ខេត្តពោធិ៍សាត់៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរដាក់ខ្នោះបុរសម្នាក់ ខណៈមិនរៀងចាលបើទោសជាធ្លាប់ចាប់យកមកធ្វើការអប់រំ ៤៨ម៉ោងក៍ដោយ ខណៈបុរសរូបនេះគំរាមឪពុកម្ដាយ និងកម្ទេចសម្ភារក្នុងផ្ទះជាញឹកញយ។
ប្រតិបត្តិការខាងលើនេះធ្វើឡើងម៉ោង៤ និង៥០នាទី រសៀលថ្ងៃសុក្រ ១៣រោច ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិទន្សាយគល់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
របាយការណ៍នគរបាលស្រុកក្រគរឃើញថា ជនសង្ស័យពូកែខាងបំផ្លាញសម្ភារក្នុងផ្ទះ និងគំរាមកំហែងឪពុកម្ដាយ ត្រូវបានកម្លាំងនគរបាលចាប់ដាក់ខ្នោះឈ្មោះ សយ ធារិន ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅក្នុងបន្ទុកគ្រួសារឪពុកឈ្មោះ អាត់ ប៊ុល ហៅ សំ ង៉ុយ អាយុ ៥៤ឆ្នាំ យោធាចូលនិវត្តន៍ និងម្ដាយឈ្មោះ ហួន ចាន់ អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនី ទីលំភូមិ.ឃុំកើតហេតុខាងលើ។
ក្នុងរបាយការណ៍លើកឡើងបន្តថា ការឃាត់ខ្លួនបុរសជាកូនប្រុសសំលាញ់ឪម៉ែនេះ បន្ទាប់ពីរូបគេវាយកម្ទេចទ្រព្យសម្បាតិ្ត និងសម្ភារក្នុងផ្ទះ កាប់បំផ្លាញផ្ទះ គំរាមកំហែងម្ដាយមិនឲ្យចូលផ្ទះរត់ទៅដេកផ្ទះអ្នកក្បែខាង។
របាយការណ៍ដដែលបន្តទៀតថា ជនសង្ស័យរូបនេះកន្លងមកធ្លាប់គំរាមសម្លាប់ឪពុក ហើយធ្លាប់ចាប់យកមកធ្វើការណែនាំអប់រំរយៈពេល ៤៨ម៉ោង តាមបញ្ជាលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តម្ដងផងដែរ ជនសង្ស័យកំពុងបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកក្រគរនៅឡើយ៕ ប៉ឹម ពិន