ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបើករថយន្តដឹកដីម្នាក់ដេកស្លាប់លើអង្រឹងដោយសារជំងឺខ្យល់គរ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសដែលគេស្គាល់ថា ជាអ្នកបើករថយន្តដឹកដីម្នាក់ ត្រូវបានម្ចាស់ផ្ទះជួសជុលរថយន្ត ប្រទះឃើញដេកស្លាប់លើអង្រឹង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យភ្លាមៗទំនងខ្យល់គរ ។

ហេតុការណ៍នេះ បានបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ យ៉េន សារ៉ន អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ រថយន្តដឹកដី មានទីលំនៅភូមិទឹកអណ្ដូង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

ប្រភពបន្តថា ចំណែកម្ចាស់រោងជួសជុលរថយន្តមានឈ្មោះញឹម វាសនា​ ភេទប្រុស​ អាយុ​២៩ ស្ថិតក្នុងភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។

ក្រោយពីមានសេចក្ដីរាយការណ៍ភ្លាម សមត្ថកិច្ចក្រុងនគរបាលជំនាញប៉ុស្តិ៍ រដ្ឋបាល និងគ្រូពេទ្យបានចុះមកពិនិត្យសពឃើញថា មិនមានស្លាកស្នាមអ្វីដែលសម្គាល់ថាជារឿងឃាតកម្មនោះទេ ពិត​ជា​ស្លាប់​ ដោយសារ​ជំងឺ​ថប់​ដង្ហើម​ (ខ្យល់​គរ)​ពិតប្រាកដមែន។

តាមម្ចាស់ផ្ទះបានឲ្យដឹងថា មុនកើតហេតុបុរសរងគ្រោះបានជិះរថយន្តមកឲ្យគាត់ជួសជុលរហូតមកដល់ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ស្រាប់តែមានការភ្ញាក់ផ្អើលគ្រប់ៗគ្នា ខណៈប្រទះឃើញបុរសខាងលើ ដេកស្លាប់លើអង្រឹងតាំងពីពេលណានោះទេ ទើបរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានតែម្ដង។

បច្ចុប្បន្ន​​សាកសព​ ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន ធ្វើកំណត់ហេតុប្រគល់​ជូន​ ក្រុម​គ្រួសារ​សព​ឈ្មោះ​ផាត​ សាវី​ ភេទ​ប្រុស​ ត្រូវ​ជា​បងថ្លៃ​ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ យឹម សុថាន


ចែករំលែក៖