ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៤នាក់ត្រូវបាននគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យចាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌ ពោធិ៍សែនជ័យក្រោមការដឹកនាំនិងបញ្ជា ដោយផ្ទាល់ពីសំណាក់លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ បានធ្វើការស្រាវជ្រាវ ចាប់ខ្លួនជនសង្ស័យចំនួន៤នាក់ដែលជាមុខសញ្ញាឆក់ប្លន់យ៉ាងសកម្ម​កាល ពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ នៅក្នុងភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ការចាប់ខ្លួននោះ ធ្វើឡើយក្រោយពេលជនសង្ស័យខាងលើធ្វើ សកម្មភាពវាយប្លន់យកម៉ូតូ១គ្រឿង ពីអាជីវករលក់ផ្លែឈើ នៅផ្សារជម្ពូវ័ន បានសម្រេចកាលពីវេលាម៉ោង៤និង៣០នាទីជិតភ្លឺ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅមក នៅចំណុចជិតផ្លូវរថភ្លើងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យខាងលើ ១,ឈ្មោះ សំណាង វិសាល អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ ២,ឈ្មោះ គុណ រិទ្ធី អាយុ២០ឆ្នាំ មុខរបរកម្មករស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ៣,ឈ្មោះ សុខ ធារ័ត្ន អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ៤,ឈ្មោះ ទុំ សីហា អាយុ១៩ឆ្នាំ ស្នាក់នៅក្នុងភូមិទួល សំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះវន គឹមហៀង ភេទស្រីអាយុ៤៦ឆ្នាំមុខរបរលក់ផ្លែឈើនៅក្នុងផ្សារជម្ពូវ័ន និងមសនទីលំនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ បាត់បង់ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GP-8497 ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម្នាក់ឯងចេញពីផ្ទះក្នុងបំណងទៅលក់ផ្លែឈើនៅក្នុងផ្សារជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុជិតផ្លូវរថភ្លើង ក៏បានជួបក្រុមជនសង្ស័យទាំង៤នាក់នោះជិះម៉ូតូ២គ្រឿង ។ ខណៈក្រុមជនសង្ស័យបានធ្វើសកម្មភាពស្ទាក់វាយប្លន់យកម៉ូតូរួមទាំងទូរស័ព្ទដៃម៉ាកណូកគា១គ្រឿងផងបានសម្រេច បន្ទាប់មកបានជិះរត់គេចខ្លួនបាត់ស្រមោល ។

ចំណែកជនរងគ្រោះបានដាក់ពាក្យប្ដឹងសុំឲ្យនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង និងនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ជួយអន្តរាគមន៍ ហើយនគរបាលខាងលើក្រោមការដឹកនាំរបស់លោកអធិការនគរបាលខណ្ឌ ក៏បានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់នេះ និងនាំយកទៅសាកសួររង់ចាំការកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖