ភ្នំពេញ៖ បទចម្រៀងមនោសញ្ចេតនាស៊ីជម្រៅ របស់អតីតបេក្ខជន Cambodian Idol រដូវកាលទី៣កញ្ញា លីន សោម៉ា និងអ្នកចម្រៀង សយ រតនា កំពុងថ្ពក់បានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជនពិសេសក្រុមយុវវ័យ។ ចាប់អារម្មណ៍ព្រោះតែបទចម្រៀងមួយនេះមានអត្ថន័យចាក់ដោតចំបេះដូងទស្សនិកជនពិសេសអ្នកមានទុក្ខព្រួយនោះ។
តារាចម្រៀងលីន សោម៉ា ចាប់ផ្តើមធ្វើឲ្យទស្សនិកជនជាច្រើនកោតសរសើរមិនដាច់ពីមាត់ក្រោយពីនាងបានចូលរួមប្រកួតក្នុងកម្មវិធីលំដាប់ពិភពលោកគឺCambodian Idol រដូវកាលទី៣ ចាប់ពីដើមឆ្នាំ២០១៨ ។ នាងត្រូវបានគេចាប់អារម្មណ៍ថាជាតារាចម្រៀងមានសំនៀងថ្នមក្រអួនពិសេសរហូតមានឱកាចូលដល់ដំណាក់កាលវគ្គបន្តផ្ទាល់ចុងក្រោយ។ ថ្មីៗនេះនាងស្រាប់តែលេចវត្តមានក្នុងផលិតកម្ម មរតកមេឌៀជាមួយនឹងស្នាដៃបទចម្រៀងដ៏ក្រអួនក្រអៅ។ កាន់តែចាប់អារម្មណ៍គឺក្រោយពេលនាងចាប់ដៃគូច្រៀងរួមគ្នាជាមួយ ជាតារាចម្រៀងវ័យក្មេងរូបសង្ហា លោក សយ រតនា ក្នុងបទ” “បងមិនយំទេគ្រាន់តែហូរទឹកភ្នែក” ដែលត្រឹមរយៈពេល៣សប្តាហ៍ប៉ុណ្ណោះបទចម្រៀងមួយនេះទទួលបានអ្នកចូលស្តាប់ជិត១លានដងរួចទៅហើយ។បទចម្រៀងនេះកំពុងតែទទួលបានការគាំទ្រច្រើនដែលត្រូវបានគេយកទៅចាក់ក្នុងវិទ្យុ ការស្តាប់កម្សាន្តរបស់ក្រុមយុវវ័យ និងត្រូវបានយកទៅច្រៀងក្នុងកម្មវិធីនានាជាហូរហែផងដែរ៕ វឌ្ឍនា