ភ្នំពេញ៖ សិស្សវិទ្យាល័យព្រះស៊ីសុវត្ថិម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវកម្លាំងនគរបាលខណ្ឌចំការមនឃាត់ខ្លួន បន្ទាប់ពីរូបគេបានធ្វើសកម្មភាពឆក់ទូរសព្ទដៃម៉ាក iPhone XS-Mas ពីបុរសជនជាតិសឹង្ហបុរីម្នាក់ កំពុងធ្វើដំណើរតាមដងផ្លូវ តែមិនបានសម្រេច ។ បន្ទាប់ពីកើតហេតុបក្ខពួកជនសង្ស័យ២នាក់ទៀតបានជិះម៉ូតូរត់គេចខ្លួនបាត់ ។
ករណីចោរឆក់ទូរស័ព្ទខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៩ យប់ថ្ងៃអាទិត្យ ១កើត ខែបស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ នៅ ផ្លូវសុធារស កែងផ្លូវ៣១២ ក្រុម៣០ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
មន្រ្តីនគរបាលខណ្ឌចំការមន បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឡេង ពន្លឺ ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិយួន សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ចំណែកបក្ខពួក២នាក់ទៀត មិនស្គាល់ឈ្មោះនោះទេ មានអាយុប្រហែល២១ឆ្នាំ ជិះម៉ូតូ២គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ។ ចំណែកជនរងគ្រោះឈ្មោះ CIMCHA YEE ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិសឹង្ហបុរី ស្នាក់នៅខុនដូរទ្រីលាម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ទន្លេបាសាក់ ដើម្បីធ្វើការសាកសួរ និងទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕ស រស្មី