ខេត្តកំពង់ស្ពឺ៖ ក្រុមជនសង្ស័យ ជាចោរលួចម៉ូតូ និងរថយន្ត២នាក់ បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ មិនបានប៉ុន្មានផង ស្រាប់តែឃើញត្រឡប់ទៅផ្ទះវិញ យ៉ាងរំភើយ គាប់ជួនប្រពន្ឋជនសង្ស័យដើរអួតថា ចំណាយលុយអស់៦០០០ដុល្លារទើបប្តីខ្លួនបានមកផ្ទះវិញបែបនេះ ។
ការដែលមុខសញ្ញាត្រូវបានដោះលែងនេះត្រូវបានប្រភពខ្សឹបខ្សៀវគ្នាថា គឺលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ សម្រេចឲ្យដោះលែងវិញហើយ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ ។
ពាក់ព័ន្ធការសម្រេចដោះលែងក្រុមចោរលួចទាំង២នាក់ខាងលើ ត្រូវក្រុមមន្ត្រីមូលដ្ឋាន ក្នុងស្រុកឧដុង្គ ក្នុងឃុំជំពូព្រឹក និងអ្នកភូមិព្រៃអន្សែ លើកឡើងថា ប្រពន្ធរបស់ជនសង្ស័យឈ្មោះ នោ ពន បានដើរនិយាយអួតក្អេងក្អាងប្រាប់អ្នកស្រុក និងនិយាយបញ្ឈឺមន្ត្រីនគរបាលមូលដ្ឋានថា មិនដឹងជាខំមកចាប់ប្តីនាងធ្វើអី បើគង់តែបញ្ជូនទៅដល់លើ គេដោះលែងមកវិញដដែល ។ សម័យនេះហើយ អស់តែ៦០០០ដុល្លារ មានសេរីភាពវិញហើយ ។
ពាក់ព័ន្ធករណីដោះលែងចោរលួចនេះ មិនទាន់អាចសុំការបញ្ជាក់ពីលោកព្រះរាជអាជ្ញារង អ៊ូ ផាត អ្នកនាំពាក្យស្ថាប័នអយ្យការ អមសាលាដំបូងខេត្តកំពង់ស្ពឺ បានទេ ព្រោះលេខទូរស័ព្ទរបស់លោក មិនអាចទាក់ទងបាន ។
ជនសង្ស័យទាំង២នាក់ ឈ្មោះ អាយ អ៊ីង ហៅ អឿន ម៉ៅ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិព្រែកតាម៉ែ ឃុំកំពង់អុស ស្រុកពញឮ ខេត្តកណ្ដាល និងឈ្មោះ នោ ពន ភេទប្រុសអាយុ៤៨ឆ្នាំ រស់នៅភូមិព្រៃអន្សែ ឃុំជំពូព្រឹក្្ស ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
ទាក់ទិននឹងរឿង ដោះលែងចោរលួចនេះលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់ ថា “ជាករណីសង្ស័យលួចម៉ូតូដោយជនសង្ស័យជាមនុស្សប្លែកមុខរស់នៅជំពូព្រឹក្ស ហើយកន្លងមក នៅស្រុកឧដុង្គធ្លាប់បាត់រថយន្ត ហើយឃើញមនុស្សប្លែកមុខ សមត្ថកិច្ចក៏តាមដានស៊ើបអង្កេតហើយឃាត់ខ្លួនយកមកសាកសួរ ។ ជនសង្ស័យសារភាពថាធ្លាប់លួចម៉ូតូម្តងក៏កសាងសំណុំរឿងបញ្ជូនទៅតុលាការតែម្តង” ។
សូមរំលឹកថា ក្រុមចោរលួចទាំង២នាក់ខាងលើ ត្រូវកម្លាំងនគរបាលស្រុកឧដុង្គចាប់ខ្លួនកាលពីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ ពាក់ព័ន្ធបទល្មើស លួចមានស្ថានទម្ងន់ទោស ។
ជនសង្ស័យឈ្មោះ អាយ អ៊ីង ហៅ អឿន ម៉ៅ ត្រូវចាប់ខ្លួន ខណៈចោររូបនេះកំពុងបើករថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W-7761 ស៊េរីឆ្នាំ ២០០២ ចេញពីផ្ទះរបស់ជនសង្ស័យ ឈ្មោះ នោ ពន នៅចំណុចភូមិព្រៃអន្សែ ឃុំជំពូព្រឹក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
បើតាមសមត្ថកិច្ច រថយន្តខាងលើត្រូវពួកគេលួចបាន រួចយកទៅលាក់ទុក នៅផ្ទះរបស់ឈ្មោះ នោ ពន កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យឈ្មោះ អាយ អ៊ីង ហៅ អឿន ម៉ៅ សមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ នោ ពន ម្នាក់ទៀត យកទៅសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យបាន សារភាពថា ពួកគេធ្លាប់ធ្វើសកម្មភាពកាច់កម៉ូតូ នៅខេត្តផ្សេងៗទៀត(មិនមែនកំពង់ស្ពឺ) ចំនួន៣លើក យកមកលក់ឲ្យឈ្មោះ នោ ពន ។ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសចោរលួចឆ្លងខេត្ត ខាងលើ សមត្ថកិច្ច ដកហូតវត្ថុតាង ពីឈ្មោះ អាយ អ៊ីង ហៅ អឿន ម៉ៅ រួមមាន រថយន្តម៉ាកសាំយ៉ុងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W-7761 ចំនួន១គ្រឿង ប្រដាប់កឹបស្លាកលេខចំនួន១ កូនសោឡានចំនួន៧ ។
នៅពេលឃាត់ខ្លួន ឈ្មោះ នោ ពន សមត្ថកិច្ចដកហូតបានម៉ូតូ ម៉ាកសេ១២៥ ពណ៌ក្រហម ពាក់ស្លាកលេខ កំពត 1K-1421 និងទូរស័ព្ទដៃចំនួន១គ្រឿង ។ លុះឃាត់ខ្លួន ក្រុមជនសង្ស័យទាំង២នាក់បានហើយ ប្រពន្ធរបស់ជនសង្ស័យឈ្មោះ នោ ពន មានឈ្មោះ រដ្ឋា ចន្ទ្រា ភេទស្រី អាយុ២៩ឆ្នាំ បានយកប្រគល់វត្ថុតាងមួយចំនួនទៀតឲ្យសមត្ថកិច្ច ។
អ្វីដែលជាការប្រតិកម្មគឺប្រពន្ឋជនសង្ស័យបានដើរអួតក្អេងក្អាងបន្ទាប់ពីប្តូរបស់គេចេញពីគុកមកវិញ ។
មហាជនរង់ចាំមើលថា តើវាសនារបស់ជនសង្ស័យទាំង២ អាចត្រឡប់ចូលទ្រនំចាស់(គុក)វិញដែរ ឬយ៉ាងណា? បន្ទាប់ពីរឿងនេះ បានផ្ទុះឡើង ។ នគរវត្តរង់ចាំស្វាគមន៍បើមានការបកស្រាយណាមួយពីស្ថាប័នអយ្យការខេត្តកំពង់ស្ពឺ ៕ សេនាស័ក្តិ