ភ្នំពេញ៖ បុរសម្នាក់ជាអ្នករត់ម៉ូតូឡាំប្រឺតាPassApp ខណៈដែលភ្ញៀវបរទេស២នាក់ ជួលជិះដើរលេងកម្សាន្តក្នុងរាជធានីភ្នំពេញ ហើយបានចូលក្នុងម៉ាតមួយកន្លែងនៅម្តុំស្តុបបូកគោ ក្នុងបំណងទិញអីវ៉ាន់ ប៉ុន្តែពេលនោះភ្ញៀវបានភ្លេចទូរស័ព្ទនៅលើម៉ូតូមួយភ្លេតក៏ចេញពីក្នុងម៉ាតវិញ និងសួរនាំទៅអ្នកបើកPassApp បែរជាបដិសេធថាមិនបានយក ចុងក្រោយប្រជាពលរដ្ឋជួយប្តឹងទៅសមត្ថកិច្ច ទើបយកមកប្រគល់ឲ្យជនរងគ្រោះវិញ ។
ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១២ និង៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានជនបរទេសចំនួន២នាក់ ជួលម៉ូតូឡាំប្រឺតា (PassApp) ជិះដើរលេងកម្សាន្តក្នុងរាជធានីភ្នំពេញ ហើយបានចូលក្នុងម៉ាតមួយកន្លែងនៅម្តុំស្តុបបូកគោ ក្នុងបំណងទិញអីវ៉ាន់ ប៉ុន្តែពេលនោះភ្ញៀវបានភ្លេចទូរស័ព្ទម៉ាក Iphone7នៅលើម៉ូតូមួយភ្លេតក៏ចេញពីក្នុងម៉ាតវិញ និងសួរនាំទៅអ្នកបើកPassApp បែរជាបដិសេធថាមិនបានយក ។ បន្ទាប់មកជនរងគ្រោះក៏បានជួបនិងបុរសជនជាតិខ្មែរ២នាក់ ឲ្យជួយមើលសញ្ញាអាយខ្លោតដែលគាត់បានដាក់ក្នុងទូរស័ព្ទ ក៏លោតតាមសញ្ញានោះ រហូតដល់ម្តុំបុរីឡាយគង់ ម្តុំចំការដូង ហើយក៏ភាគីខាងជនបរទេសក៏បានដល់ទីតាំងនោះនិងចរចារជាមួយអ្នករត់Pass Appម្តងទៀត អស់រយះពេលយូរ តែបុរសនោះនៅតែបដិសេធដដែល ដោយសារមិនទទួលកំហុស ទើបបុសរខ្មែរ២នាក់ ដែលជួយជនបរទេសខាងលើ រាយការណ៍ទៅប្រាប់នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ដង្កោ ដើម្បីឲ្យសមត្ថកិច្ចចុះអន្តរាគមន៍ ។
ក្រោយពីឃើញសមត្ថកិច្ច ទើបភាគីខាងអ្នករត់Pass App បានព្រមប្រគល់ទូរស័ព្ទរបស់ជនរងគ្រោះវិញ ។ ចំណែកបុរសរូបនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅអប់រំណែនាំ រួចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ព្រោះភាគីខាងម្ចាស់ទូរសព្ទមិនបានដាក់ពាក្យបណ្តឹងនោះទេ ៕ភារ៉ាដង្កោ