឌិត ក៏បានកោតសរសើរចំពោះ សិស្សប៊ែលធីថ្នាក់ទី១២ ដែលរក្សាបាន ជើងឯកលេខ១ និងលេខ២ ទូទាំងប្រទេសជាប់ៗគ្នារយៈពេល ០៤ឆ្នាំ ​ ហើយឆ្នាំ២០១៨នេះ សិស្ស ប៉េង គីមហេង ក៏បានរក្សាជើងឯកលេខ២និទ្ទេស A លេខ២ ទូទាំងប្រទេស និងមានសិស្សនិទ្ទេសA ៤២រូបផងដែរ ឆ្នាំ២០១៧ មានសិស្សនិទ្ទេសA ២៦រូប ឆ្នាំ២០១៦ មានសិស្សនិទ្ទេសA ២០រូប និងឆ្នាំ២០១៥ មានសិស្សនិទ្ទេសA ៦រូប សរុបសិស្សនិទ្ទេសA ទាំង ៤ឆ្នាំ មានចំនួន ៩៤រូប។

ឯកឧត្តមបណ្ឌិត លី ឆេង ក៏បានបន្ថែមទៀតថា ដោយមានការសំណូមពរពីមាតាបិតា អាណាព្យាបាល និងសិស្ស-និស្សិត ក្នុងឆ្នាំ២០១៨​នេះ សាកលវិទ្យាល័យ ប៊ែល​ធី​ អន្តរ​ជាតិបានបើកកម្មវិធីសិក្សាជាភាសាជាតិ បន្ថែមលើកម្មវិធីសិក្សាអន្តរជាតិដែលមានស្រាប់ ដោយបង្រៀនជាពីរភាសា គឺភាសាខ្មែរ រួមជាមួយភាសាអង់គ្លេស និងផ្តល់ជូនថ្នាក់បំប៉នភាសាអង់គ្លេស ៤០ក្រេឌីត និងកុំព្យូទ័រ ១ឆ្នាំដោយឥតគិតថ្លៃ ដើម្បីបំពេញសេចក្តីត្រូវការ និងផ្តល់ភាពងាយស្រួលជូនដល់និស្សិតក្នុងការសិក្សា និងទទួលបាននូវគុណភាពអប់រំខ្ពស់ក្នុងកម្រិតថ្នាក់ឧត្តមសិក្សា។ សាកលវិទ្យាល័យ មានកម្មវិធីសិក្សា ០៥ ធំៗដូចជា៖ ថ្នាក់បំប៉នភាសាអង់គ្លេស ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចូលរៀន ១ឆ្នាំ ២ដងគឺ ខែតុលា និងខែមីនា ដោយសិក្សាលើមុខជំនាញសំខាន់ៗ ដែលស្របនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងទៅអនាគតស្របតាម​សម្ព័ន្ធអប់​រំ​អា​ស៊ាន​ “​ជំ​នាញ​អ​នា​គត​ សម្រាប់​អា​ជីព​អ​នា​គត​”​។ ឯក​ឧត្តម​បណ្ឌិត ក៏បានបន្ថែមទៀតថា ក្នុងឆ្នាំ២០១៩នេះ សាលា ប៊ែល​ធី​ អន្តរ​ជាតិ និងសាកលវិទ្យាល័យ ប៊ែល​ធី​ អន្តរ​ជាតិ នឹងបើកភាសា ចិន ជប៉ុន និងបារាំង ដើម្បីឲ្យសិស្ស-និស្សិតមានចំណេះដឹងច្រើនភាសា ងាយស្រួលទៅធ្វើការនៅក្រៅប្រទេសផង។ ឯក​ឧត្តម​បណ្ឌិត ក៏​បាន​ផ្តាំ​ផ្ញើ​ដល់​ក្មួយៗ​ សិស្ស​ជ័យ​លា​ភី​ឲ្យ​ខិត​ខំយកចិត្តទុកដាក់​បន្ត​ការ​សិក្សា​បន្ថែម​ទៀត​នៅ​ថ្នាក់​ឧត្តម​សិក្សា​ដើម្បី​បង្កើន​ចំ​ណេះដឹង​របស់​ខ្លួន ​ដណ្តើម​ទី​ផ្សារ​ការ​ងារ​ជាតិ​ និង​អន្តរ​ជាតិ​ ព្រម​ទាំង​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ក្នុងការអភិវឌ្ឍសង្គមជាតិទាំងមូល។បន្ទាប់​មក ​ឯក​ឧត្តម បណ្ឌិត ​ប្រ​ធាន​គណៈ​អ​ធិប​តី​ ក៏​បាន​ចូល​រួម​អប​អរ​សា​ទរ​ និង​ប្រ​គល់​សញ្ញា​បត្រ​ដល់​សិស្ស​ជ័យ​លាភី​ទាំង​ ១០៣៤​នាក់​ នា​ពេល​នោះ​ផង​ដែរ​ ៕ សរស្មី


ចែករំលែក៖