ខេត្តកំពង់ស្ពឺ: បុរសម្នាក់បានបញ្ចប់ជីវិតដោយ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួននៅលើដើមដូង បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ និង ៤៥នាទីយប់ថ្ងៃអង្គារ ១០កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិព្រៃឃ្លោយ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយសង្ស័យថា មានវិបត្តិក្នុងគ្រួសារ ។
មន្រ្តីនគរបាលព្រហ្មទណ្ឌ ស្រុកគងពិសីបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អែម ស៊ាន ភេទប្រុស អាយុ៤៦ ឆ្នាំ ប្រកបមុខរបរនៅភ្នំពេញជាមួយប្រពន្ធ។
សាក្សីបានឲ្យដឹងថា នៅមុនកើតហេតុជនរងគ្រោះ បានទូរស័ព្ទទៅកាន់ប្រពន្ធហើយបានជជែកគ្នាតឹងសរសៃក តែមិនដឹងថាជជែកគ្នារឿងអីនោះទេ ។បន្ទាប់មកបានបង្ហើបប្រាប់ម្ដាយក្មេក និងបងប្អូនថា យប់នេះខ្លួន នឹងចង.កសម្លាប់ខ្លួនហើយ។លុះមកដល់ម៉ោងកើតហេតុ ជនគ្រោះ បានយកខ្សែពួរទៅចង.ក សម្លាប់ខ្លួនលើដើមដូង កម្ពស់ ៥ ម៉ែត្រ ក្រោយផ្ទះចម្ងាយ ២០ម៉ែត្របណ្តាលឲ្យស្លាបតែម្ដងដោយគ្មានអ្នកណាដឹងឡើយ ។
ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុ ហើយបានធ្វើកោសល្យវិច័យទៅលើសព រួចសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាតក៏ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕សហការី