ភ្នំពេញ៖ ជនសង្ស័យចំនួន៤នាក់បានធ្វេីសកម្មភាពលួចទូរស័ព្ទពីម្ចាស់ផ្ទះសំណាក់រីសុខុមបានសម្រេចកាលពីវេលាម៉ោង២រំលងអធ្រាត្រ ចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិក្បាលរំដី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ហេីយព្យាយាមគេចខ្លួនទៅសំងំដេកក្នុងផ្ទះសំណាក់ “ឋានសួគ៌” ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ធ្វើដូចគេមិនដឹង ត្រូវបានម្ចាស់មកតាមប្តឹងប៉ូលិសប៉ុស្តិ៍ចោមចៅ៣ ទៅឃាត់ខ្លួន នៅក្នុងផ្ទះសំណាក់ឋានសួគ៌ ប្រគល់មកឲ្យម្ចាស់ករណីនគរបាលប៉ុស្ដិ៍កាកាបទី២ចាត់ការបន្ត។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ម៉េង សេរីរ័ត្ន ភេទស្រី អាយុ២៧ឆ្នាំ មុខរបរ ម្ចាស់ ផ្ទះសំណាក់ “រី សុខុម” ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ រីឯទូរស័ព្ទ ដែលជនសង្ស័យឆក់យកបាន ម៉ាក I phone 8 plush ពណ៌ស តម្លៃ៩០០ដុល្លារ។
ចំណែកជនសង្ស័យទាំង៤នាក់ ទី១-ឈ្មោះ បុល សុខជាតិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ជាងជួសជុលម៉ាស៊ីនត្រជាក់ ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ស្រុកស្អាង ខេត្តកណ្តាល។ ទី២-ឈ្មោះ ស្រេន ស្រេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ប៉ះកង់ ស្នាក់នៅភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ មានស្រុកកំណើត ភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ ទី៣-ឈ្មោះ ថន មករា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ជាងជួសជុលម៉ាស៊ីនត្រជាក់ ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម មានស្រុកកំណើតភូមិព្រែកតាសេក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។ ទី៤-ឈ្មោះ សម្បត្តិ បូរិន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
តាមសម្តីស្រ្តីរងគ្រោះ បានឲ្យដឹងថា ខណៈដែលខ្លួនកំពុងតែដេកសម្រាក មើលការខុសត្រូវក្នុងផ្ទះសំណាក់ នៅវេលាអធ្រាត្រចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ត្រូវបានជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូ២គ្រឿង ចូលទៅធ្វើសកម្មភាពលួចយកទូរស័ព្ទដៃ បានសម្រេចហើយនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ តែក្រុមជនសង្ស័យ ពិតជាចំថ្ងៃស៊យហើយ ទូរស័ព្ទដែលពួកគេលួច មានភ្ជាប់ GPS ទើបជាការងារ ដឹងគោលដៅយកទៅ ស្គាល់ដឹងកន្លែង ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ ចុះទៅឃាត់ខ្លួនបាន ជនសង្ស័យទាំង៤នាក់ កំពុងនៅសម្រាកក្នុងផ្ទះសំណាក់ ឋានសួគ៌ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣។
ក្រោយពីចាប់ខ្លួនបានក្រុមជនសង្ស័យ សមត្ថកិច្ចដកហូតបានទូរស័ព្ទដៃ របស់ជនរងគ្រោះមកវិញ ម៉ូតូចំនួន២គ្រឿង ម៉ាកហុងដា សេ១១០ ស៊េរី២០១២ និង ម៉ាកហុងដាវ៉េវ ទូរស័ព្ទសរុប៥គ្រឿង រួចនាំខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍កាកាប២វិញ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានបន្ត ថា ខណៈដែលកម្លាំងជំនាញកំពុងសាកសួរ លើជនសង្ស័យសរាប់តែទូរស័ព្ទរបស់ក្រុមជនសង្ស័យដែលដកហូតបាននោះ មួយគ្រឿងម៉ាក សាំសុង បានរោទ៍ លុះសមត្ថកិច្ចចុចលើកទទួល ទើបដឹងថា ជាម្ចាស់ទូរស័ព្ទ ក្រុមជនសង្ស័យទាំងនេះឆក់យកបានដែរ។
ក្រុមជនសង្ស័យមួយក្រុមខាងលើនេះ ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ ២ករណីផ្សេងគ្នា មួយគ្រឿងយកបាន ម៉ាកសាំសុង និងមួយគ្រឿងទៀត ម៉ាក I phone ។ក្រោយចាប់ឃាត់ខ្លួនជនសង្ស័យរួម និងវត្ថុតាងបញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បន្តតាមនីតិវិធី៕សុខាសែនជ័យ