ព័ត៌មានទាន់ហេតុការណ៍៖

ផ្លោះរបង ប៉ុនប៉ងលួចទ្រព្យសម្បត្តិមិនទាន់បានសម្រេចផង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានទទួលជនសង្ស័យម្នាក់

បន្ទាប់ពីម្ចាស់ផ្ទះចាប់យកមកប្រគល់ឲ្យ ខណៈដែលរូបគេបានធ្វើសកម្មភាពផ្លោះរបង ប៉ុនប៉ងលួចទ្រព្យសម្បត្តិ តែមិនទាន់បានសម្រេច ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃអាទិត្យ ១កើត ខែបស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៣៨៧ ផ្លូវសហព័ន្ធរុស្សី ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងតាមមន្រ្តីនគរបាលប៉ុស្តិ៍ស្រះចក បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ៅ វិរៈ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ ព្រមទាំងដកវត្ថុតាងទូរស័ព្ទដៃមួយគ្រឿងម៉ាក IPHONE ពណ៌ផ្កាឈូក និងលុយខ្មែរចំនួន២២,៦០០រៀល(ពីរម៉ឺនពីរពាន់ប្រាំមួយរៀល)។ ចំណែកជនរងគ្រោះឈ្មោះ ឡោន លួន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកយាមផ្ទះ ស្នាក់នៅផ្ទះលេខ៣៨៧ ផ្លូវសហព័ន្ធរុស្សី ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមសម្តីជនរងគ្រោះឈ្មោះ ឡោន លួន ជាអ្នកយាមផ្ទះកើតហេតុខាងលើ បានឲ្យដឹងថា នៅវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃខាងលើ រូបគាត់កំពុងយាមនៅផ្ទះដូចសព្វដង ស្រាប់តែពេលនោះក៏លឺសូរសំឡេងនៅលើដំបូលរោងបាយផ្នែកខាងក្រោយ ។ ភ្លាមនោះរូបគាត់បានចេញមកមើល ស្រាប់តែឃើញជនសង្ស័យ កំពុងដើរសៀតាមរបងតោងឡើងលើផ្ទះធំ ហើយគាត់ក៏បានស្រែកផ្អើលឆោឡោថាចោរៗផ្អើលដល់ប្រជាពលរដ្ឋជិតខាងនាំគ្នាដេញចាប់ក្របួចជាប់តែម្តង ។

ក្រោយឃាត់ខ្លួនជនសង្ស័យ រួចជនរងគ្រោះក៏នាំយកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីធ្វើការសាកសួរ និងបន្តនីតិវិធីតាមច្បាប់ ៕ ស រស្មី


ចែករំលែក៖