ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករអន្តរជាតិ៣ប្រទេសប៉ះជាមួយខ្មែរក្នុងព្រឹត្តិការណ៍ KHMER FIGHT របស់TV5

ចែករំលែក៖

ភ្នំពេញ៖ កម្មវិធីកីឡាប្រដាក់ “KHMER FIGHT” នឹងមានកីឡាករប្រដាល់អន្តរជាតិ៦រូបប៉ះគ្នាយ៉ាងកក្រើកនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងនៅសង្វៀន ទីលានពហុកីឡាដ្ឋានជាតិ មរតកតេជោ ហើយការប្រកួតនេះក៏ អបអរសាទរ ពិធីសម្ពោធ វិមានឈ្នះ ឈ្នះ និង ខួបលើកទី២០ឆ្នាំ ទិវានយោបាយ ឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាល។

អ្នកនាង រស់ ម៉ាឡែន ប្រធានគ្រប់គ្រងផ្នែកទីផ្សារស្ថានីយទូរទស្សន៍លេខ៥បានឱ្យដឹងថា ដើម្បីអភិរក្ស ថែរក្សា មរតកសិល្បៈការតស៊ូ របស់ខ្មែរ ដែលមានតាំងពីបុរាណកាលមក ឲ្យនៅ គង់វង្ស និង ផូរផង់ក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា និង ជាពិសេស ដើម្បីលើកតម្កើង លើកស្ទួយ មរតកក្បាច់គុណខ្មែរឲ្យរីកចំរើនឆ្ពោះទៅកាន់ពិភពលោក ឲ្យពិភពលោកបានស្គាល់យ៉ាងច្បាស់ នូវអត្តសណ្ណាណសិល្បៈក្បាច់គុនរបស់ខ្មែរ នៅលើឆាកអន្តរជាតិផងនោះ ស្ថានីយ៍ទូរទស្សន៍ កងយោធពលខេមរភូមិន្ទ ប៉ុស្តិ៍លេខ៥ ដោយមានការគាំទ្រយ៉ាងពេញទំហឹង ពីក្រសួងអប់រំ យុវជន និង កីឡា គណៈកម្មការជាតិអូឡាំពិកកម្ពុជា និង សហព័ន្ធប្រដាល់គុនខ្មែរ បានរៀបចំបើកទំព័រសគ្គរាជ្យថ្មី នៃការប្រកួតប្រដាល់” KHMER FIGHT ” ។

អ្នកគ្រប់គ្រងទូទៅរបស់ស្ថានីយទូរទស្សន៍លេខ៥រូបនេះបានបញ្ជាក់ថា ព្រឹត្តិការណ៍ដ៏ធំ និង ដំបូងបង្អស់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨ ចាប់ពីម៉ោង ៧ និង ០០នាទីតទៅ នៅក្នុងទីលាន ពហុកីឡាដ្ឋានជាតិ មរតកតេជោ ដើម្បីចូលរួម អបអរសាទរ ពិធីសម្ពោធ វិមានឈ្នះ ឈ្នះ និង ខួបលើកទី២០ឆ្នាំ ទិវានយោបាយ ឈ្នះ ឈ្នះ។

ព្រឹត្តិការណ៍ ” KHMER FIGHT ” ដែលជាព្រឹត្តិការណ៍ដ៏ធំនាថ្ងៃទី ៣១ ខែធ្នូឆ្នាំ២០១៨ នឹងមានកីឡាករប្រដាល់ល្បីៗ នៃព្រះរាជាណាចក្រកម្ពុជាចំនួន ៦រូប ជួបប្រកួតជាមួយ កីឡាករល្បីៗ មកពីប្រទេសថៃ ២រូប មកពីប្រទេស Tunisia ២រូបនិង មកពីប្រទេស Morocco ចំនួន ២រូប ។

សូមបញ្ជាក់ថា ស្ថានីយ៍ទូរទស្សន៍ កងយោធពលខេមរភូមិន្ទ ប៉ុស្តិ៍លេខ៥ ធ្វើការផ្សាយផ្ទាល់ពីព្រឹត្តិការណ៍នេះ និង ដើម្បីអប អរសាទរ ព្រមទាំងលើកទឹកចិត្តដល់កីឡាករ សូមអញ្ជើញចូលរួមបើកទំព័រសករាជ្យថ្មី នៃការប្រកួត “KHMER FIGHT” និងចូលរួមទស្សនាផ្ទាល់នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ចាប់ពីវេលាម៉ោង ២២ និង ០០នាទី តទៅ នៅសង្វៀន ទីលានពហុកីឡាដ្ឋានជាតិ មរតកតេជោ ៕ វឌ្ឍនា


ចែករំលែក៖