ព័ត៌មានទាន់ហេតុការណ៍៖

សិស្សសាលាបឋមសិក្សា ប្រុស ស្រី ១៤០នាក់ពុលអាហារ

ចែករំលែក៖

ប៉ោយប៉ែត៖ សិស្សសាលា ប្រុស ស្រី ចំនួន១៤០នាក់ពុលអាហារ ត្រូវកម្លាំងនគរបាលស្រុកព្រះនេត្រព្រះ និងកម្លាំងនគរបាលខេត្ត ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាលពីវេលាម៉ោង៨ និង១២នាទីយប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ បន្ទាប់ពីពុលចំណី ។

បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចបញ្ជាក់ថា កាលពីវេលាម៉ោង២ និង១៥នាទីរសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ មានជនជាតិកូរ៉េបានធ្វើកម្មវិធីប្រគល់បន្ទប់អនាម័យជូនសាលាបឋមសិក្សាប៉ោយសំរោងឋិត ក្នុងភូមិប៉ោយសំរោង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ មានសជិកចូលមកពីភូមិប៉ោយសំរោង និងភូមិប៉ោយព្រឿងចំនួន២៨៧នាក់ក្នុងនោះស្រី១២៥នាក់ហើយមានជនជាតិកូរ៉េចំនួន២៤នាក់ប្រុស១២នាក់ នៅក្នុងកម្មវិធីនោះ មានចែកអាហារ បាយកញ្ចប់សាច់ជ្រូកចៀនទឹក១ដប លុះដល់ម៉ោង៨ និង១៥នាទីយប់ថ្ងៃដដែល ក្មេងៗដែលទទួលទានអាហារនោះមានអាការ:ឈឺពោះរាកអាចម៏អ្នកខ្លះក៏ភ័យ ។

របាយការណ៍ខាងលើបញ្ជាក់ថាសិស្សសាលាប្រុស ស្រីដែលពុលអាហារនោះ មានចំនួន១៤០នាក់ ដោយឃើញសភាពបែបនេះកងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យរួមទាំងកម្លាំងយោធាបានយករថយន្តដឹកទៅសង្គ្រោះនៅមន្ទីពេទ្យស្រុកព្រះនេតព្រះក្រោយពីគ្រូរពេទ្យពិនិត្យក្នុងនោះសិស្សចំនួន៩០នាក់មានអារ:ស្រូលក៏ត្រលប់ទៅផ្ទះវិញចំណែក៥០នាក់ទៀតត្រូវបានគ្រូរពេទ្យពិនិត្យ និងព្យូសេរ៉ូមឲ្យ ។

ជុំវិញករណីនេះ លោអភិបាលស្រុកព្រះនេតព្រះ ឃូ ពៅ មានប្រសាសន៍តាម Voiceប្រាប់ថា ក្មេងដែលពុលនោះ គីបណ្ដាលមកពីជ្រកល្ហុង គ្រាដែលគាត់ហួបបាយជាមួយជ្រក់នោះ ប៉ុន្តែក្រុមការងារទាំងអស់គ្នាចុះជួយដឹកមកសង្គ្រោះ នៅមន្ទីរពេទ្យ តែមិនមានអ្វីធ្ងន់ធ្ងរទេ ដោយគ្រាន់តែឈឺពោះបន្តិចបន្តូច ។

លោកបន្ថែមថា នៅពេលឃើញសកម្មភាពនេះយើងឃើញមានកម្លាំងប្រដាប់អាវុធដូចជាកងពល៥១ និងខាងប៉ូលិសខេត្តស្រុកដឹកយកទៅសង្គ្រោះជាបន្ទាន់ ម្យ៉ាងទៀតពួកគាត់មានការភ្ញាក់ផ្អើលតាមគ្នា ។

លោកបញ្ញាក់ថា តាំងពីយប់ម៉ោង៨ រហូតថ្ងៃទី១២ ខែមករានេះ ដែលលោកនៅទីនោះពួកគាត់បានទៅផ្ទះអស់មួយចំនួនធំហើយ ប៉ុន្តែនៅមួយចំនួនទៀតនោះរហូតដល់ព្រឹកថ្ងៃទី១២ ខែមករា ២០១៩នេះ ពួកគាត់បានពិនិត្យសុខភាពរួចរាល់ក៏បានចេញអស់ហើយដែរ ៕ វណ្ណា


ចែករំលែក៖