ខេត្តសៀមរាប៖ ជនសង្ស័យ២នាក់ ដែលធ្វើសកម្មភាពលួចឆក់កាបូបភ្ញៀវ ទេសចរណ៍បរទេស កំពុងដើរនៅម្តុំផ្សារដីហុយ ក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ខេត្តសៀមរាប ត្រូវបាននគរបាលព្រហ្មទណ្ឌក្រុងសៀមរាប កាលពីរសៀលថ្ងៃពុធ១១ រោច ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ ។
មន្រ្តីនគរបាលព្រហ្មទណ្ឌក្រុងសៀមរាប បានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់មានឈ្មោះ ៖ ១-ឈ្មោះ យ៉េប អារ៉ូហ្វីន ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិទស្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប និងទី២-ឈ្មោះ សាវិន វណ្ណារ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ។
ប្រភពដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនសង្ស័យទាំង២នាក់ ជិះម៉ូតូ Scoopy ពណ៌ស បិតស្គុតពណ៌ទឹកមាសស៊េរីឆ្នាំ២០១៨ បានធ្វើសកម្មភាពឆក់កាបូបភ្ញៀវទេសចរណ៍ជនជាតិបារាំង ដែលមានឈ្មោះ MU LRIEL SERRA DELL ភេទស្រីអាយុ៦២ឆ្នាំ កំពុងដើរលេងនៅម្តុំផ្សារកន្លែងកើតហេតុខាងលើ ។ ក្រោយឆក់បានជនសង្ស័យបានជិះម៉ូតូគេច ទៅទិសខាងជើង ភ្លាមៗនោះកម្លាំងនគរបាលល្បាតពួនស្ទាក់ និងកម្លាំងឈរលើដងផ្លូវ មានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក កម្លាំងការិយាល័យការពារ និងអន្តរាគ មន៍ ព្រមទាំងកម្លាំងនៃអធិការដ្ឋានក្រុងសៀមរាប កម្លាំងអង្គភាពទេសចរណ៍ បានដេញស្ទាក់ចាប់បានជនសង្ស័យទាំងពីរ នៅចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ភ្លាមៗតែម្តង ។
ក្រោយឃាត់ខ្លួនបាន សមត្ថកិច្ចដកហូតវត្ថុតាង រួមមាន ៖ ទូរស័ព្ទដៃម៉ាកសាំស៊ុង១គ្រឿង , លិខិតឆ្លងដែន១ , វីហ្សាកាត១ , លុយអ៊ឺរ៉ូ ៣០៥អ៊ឺរ៉ូ , លុយកូរ៉េ១១០០០វ៉ុន , លុយដុល្លារ៤០ដុល្លារ និងសម្ភារៈមួយចំនួនទៀត ហើយកម្លាំងនគរបាលបានប្រគល់ទៅជនរងគ្រោះវិញទាំងអស់។
ចំណែកជនសង្ស័យទាំង២នាក់ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប បញ្ជូនទៅសាលាដំបូងខេត្តសៀមរាបចាត់ការតាមច្បាប់ ៕ សហការី