ខេត្តកណ្ដាលៈ បុរសម្នាក់ទទួលរងរបួសធ្ងន់ ខណៈបើកបរម៉ូតូដោយល្បឿនលឿនមិនប្រយ័ត្ន បានជ្រុលទៅបុកគូថរថយន្ដពីក្រោយពេញមួយទំហឹង ដែលចតលើចិញ្ចើមផ្លូវកំពុងជួសជុល បណ្ដាលឲ្យបុរសជាអ្នកបើកបរម៉ូតូទទួលរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង នៅវេលាម៉ោង១៩និង១២នាទី ថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០១៨ លើកកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣២-៣៣ ស្ថិតក្នុងភូមិពោធិ៍តូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់ពុំទាន់ស្គាល់អត្ដសញ្ញាណ បើកបរម៉ូតូម៉ាកម៉ាកហុងដា ZOOMERX ធុនសេ១២៥ ពណ៌សលាយទឹកក្រូច រីឯរថយន្ដម៉ាកNISSAN ប្រភេទបែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C-7996 បើកបរដោយឈ្មោះ ទួន សោភ័ណ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិក្រឡាញ់ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដម៉ាក NISSAN ប្រភេទបែន ខាងលើធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចទៅកើត លុះបើកមកដល់ចំណុចកើតហេតុ រថយន្ដខាងលើបានខូច ភ្លាមនោះម្ចាស់រថយន្ដបានចតរថយន្ដរបស់ខ្លួននៅលើចិញ្ចើមផ្លូវ ដោយមានដាក់មែកឈើ និងការ៉ុងពណ៌សជាសញ្ញាសម្គាល់នៅពីក្រោយរថយន្តផងដែរ រួចធ្វើការជួសជុលតែម្ដង ខណៈក៏ស្រាប់តែម៉ូតូមួយគ្រឿងបើកដោយល្បឿនលឿន មិនប្រយ័ត្ន ក៏បានជ្រុលទៅបុកគូថរថយន្ដពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូទទួលរងរបួសធ្ងន់ ។ ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ស្រុកបានចុះអន្ដរាគមន៍ ហៅរថយន្ដសាមុយដឹកជនរងគ្រោះទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យរាជធានីភ្នំពេញ រីឯមធ្យោបាយពាក់ព័ន្ធត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែង និងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ