ភ្នំពេញ ៖ មានរឿងគួរឲ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីកូនក្រមុំមកពីប្រទេសអូស្ត្រាលីម្នាក់បានរៀបការជាមួយបុរសនៅស្រុកខ្មែរម្នាក់បាន៥ថ្ងៃ តែមិនព្រមនៅផ្សំដំណេកជាមួយប្តី បែរជាវេចបង្វិចប្រុងរត់ចោលប្តី ធ្វើឲ្យប្តីខឹងនិងមានការអាម៉ាស់ក៏ប្តឹងទារជំងឺចិត្តបានតែ២ម៉ឺន៨ពាន់ដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះ ខណៈដែលបុសជាប្តីចំណាយប្រាក់ចូលស្តីដណ្តឹងនិងថ្លៃទឹកដោះដល់ទៅ ៥៧.០០០ដុល្លារនោះ(ខាត២៩ ០០០ដុល្លារ)។
បើគិតនៅត្រឹមម៉ោង១២ និង៥៤ថ្ងៃរសៀលថ្ងៃទី៩ មករា ឆ្នាំ២០១៩ ម្សិលមិញនេះ រឿងរ៉ាវគួរអាម៉ាស់នេះ ត្រូវបានភាគីទាំងពីរបញ្ចប់បន្ទាប់ពីបានសម្របសម្រួលគ្នានៅចំពោះមុខសមត្ថកិច្ចនគរបាលសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យនិងកំពុងត្រៀមផ្តិតមេដៃលែងលះបញ្ចប់រឿង ក្រោមការព្រមព្រៀងគ្នា ដោយខាងកូនក្រមុំព្រមសងបណ្ណាការចំនួនតែ២ម៉ឺន៨ពាន់ដុល្លារសហមេរិកទៅខាងបុរសជាប្តីនោះ ។
គួររំលឹកថា កាលពីកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩នៅ ត្រង់ចំណុចខាងមុខ សណ្ឋាគារ តារាអ៊ែរផតនៅជាប់នឹងផ្សារទំនើប រតន:ផ្លាហ្សា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានបុរសម្នាក់កើតទុក្ខមិនសុខចិត្តជាមួយប្រពន្ធជាអាណិកជនមកពីប្រទេសអូស្រ្តាលីដែលបានព្រមរៀបការជាមួយគាត់តែបែរជាមិនព្រមចុះសម្រុងជាមួយគ្នា បន្ទាប់ពីយកលុយបណ្ណាការពីគាត់ចំនួន៥៧០០០ដុល្លារ ហើយបម្រុងរត់ទៅប្រទេសអូស្ត្រាលី។ ប៉ុន្តែសកម្មភាពនេះត្រូវខាងប្រុសដឹងរឿងទាន់ក៏កើតជាជម្លោះផ្អើលសមត្ថកិច្ចមូលដ្ឋានចុះមកជួយធ្វើអន្តរាគមន៍។
បុរស ជាប្តី មានឈ្មោះ សេង ឧត្តម អាយុ ២៧ឆ្នាំ ស្នាក់នៅភូមិប៉ប្រកខាងជើង សង្កាត់ កាកាប ទី១ ខណ្ឌ ពោធិ៍ សែនជ័យ ជាអតិតសង្ឃបួសសងគុណឪពុកម្តាយនៅវត្តសំរោងអណ្តែត ។ ចំណែកឯ នារី ជាប្រពន្ធមានឈ្មោះ វិជ្ជនា សេងថា អាយុ ២០ឆ្នាំ ជាជនជាតិ ខ្មែរ សញ្ជាតិ អូស្ត្រាលី ស្នាក់នៅ ប្រទេស អូស្ត្រាលី ។
បើតាមសម្តីបុរសជាប្តីឈ្មោះ សេង ឧត្តមបានរៀបរាប់ប្រាប់ឲ្យដឹងថា គាត់និងប្រពន្ធរបស់គាត់គឺបានស្គាល់គ្នានិងបានស្រឡាញ់គ្នាជាងបីខែមកហើយ ខណ:ដែលនារីជាប្រពន្ធមកលេងនៅស្រុកខ្មែរ និងដោយមានឪពុកម្តាយទាំងសងខាងដឹងឮផងដែរ។ លុះរហូតដល់ខែវិច្ឆិកា ឆ្នាំ២០១៨ គាត់និងនារីជាប្រពន្ធក៏បានព្រមព្រៀងភ្ជាប់ពាក្យជាមួយគ្នា ដោយក្នុងតម្លៃបណ្ណាការទឹកប្រាក់ចំនួន ៥៧.០០០ដុល្លារ និងបានព្រមព្រៀងជាមួយគ្នាដាក់លុយបណ្ណាការទាំងនោះចូលទៅក្នុងគណនីធនាគារដែលមានឈ្មោះទាំង២នាក់ដើម្បីទុករកស៊ីរួមគ្នាពេលដែលរៀបការរួច និងចុះអេតាស៊ីវិលត្រឹមត្រូវតាមផ្លូវច្បាប់ផងដែរ។ រហូតដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នារីជាប្រពន្ធក៏បានវិលមកស្រុកខ្មែរ ដើម្បីត្រៀមខ្លួនចូលរោងការនាថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ខណ:មកដល់ គាត់ក៏បានទៅទទួលនារីជាប្រពន្ធពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីមកស្នាក់នៅផ្ទះរបស់គាត់។ ប៉ុន្តែពេលនោះប្រពន្ធរបស់គាត់មិនព្រមទៅស្នាក់នៅផ្ទះជាមួយគាត់ទេ ដោយថាចាំរៀបការជាមួយគ្នារួចទើបនាងព្រមទៅស្នាក់នៅជាមួយ។ បន្ទាប់មកគាត់និងក្រុមគ្រួសាររបស់គាត់ក៏ព្រមស្របតាមនារីជាប្រពន្ធ ហើយក៏បានរៀបចំ
សណ្ឋាគារ តារាអ៊ែរផតខាងលើ ឲ្យនារីជាប្រពន្ធស្នាក់នៅបណ្តោះអាសន្ន ដោយក្រុមគ្រួសាររបស់គាត់គឺជាអ្នកចេញថ្លៃស្នាក់នៅហូបចុកទាំងអស់។
ប្រភពដដែលបន្តថា តាំងតែពីថ្ងៃនោះមកនារីជាប្រពន្ធរបស់គាត់ ហាក់ដូចជាមិនសប្បាយចិត្តនិងចេះតែព្រងើយកន្តើយមិនសូវរវីរវល់ជាមួយនិងគាត់សោះ។ រហូតដល់ថ្ងៃទី៣ ខែមករា កន្លងទៅថ្មីៗនេះគាត់និងនារីជាប្រពន្ធក៏ចូលរោងការជាមួយគ្នា ដោយមានបងប្អូនញាតិមិត្តចូលរួមយ៉ាងច្រើនកុះករ។ បន្ទាប់ពីពិធីមង្គលការបានបញ្ចប់រួចរាល់ហើយនារីជាប្រពន្ធខាងលើនៅតែមិនព្រមទៅស្នាក់នៅផ្ទះជាមួយនឹងគាត់ដែលជាប្តីទៀត ទោះបីជាក្រុមគ្រួសាររបស់គាត់និយាយលួងលោមនាងយ៉ាងណាក៏ដោយ។មិនតែប៉ុណ្ណោះ នាងបានសុំពេលស្នាក់នៅសណ្ឋាគារម្នាក់ឯង៣ថ្ងៃសិនព្រោះមិនសូវស្រួលខ្លួន ហើយគាត់និងក្រុមគ្រួសារក៏យល់ព្រមសម្របតាមនាងបន្តទៀត។
លុះអស់រយ:បីថ្ងៃកន្លងផុតទៅ នារីជាប្រពន្ធរបស់គាត់នៅតែមិនព្រមទៅស្នាក់នៅជាមួយនឹងគាត់ទៀត ដោយរកលេសថាចាំថ្ងៃនេះ ចាំថ្ងៃនោះរហូត ហើយថែមទាំងទាមទារបើកគណនីធនាគារ និងទាមទារទិញគ្រឿងអលង្ការថ្លៃៗ ព្រមទាំងលួចយកលុយបណ្ណាការចំនួន៥៧.០០០ដុល្លារខាងលើទៅចាយវាយអស់ថែមទៀត ហើយពេលដែលគាត់សួរនាំ នាងថាលុយទាំងនោះគឺម្តាយនាងបានដកយកទៅចាត់ចែងសងគេអស់ហើយ។
ប្រភពដដែលបន្តទៀតលុះដល់ថ្ងៃកើតហេតុខាងលើ គាត់ក៏ដឹងដំណឹងថានារីជាប្រពន្ធបម្រុងចាកចេញត្រឡប់ទៅប្រទេសអូស្ត្រាលីវិញនៅម៉ោង៥ព្រឹក ថ្ងៃទី៩ ខែមករា ដោយស្ងាត់ៗមិនឲ្យគាត់ដឹង ទើបគាត់បានទៅដាក់ពាក្យបណ្តឹងនៅសាលាសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ដើម្បីឲ្យអាជ្ញាធរជួយធ្វើអន្តរាគមន៍ ។ រហូតដល់វេលាកើហេតុខាងលើគាត់ក៏បានទៅកាន់សណ្ឋាគារដែលប្រពន្ធកំពុងស្នាក់នៅខាងលើ ស្រាប់ឃើញនារីជាប្រពន្ធកំពុងរៀបចំវ៉ាលីសបម្រុងចេញទៅប្រទេសអូស្រ្តាលីទាំងយប់មិនឲ្យគាត់ដឹង ទើបបង្កជាការឈ្លោះប្រកែកគ្នាផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការអន្តរាគមន៍ ។
ក្រោយកើតហេតុភាគីទាំងពីរបាននាំគ្នាទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ដើម្បីឲ្យសមត្ថកិច្ចជួយធ្វើការដោះស្រាយនិងបានបញ្ចប់ក្តីដោយភាគីខាងកូនក្រមុំព្រមសងថ្លៃបណ្ណាការវិញចំនួន២ម៉ឺន៨ពាន់ដុល្លារអាមេរិកប៉ុណ្ណោះខណៈបុរសខាងលើចំណាយលុយដល់ទៅ៥៧.០០០ដុល្លារដើម្បីរៀបការជាមួយនារីម្នាក់នេះដើម្បីបានទៅរួមរស់ជាមួយគ្នានៅលើទឹកដី អូស្រ្តាលីនោះ ៕ តុង សីហា