ភ្នំពេញ៖ ម៉ូតូ១គ្រឿងម៉ាក ហុងដា Scoopy ស៊េរី ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BN-3733 ត្រូវចោរធ្វើសកម្មភាពលួចកាច់សោ.ក យកទៅបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង៦ព្រឹកថ្ងៃសៅរ៍ ១៤រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះ E3 ២៨៩ Z ផ្លូវ១១០ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពពីយុវជនរងគ្រោះជាម្ចាស់ម៉ូតូខាងលើ មានឈ្មោះ ហុង ប៊ុនថន ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើ បានឲ្យដឹងថា នៅវេលាម៉ោង៦ព្រឹកថ្ងៃកើតហេតុ រូបខ្លួនបានចុះពីលើផ្ទះជួលមកយកម៉ូតូដូចសព្វដង ដើម្បីជិះចេញទៅខាងក្រៅ ស្រាប់តែចុះមកដល់កន្លែងទុកម៉ូតូក៏មិនឃើញម៉ូតូរបស់ខ្លួន ។ ភ្លាមនោះ រូបគេក៏បានទៅសួរនាំអ្នកផ្ញើម៉ូតូដែលប្រចាំការនៅទីនោះ តែអ្នកមើលម៉ូតូ បានប្រាប់ថា នៅវេលាម៉ោង៦ព្រឹកនោះ រូបគាត់បានបណ្តើរម៉ូតូ៤ទៅ៥គ្រឿងនៅក្នុងផ្ទះ ហើយយកចេញមកខាងក្រៅដូចរាល់ថ្ងៃ (ក្នុងនោះក៏មានម៉ូតូជនរងគ្រោះដែរ) ដើម្បីកុំឲ្យចង្អៀតនៅខាងក្នុងផ្ទះពេក ពេលនោះគាត់ក៏បានដើរចូលទៅខាងក្នុងផ្ទះមួយភ្លេច រួចបានដើរចេញមកវិញ ស្រាប់តែឃើញយុវជនម្នាក់ បានឡើងជិះម៉ូតូរបស់ជនរងគ្រោះចេញទៅបាត់ ដោយគាត់នឹកស្មានថាជាប្អូនប្រុសបង្កើតរបស់ជនរងគ្រោះ ។
ក្រោយកើតហេតុជនរងគ្រោះ បានត្រឹមតែទៅដាក់ពាក្យបណ្ដឹងនៅនគរបាលមូលដ្ឋាន ដើម្បីជួយអន្តរាគមន៍ស្វែងរកជនសង្ស័យនោះមកដាក់ទោសតាមច្បាប់ ហើយជនរងគ្រោះសុំណូមពរដល់ប្រជាពលរដ្ឋថា បើបងប្អូនសាធារណជន ឬសមត្ថកិច្ច បានឃើញម៉ូតូដូចភិនភាគខាងលើ នៅតាមហាងបញ្ចាំ សូមជួយរាយការណ៍ជូនសមត្ថកិច្ចផង ដើម្បីមានវិធានការតាមនីតិវិធី ៕ស រស្មី