ខេត្តកណ្តាល ៖ នាយប់ឆ្លងឆ្នាំថ្មី២០១៨-២០១៩ មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងម៉ូតូ២គ្រឿង បុកគ្នាពេញទំហឹង បណ្តាលឱ្យស្លាប់ម្នាក់ នៅពេលបញ្ជូនទៅមន្ទីរពេទ្យ។ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅថ្ងៃចន្ទ ៩រោច ខែមិគសិរ ឆ្នាំចសំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ១៧.១៨ ចំណុចភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សាក្សីបានឲ្យដឹងថា ករណីនេះ បង្កឡើងដោយ ម៉ូតូHONDA CUB 90មូល ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខគ្មាន បើកបរដោយឈ្មោះ សុន សុផារី ភេទស្រី អាយុ៣៨ឆ្នាំ (ស្លាប់នៅពេលបញ្ជូនទៅមន្ទីរពេទ្យ) និងមានលំនៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនរងគ្រោះបានបើកម៉ូតូឆ្លងកាត់ថ្នល់ ពីត្បូងទៅជើង លុះពេលបើកមកដល់ កន្លែងកើតហេតុខាងលើ បានបុកជាមួយ ម៉ូតូមួយគ្រឿងទៀតម៉ាក Honda dream 125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1L- 0116 បើកបរដោយឈ្មោះ ស៊ឹម ចាន់ថន ភេទប្រុស អាយុ ១៨ឆ្នាំ (រងរបួសធ្ងន់) មានទីលំនៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ដែលបើកម៉ូតូក្នុងទិសដៅពីកើតទៅលិច (អ្នកលឿងភ្នំពេញ)។
ក្រោយកើតហេតសមត្ថកិច្ចចុះទៅវាស់វែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្នាន នគរបាលស្រុកកៀនស្វាយ។
បើតាមការសន្និដ្ឋាន របស់សមត្ថកិច្ចថា ករណីនេះ បង្កឡើងដោយ អ្នកបើកបរម៉ូតូ ដែលបើកឆ្លងកាត់ថ្នល់ មិនបានពិនិត្យគ្រប់ជ្រុងជ្រោយ មុនពេលឆ្លងកាត់ថ្នល់ ហើយអ្នកបើកម៉ូតូផ្លូវត្រង់មានល្បឿនលឿនក៏បុកគ្នាទាំងកំរោលតែម្តង ៕ សហការី