ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលរងខេត្ត ៖ កម្មករសាកល្បងមិនអាចឈរឈ្មោះឲ្យគេបោះឆ្នោតជាថ្នាក់ដឹកនាំសហជីពបានទេ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បន្ទាប់ពីកម្មករកម្មការនីរោងចក្រ ប៉ៃហុង ប្រមាណ១ពាន់នាក់ផ្ទុះធ្វើកូដកម្ម៤ថ្ងៃជាប់គ្នា ចាប់តាំងពីថ្ងៃទី១១ខែមករាឆ្នាំ២០១៩ពាក់ពន្ធ័បញ្ឈប់កម្មករសាកល្បងទាំង៣នាក់ពីការងារអាជ្ញាធរខេត្តបានធ្វើការបំភ្លឺដល់សារព័ត៏មានក្នុងស្រុកមួយដែលបានចុះផ្សាយនាពេលកន្លងមក។

ទាក់ទងករណីនេះដែរ លោក ហាស់ ប៊ុនធី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង បានមានប្រសាសន៍ថា មន្ទីរការងារមិនទទួលស្គាល់នូវភាពស្របច្បាប់របស់ពួកគេទេពីព្រោះ៖

១. កម្មករទាំង៣នាក់នោះសុទ្ធតែជាកម្មករសាកល្បង មិនអាចឈរឈ្មោះឲ្យគេបោះឆ្នោតធ្វើជាថ្នាក់ដឹកសហជីពបានទេ។

២. មិនអាចទទួលបានការការពារពិសេសដើម្បីរួចផុតពីការបញ្ឈប់ការងារបានទេ ព្រោះពុំមានជូនដំណឹងអំពីបញ្ជីឈ្មោះអ្នកដែលត្រូវទទួលបានការការពារពិសេស(ថ្នាក់ដឹកនាំសហជីព និងស្ថាបនិកដែលបានចូលរួមបោះឆ្នោត)មករោងចក្រ និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត។

៣. មិនទាន់បានដាក់ពាក្យសុំចុះបញ្ជីកាសហជីពមកមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តនៅឡើយ ហើយសហជីពណាដែលមិនទាន់ចុះបញ្ជីការ និងធ្វើសកម្មភាពដឹកនាំកូដកម្ម គឺជាអំពើខុសច្បាប់ ស្តីពីសហជីព។

លោកបន្តថា ការដឹកនាំ ការចរចារ ឬការផ្សះផ្សារវិវាទជាភារកិច្ចរបស់សហជីពមូលដ្ឋានប្រសិនបើសហជីពមូលដ្ឋាននោះ បានបំពេញគ្រប់គ្រាន់តាមលក្ខខណ្ឌតម្រូវដែលមានចែងក្នុងច្បាប់ស្តីពីសហជីព។ បន្ថែមពីលើនេះទៀតសហព័ន្ធសហជីពពុំមានភារកិច្ចក្នុងការចរចារ ឬផ្សះផ្សាវិវាទនៅក្នុងរោងចក្របានឡើយ។

«បញ្ហាដែលកើតឡើងកន្លងមករវាងកម្មករសាកល្បងនិងរោងចក្រប៉ៃហុង រដ្ឋបាលខេត្ត រួមនឹងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានខិតខំដោះស្រាយនិងទប់ស្កាត់អំពើហឹង្សា(ការបំផ្លាញទ្រព្យសម្បត្តិក្រុមហ៊ុន)រហូតទទួលបានការសះជា ជាបន្តបន្ទាប់»។

លោកបន្តទៀតថា ក្រោយពីទទួលពត៌មាននេះក្រុមការងារដោះស្រាយបញ្ហាកូតកម្ម បាតុកម្ម គ្រប់មុខសញ្ញា ខេត្តដឹកនាំដោយលោកអភិបាលរងខេត្ត បានទៅដល់រោងចក្រភ្លាមៗតែពុំបានជួបកម្មករទេដោយឮដំណឹងថាកម្មករនាំគ្នាមកសាលាខេត្តស្វាយរៀង ក្រុមការងារក៏បានត្រឡប់មកជួបពួកគាត់ដើម្បីពន្យល់ និងទទួលយកលិខិតសំណូមពរពីក្រុមកម្មករ ហើយបានឲ្យកម្មកររំសាយត្រឡប់ទៅផ្ទះវិញ រងចាំទទួលការដោះស្រាយនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ នៅតំបន់សេដ្ឋកិច្ចពិសេស Giga SEZ ។

ការខិតខំដោះស្រាយបញ្ហារវាងកម្មករសាកល្បង និងរោងចក្របៃហុង រដ្ឋបាលខេត្តស្វាយរៀង បានដោះស្រាយដោយឈរលើគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានាដែលពាក់ព័ន្ធ ពោលគឺចង់បញ្ចប់បញ្ហាអោយបានឆាប់រហ័ស កុំអោយខូចខាតផលប្រយោជន៍ដល់ភាគីទាំងពីរ។

លោកតូចប៉ូលីវ៉ាអភិបាលរងខេត្តស្វាយរៀងបានអោយអ្នកសារព័ត៌មានដឹងថា ស្ទើរតែទាំងអស់សុទ្ធនៃកម្មកររោងចក្រនេះ សឹងជាកម្មករសាកល្បង មិនទាន់ក្លាយជាកម្មករពេញសិទ្ធនៅឡើយ ហើយស្ថិតក្នុងរយៈពេលសាកល្បងកម្មករមិនទាន់ទទួលបានសិទ្ធិពេញលេញដូចកម្មករពេញសិទ្ធិដែរ។

អភិបាលរងខេត្តស្វាយរៀងរូបនេះ បន្តថា កម្មករសាកល្បងមិនអាចឈរឈ្មោះឲ្យគេបោះឆ្នោតជាថ្នាក់ដឹកនាំសហជីពបានទេ ពីព្រោះថា ខ្លួនមិនមែនជាកម្មករពេញសិទ្ធិ ហើយស្ថិតក្នុងដំណាក់កាលវាយតម្លៃអំពីកម្រិតវិជ្ជាជីវៈ កម្រិតជំនាញ អាកប្បកិរិយា និងការគោរពបទបញ្ជាផ្ទៃក្នុងពីនិយោជកនៅឡើយដែរ។

លោកបន្តថា បើសិនជានិយោជកបានពិនិត្យវាយតម្លៃ កម្មករសាកល្បងណាមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេ និយោជកមានសិទ្ធិគ្រប់គ្រាន់ក្នុងការមិនទទួលយកកម្មករសាកល្បងនោះឲ្យក្លាយជាកម្មករពេញសិទ្ធិឡើយ ។ «ការជ្រើសរើសកម្មករសាកល្បងឲ្យធ្វើជាថ្នាក់ដឹកនាំសហជីពនឹងនាំឲ្យមានផលវិបាកនៅពេលដែលនិយោជកវាយតម្លៃអំពីកម្រិតជំនាញ និងអាកប្បកិរិយា អាចមិនទទួលយកកម្មករសាកល្បងឲ្យក្លាយជាកម្មករពេញសិទ្ធិ។ «ចំពោះតំណាងកម្មករ៣នាក់ ដែលត្រូវរោងចក្របៃហុងខេមបូ ឯ.ក បញ្ឈប់ពីការងារនោះ ហើយបានអះអាងថាខ្លួនជាថ្នាក់ដឹកនាំសហជីពប្រចាំរោងចក្រនោះ គឺរដ្ឋបាលខេត្ត ពិបាកក្នុងការសម្របសម្រួលខ្លាំងណាស់ដោយភាគីរោងចក្រមិនយល់ព្រមទេ»។

សូមបញ្ជាក់ថានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ មានមនុស្សមួយក្រុមបានបង្កភាពភ័យខ្លាចដោយប្រើចំពាមកៅស៊ូបាញ់មកលើដំបូលរោងចក្រក្នុងចេតនាឲ្យកម្មករផ្អើលឈប់ធ្វើការដើម្បីចូលរួមតវ៉ាប្រឆាំងនឹងរោងចក្រដែលបានបញ្ឈប់កម្មករសាកល្បងទាំង៣នាក់នោះ ៕ យឹម សុថាន


ចែករំលែក៖