ភ្នំពេញ៖ ម៉ូតូម៉ាកហ្វីនណូមួយគ្រឿងជិះឌុបគ្នាក្នុងល្បឿនលឿន ខណៈមកដល់ចំណុចផ្លូវបំបែកជាបួនមិនប្រយ័ត្នជ្រុលបុកម៉ូតូម៉ាក ប៊ីត ដែលជិះដោយយុវជនពីរនាក់ចំពាក់កណ្ដាលម៉ូតូពេញទំហឹង បណ្ដាលឲ្យយុវជនម្នាក់ដែលជិះខាងក្រោយរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង២៣និង០០នាទីយប់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវបំបែកជាបួន ផ្លូវលេខ១៩៩កែងផ្លូវលេខ៣៧៤ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំកាមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជនពីរនាក់ជិះម៉ូតូម៉ាក ប៊ីត ពណ៍ខៀវលាយស ពាក់ស្លាកលេខ កណ្ដាល1Z-8628 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៧៤ បានឆ្លងកាត់ផ្លូវលេខ១៩៩ ខណៈដែលកំពុងឆ្លងផ្លូវក៏ត្រូវម៉ូតូមួយគ្រឿងទៀតម៉ាក ហ្វីនណូ ពាក់ស្លាកលេខ ភ្នំពេញ1GA-0201 ជិះគ្នា៣នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៩៩ ក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលបុកចំពាក់កណ្ដាលម៉ូតូប៊ីតចំពាក់កណ្ដាលពេញទំហឹង បណ្ដាលឲ្យម៉ូតូទាំងពីរគ្រឿងដួលទៅនឹងថ្នល់រងរបួសធ្ងន់ម្នាក់ ។
ក្រោយពីកើតហេតុរថយន្ដសង្គ្រោះបន្ទាន់បានទៅដឹកជនរងគ្រោះម្នាក់ដែលរបួសធ្ងន់ដើម្បីជួយសង្គ្រោះភ្លាមៗ ចំណែកម៉ូតូទាំងពីរគ្រឿងសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននរគរបាលខណ្ឌចំកាមនដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕ ភារ៉ា ដង្កោ