ខេត្តត្បូងឃ្មុំ: អាវុធយុទ្ធភណ្ឌ័ ដែលបន្សល់ទុក កាលពីសមយ័ សង្គ្រាមនៅទសវត្សរ៍៧០ បាននិងកំពុង បន្តឆក់យកជីវិតមនុស្សអស់ជាច្រើននាក់ ខ្លះរបួស ធ្លាក់ខ្លួនពិកា ខ្លះទៀតក៏បាត់បង់ជីវិត បន្សល់ទុកប្រពន្ធ កូនរស់នៅគ្មានទីពឹង ។
ជាក់ស្តែងនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅចំណុចមាត់ទន្លេមេគង្គត្រើយខាងកើតស្ថិតក្នុងភូមិព្រែកតូច ឃុំជីរោទិ៍១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានករណីផ្ទុះក្បាលគ្រាប់១០៥មីល្លីម៉ែត្រ ១គ្រាប់ បណ្តាលឲ្យ ស្លាប់ជនរងគ្រោះម្នាក់និងរបួសធ្ងន់១នាក់ ។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញឈ្មោះម៉ាត់ សុស ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅ ភូមិ ទួលពន្លៃ ឃុំជីរោទី៍២ ស្រុក ខេត្តត្បូងឃ្មុំ បានយកក្បាលគ្រាប់១០៥មមមកកន្លែងរោងកើតហេតុ ដើម្បី រំលាយសំណចាក់ សំរាប់ធ្វើដុំពន្លិចម៉ាញ់អូសនេសាទត្រី ។
ប្រភពដដែលបានបន្តថា ប្រជាជនដែលប្រើមាញ់ ជាច្រើននាក់បានយកក្បាលគ្រាប់១០៥ ធ្វើដុំជើងម៉ាញ់ ហើយគ្រាប់ដែលផ្ទុះនេះគឺជនរងគ្រោះទិញពីអ្នកលក់អេតចាយនៅក្រុងសួង ខេត្តត្បូងឃ្មុំ ។ ក្នុងការធ្វើនេះគឺគេយកក្បាលគ្រាប់១០៥មម មកកែឆ្នៃឲ្យមានទម្ងន់ ទប់ទឹកហូរ គឺមុនដំបូងគេយកសំណ ជាច្រើនគីឡូ មកស្លរំលាយហើយចាក់ចូលក្នុងប្រហោងគ្រាប់ រួចចោះប្រឡោះសំរាប់ដោតខ្សែម៉ាញ់ ។ នៅពេលដែលឈ្មោះម៉ាត់សុស ចាក់សំណចូលទៅក្នុងក្បាលគ្រាប់ហើយកំដៅបានធ្វើឲ្យក្បាលគ្រាប់ផ្ទុះឡើង ។
លោកអនុសេនីយ៍ទោ ប្រាំង សុផុន នាយនគរបាលប៉ុស្តិជីរោទិ៍ ទី១ បានឲ្យដឹងថា ករណីផ្ទុះក្បាលគ្រាប់នេះបានបណ្តាលឲ្យជនរងគ្រោះដែលអង្គុយមើលនិងខ្លះកំពុងអាំងត្រីបានរងរបួស ធ្ងន់៩នាក់និងស្លាប់១នាក់រួមមាន: ១ វ៉ាន់ គាភេទប្រុស អាយុ២៦ឆ្នាំនៅភូមិព្រែកតូចឃុំជីរោទី៍១ ( ស្លាប់) ២ ហុីម ហេតភេទប្រុស អាយុ៥៧ឆ្នាំ(នៅភូមិឃុំជាមួយគ្នា របួសធ្ងន់) ៣ ម៉ាត់ ស្មីន ភេទប្រុសអាយុ១១ឆ្នាំ (នៅភូមិជាមួយគ្នា) ៤ ហឿន ភេទប្រុស អាយុ៤៥ឆ្នាំ ( នៅភូមិទូលពន្លៃ ឃុំជីរោទី៍២) ៥ ស៑ុំ ធឿន ភេទប្រុសអាយុ៣៥ឆ្នាំ ( នៅភូមិជាមួយគ្នា ) ៦ ថាំ ភេទប្រុស អាយុ១៨ឆ្នាំ ( នៅភូមិជាមួយគ្នា) ៧ គ្រៀលភេទប្រុស អាយុ ៣០ឆ្នាំ ( នៅភូមិជាមួយគ្នា) ៨ ឯល អុីភេទប្រុស អាយុ៥៩ឆ្នាំ(នៅភូមិព្រែកតូច ឃុំទន្លេបិត)៩ គង់ អ៑ា ភេទ ប្រុស អាយុ៤២ឆ្នាំ (នៅភូមិរកាធំ ឃុំជីរោទី៍១)១០ ម៉ាត់ សុស ភេទប្រុស អាយុ៦០ឆ្នាំ( នៅភូមិទួលពន្លែ ឃុំជីរោទី៍២) ។
ប៉ូលិសបានឲ្យដឹងថា សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកអ្នករងរបួសទាំង៩នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះជាបន្ទាន់ ៕