ភ្នំពេញ ៖ បុរស២នាក់ បានអង្គុយដោះដូរកង់រថយន្តនៅលើចិញ្ចើមផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតបើកលឿនមិនប្រយ័ត្ន ក៏ជ្រុលបុកពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ ហើយត្រូវបានរថយន្តកងពលតូចលេខ៧១១ ដឹកទៅមន្ទីរពេទ្យ តែដោយអកុសលជនរងគ្រោះម្នាក់បានស្លាប់ពេលដឹកបញ្ជូនដល់មន្ទីរពេទ្យ ។
ហេតុការណ៍ការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៥០នាទីព្រលប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិអូដឹមសង្កាត់ ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះ ដែលរងរបួសបាក់ជើង ឈ្មោះ ភី ចំណាន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិអូរដឹម សង្កាត់ចោមចៅ៣ មានស្រុកកំណើតភូមិត្រឡោកបែក ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល រងរបួសបាក់ជើងស្តាំ ។ ដោយឡែកសពនៅមិនទានស្គាល់ឈ្មោះនោះទេ។ ចំណែកអ្នកបើកបររថយន្តឈ្មោះ សំ មុំ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ បើកបររថយន្តឈ្នួល មានទីលំនៅ ភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។
តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ រថយន្ត សុីណាពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-4857 បើកល្បឿនលឿនពីកើតទៅលិច លុះដល់ចំណុចខាងលើ បែកកង់មុខខាងស្តាំ រេចង្កូតជ្រុលទៅបុកបង្គោលភ្លើង ហើយខណៈដែល ម្ចាស់កំពុងធ្វើការដោះប្តូរកង់ ស្រាប់តែ រថយន្តម៉ាក សាំយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2AA -0874 បើក ពីកើតទៅលិច ល្បឿនលឿនជ្រុលទៅបុកជនរងគ្រោះ២នាក់ហើយ រុញផ្ទប់ នឹងរថយន្តតែម្តង និងបុកម៉ូតូ មួយគ្រឿងម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GD-5566 ដែលបញ្ឈនៅក្បែរនោះបណ្តាលអោយរងការខូចខាត។
ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុមៈ តែជាអកុសល ជនរងគ្រោះម្នាក់ ជាអ្នកបើកបររថយន្ត សុីណា បានស្លាប់ ។ ចំណែករថយន្តទាំង២គ្រឿងម៉ូតូមួយគ្រឿង រួមទាំងអ្នកបើកបរ រថយន្តសាំយ៉ុង ម្នាក់ផង ត្រូវបានសមត្ថកិច្ច ឃាត់ នាំយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ