ខេត្តកណ្ដាល៖ សាកសពបុរសម្នាក់ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលរកាកោង២ប្រទះឃើញដេកស្លាប់ក្បែចិញ្ចើមផ្លូវអាណោចអាធ័ម ខណៈដែលកម្លាំងនគរបាលធ្វើការចុះល្បាតក្នុងភូមសាស្រ្ដ ។ ករណីនេះបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៧និង១៥នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវជាតិលេខ៦ ចន្លោះស្ពានលេខ២១-២២ ស្ថិតក្នុងភូមិស្ពានថ្មី ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា សាកសពដែលប្រទះឃើញដេកស្លាប់ ពុំទាន់ស្គាល់អត្តសញ្ញាណទេ ភេទប្រុស មានកំពស់១,៦០ម៉ែត្រ សម្បុរស្រឯម សក់ស្លូត ស្លៀកខោខ្លីពណ៌លឿង ពាក់អាវដៃខ្លីក្រឡាការ៉ូ(ស+ខ្មៅ) ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលរកាកោង២បានធ្វើការចុះល្បាតតាមភូមិសាស្រ្តរបស់ខ្លួនគ្រប់គ្រង លុះជិះមកដល់ចំណុចកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍បានប្រទះឃើញសាកសពជនរងគ្រោះខាងលើដេកស្លាប់ក្បែចិញ្ចើមផ្លូវ ក្រោយបានប្រទះឃើញ កម្លាំងក៏បានរាយការណ៍បន្តទៅកម្លាំជំនាញស្រុកមកធ្វើការពិនិត្យឃើញថា នៅលើខ្លួនសាកសពមានសម្លាកដំបៅ និងមានស្លាកស្នាមរបួសឆ្កូតថ្មីជាច្រើនកន្លែង នៅលើខ្លួន ដៃ ជើង ក្បាល មុខ។
ករណីខាងលើនេះ ផ្នែកជំនាញបានពុំទាន់ប្រាកដថាជនរងគ្រោះស្លាប់ដោយសារអ្វីនោះទេ ។
ខណៈពេលនេះរងចាំកម្លាំងជំនាញបច្ចេកទេសវិទ្យសាស្ត្រនៃស្នងការដ្ឋាន នគរបាលខេត្តកណ្ដាលចូលរួមដើម្បីធ្វើការពិនិត្យសាសពបន្តទៀត ៕ស្អាងជ័យ