ភ្នំពេញ៖ ស្ត្រីម្នាក់ដោយសារតែទ្រាំ ការឈឺចាត់រាល់ថ្ងៃ លែងបាន ព្រោះតែប្តីហេងស៊យ វាយធ្វើបាបគ្មានថ្ងៃ ស្វាងទើបរត់មកសុំការអន្តរាគមន៍ពីសមត្ថកិច្ចចោមចៅ៣ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩នេះ ដើម្បីសុំចែកផ្លូវពីប្ដីប្រមឹក ដែលវាយទាត់ធាក់គ្មានថ្ងៃស្វាង ។
សមត្ថកិច្ច បានឲ្យដឹងថា ស្រ្តីរងគ្រោះជាប្រពន្ធឈ្មោះ ពៅ សំអឿន អាយុ៣២ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ចំណែកប្តីប្រមឹករូបនេះ ឈ្មោះ យ៉ី តុក អាយុ៣៨ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី មានកូនស្រី២នាក់ រស់នៅផ្ទះលេខ៧៨៥ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិត្រាចទទឹង ឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង ។
ស្រ្តីជាប្រពន្ធ បានរៀបរាប់ប្រាប់សមត្ថកិច្ចទាំងអួលដើមកថា គាត់បានរៀបការនឹងគ្នាអស់រយៈពេល១២ឆ្នាំមកហើយ មានកូនស្រី២នាក់ កូនច្បងអាយុ៩ឆ្នាំ កូនប្អូនអាយ៤ឆ្នាំ រស់នៅក្នុងបន្ទុក ទើបតែមកដល់ក្នុងអំឡុងរយៈពេល៣ឆ្នាំមកនេះ ប្តីគាត់សុំទិញម៉ូតូកង់បី ដើម្បីរកប្រាក់បន្ថែម ពេលបានលុយមិនឲ្យគាត់(ប្រពន្ធ)ឡើយ មានលុយដើរចាយ ផឹកស៊ីអស់ៗ ផឹកព្រឹក ស្រវឹងល្ងាច រាល់ថ្ងៃ ចូលផ្ទះពេលណា ចងមុខយក្សដាក់ប្រពន្ធកូន ពេលនោះគាត់សួរនាំនិយាយស្តាប់គ្នាមិនបាន រករឿងវាយដំច្រំធាក់ រាងកាយគាត់សឹងរាល់ថ្ងៃ លុះមកដល់យប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ បន្ទាប់ពីប្តីកាត់ ត្រឡប់ចូលដល់ផ្ទះ ខណៈស្រវឹង ក៏បានរករឿង ហើយចាប់បោកគាត់ផ្ទប់ជញ្ជាំង របួសពកក្បាល ។
ស្រ្តីរងគ្រោះបន្តថា ដោយទ្រាំនឹងទង្វើប្ដីក្រហូចនេះលែងបាន ទើបសម្រេចចិត្តមករានេះ គាត់ក៏រត់ទៅប្តឹងអាជ្ញាធរឲ្យជួយដោះស្រាយ ដោយនាងសូមសម្រេចចែកផ្លូវគ្នាពីប្ដីប្រមឹងរូបនេះ ។
ជុំវិញអំពើហិង្សាខាងលើនេះ អាជ្ញាធរសង្កាត់ បានឲ្យដឹងថា នឹងចេញលិខិតហៅអញ្ជើញ ភាគីខាងប្តី មកសាកសួរ និងសម្របសម្រួលជាមុនសិន៕សុខាសែនជ័យ