ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ លោក សៅ វណ្ណសេរីវុធ មានបញ្ហាច្រើនទាំងលើគោក និងក្នុងទឹក

ចែករំលែក៖

បទល្មើសនេសាទ​នៅតំបន់​បឹងទន្លេសាប​ក្នុងស្រុក​កំពង់ស្វាយ ស្ថិតក្រោម​ការទទួលខុសត្រូវរបស់លោកសៅ វណ្ណសេរីវុធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយ ។ រីឯបទល្មើសនៃការកាប់ទន្ទ្រានដីព្រៃលិចទឹក ក៏ស្ថិតក្រោមការទទួលខុសត្រូវ របស់លោក សៅ វណ្ណសេរីវុធ ដែរ ។ ទាំងពីរករណីនេះ អាជ្ញាធរខេត្តកំពង់ធំ ក្រោមការដឹកនាំរបស់លោក សុខ លូ មិនដែលខ្វល់ និងមានចំណាត់ការចំពោះជនពុករលួយខាងលើនេះឡើយ ។ ហេតុនេះ​បានជាបទល្មើស​នៅតែកើតឡើង ទាំងបទល្មើសនេសាទ ក៏ដូចជា​បទល្មើសនៃការកាប់បំផ្លាញព្រៃលិចទឹក ។

ប្រភពរាយការណ៍ថា បទល្មើសនេសាទ បានកើតឡើងយ៉ាងគគ្រឹកគគ្រេង ដោយគ្រាន់តែឈ្មួញល្បីឈ្មោះនៅតំបន់​បឹងទន្លេសាប បង់ប្រាក់​ឲ្យលោក សៅ វណ្ណសេរីវុធ ជាការស្រេច ។ ឈ្មួញធំៗ ដែលធ្វើសកម្មភាព ដោយសេរីនៅតំបន់បឹងទន្លេសាប មានឈ្មោះ រ៉ូ, ហឿន, គន និង អាម៉ង់ ជាដើម ពួកអ្នកនេសាទទាំងនេះ ជាអ្នកបោះលុយ​ឲ្យលោក សៅ វណ្ណសេរីវុធ ទើបអាចប្រព្រឹត្ត​ល្មើសបាន ។ ឧបករណ៍នេសាទល្មើសច្បាប់រាប់ពាន់ម៉ែត្រ​បានធ្វើសកម្មភាពជាចំហរនៅលើផ្ទៃទឹក នៅចំណុចភូមិសានគរ ស្រុកកំពង់ស្វាយ ។ ពួកឈ្មួញទាំងនេះ​និយាយជាចំហរថា «ខ្ញុំបង់លុយឲ្យបង វុធ រួចហើយ ទើបអាចនេសាទបានដោយសេរី» ។

រីឯបទល្មើសនៃការកាប់ទន្ទ្រានព្រៃលិចទឹកនៅតំបន់៣ ស្ថិតក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ក៏កំពុងកើតមានយ៉ាងគគ្រឹកគគ្រេងក្រោមដែនសមត្ថកិច្ចរបស់លោក សៅ វណ្ណសេរីវុធ នោះដែរ ។ ប្រភពពីប្រជាពលរដ្ឋ​ដែលស៊ីឈ្នួលកាប់ព្រៃលិចទឹក បានឲ្យដឹងថា សកម្មភាពឈូសឆាយ​ដីព្រៃលិចទឹក នៅតំបន់ព្រះស្នែង ដែលកំពុងប្រព្រឹត្តទៅ​យ៉ាងគគ្រឹកគគ្រេងសព្វថ្ងៃនេះ​មានការឃុបឃិតពីមន្ត្រីរដ្ឋបាលជលផលឈ្មោះ សៅ វណ្ណសេរីវុធ ។ ពួកមន្ត្រីជំនាញទាំងនេះ​ត្រូវបានគេអះអាងថា មិនដែលខ្វល់នឹងការចុះបង្ក្រាបបទល្មើសអ្វីទេ គឺគិតតែ​ប្រមូលប្រាក់​ពី អ្នកប្រព្រឹត្តល្មើសតែប៉ុណ្ណោះ ។ ពួកមន្ត្រីជលផលទាំងនេះ​ក្លាយទៅជាអ្នកចាំផ្លូវឲ្យអ្នកប្រព្រឹត្តល្មើសទៅវិញ ។

ក្រុមមន្ត្រីនៃមន្ទីរកសិកម្មខេត្តកំពង់ធំបានឲ្យដឹងថា លោក សៅ វណ្ណសេរីវុធ អាងខ្នង​លោក ប៉ែន វណ្ណរិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ គួបផ្សំនឹងភាពព្រងើយកន្តើយ​របស់​ថ្នាក់ដឹកនាំខេត្តទៀតផងនោះ ទើបធ្វើឲ្យ​បទល្មើសនេសាទ​នៅក្នុងបឹងទន្លេសាប ក៏ដូចជា​សកម្មភាពនៃការកាប់ទន្ទ្រានដីព្រៃលិចទឹក នៅក្នុងស្រុកកំពង់ស្វាយ​កើតឡើងយ៉ាងគគ្រឹកគគ្រេង បទល្មើសទាំងនេះ គឺវាស់ស្ទង់សមត្ថភាពដឹកនាំ​របស់លោកសុខ លូ អភិបាលខេត្តកំពង់ធំនោះឯង ។ ការព្រងើយកន្តើយ​សមត្ថភាពខ្សោយៗរបស់លោកអភិបាលខេត្ត ទើបធ្វើឲ្យ​បទល្មើសកើតឡើងយ៉ាងគគ្រឹកគគ្រេង​និងជាចំហរ ៕


ចែករំលែក៖