ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកដកទាហានទាំងអស់ចេញពីស៊ីរី នឹងផ្តល់ឱកាសឲ្យអ៊ីរ៉ង់ពង្រីកឥទ្ធិពលតំបន់មជ្ឈិមបូព៌ា

ចែករំលែក៖

សារព័ត៌មាន​ CBS news ​បានផ្សាយថា អាមេរិក បានចាប់ផ្តើមដំណើរការដកទាហានចេញពីស៊ីរី​ ក្នុងរយៈពេលយ៉ាងយូរ គឺ​៣ខែ ឬ​៤ប៉ុណ្ណោះ​ ។ សព្វាវុធរបស់ទាហានអាមេរិក បានបញ្ជូនចេញតាំងពីសប្តាហ៍កន្លងមក ចំណែកទាហានវិញ មិនទាន់ដកនៅឡើយទេ ។

ក្រុមអ្នកឯកទេសបានលើកឡើងថា ក្រោយពេលដែលអា​មេរិក ដកទាហានទាំងអស់ចេញពីស៊ីរីនោះ កម្លាំង ទាហានជនជាតិឃឺដ និងអារ៉ាប​នឹងជំនួសតំណែងអាមេរិក​ក្នុងការវាយប្រហារទៅលើក្រុមភេរវកម្ម IS នៅស៊ីរី ។

វរសេនីយ៍ Sean Ryan ​អ្នកនាំពាក្យ កម្លាំងទាហានអន្តរជាតិ ក្នុងសង្គ្រាមវាយប្រហារក្រុមភេរវកម្ម​ IS ​បាននិយាយទៅកាន់ សារព័ត៌មាន AP ​ថា ដំណើរការដកទាហានចេញពីស៊ីរីបានចាប់ផ្តើម ហើយ ។ លោកបន្តទៀតថា ដោយសារតែបញ្ហាសន្តិសុខដល់កម្លាំងទាហានអាមេរិក យើងមិនផ្តល់ កាលវិភាគដកទាហានចេញឲ្យដឹងជាសាធារណៈនោះឡើយ​។

ចំណែកអង្គការសិទ្ធិមនុស្សស៊ីរី​ SOHR ​បានឲ្យដឹងថា ការដកទាហានរបស់អាមេរិកចេញពី ស៊ីរី​បានចាប់ផ្តើម តាំងពីថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៩ ។ គេបានមើលឃើញ រថពាសដែក និងរថយន្តយោធា​ បានធ្វើដំណើរពីស្រុក Rmeilan ​ក្នុងខេត្ត Al Hasakah ​ឆ្ពោះទៅកាន់ប្រទេសអីរ៉ាក់ ។

ក្នុងពេលកំពុងដកទាហាន ដំណើរការ​វាយប្រហារក្រុមភេរវកម្ម​ IS ​នៅតែបន្ត នៅតាមតំបន់ដាច់ស្រយាលដែលជាទីតាំងចុងក្រោយរបស់ក្រុមភេរវកម្ម​ IS ។

ការដកទាហានរបស់អាមេរិក​ហាក់​មិន​អាច​ហុច​ផល​អ្វី​ដល់​ការ​បញ្ចប់​ជម្លោះ​នៅ​ស៊ីរី​នោះ​ទេ ផ្ទុយទៅវិញ​វា​នឹង​ផ្តល់​ឱកាស​ដល់​អីរ៉ង់​ក្នុង​ការ​ពង្រីក​ឥទ្ធិពលទៅវិញមិន​ត្រឹម​តែ​នៅ​ក្នុង​ប្រទេស​ស៊ីរីប៉ុណ្ណោះទេ គឺ​យ៉ាង​ទូលំទូលាយ​ទូទាំង​តំបន់​​មជ្ឈឹមបូព៌ា​ទាំងមូល។ លោក ដូណាល់ ត្រាំ បាន​ធ្វើ​ឱ្យ​ស៊ីរី​ ក្លាយ​ជា​ទីកន្លែង​ចេញ​ចូល​ដោយ​សេរី​ សម្រាប់​អ៉ីរ៉ង់ ក្នុង​​បង្ក​អស្ថិរភាព​ក្នុង​តំបន់។

បើ​ទោះ​បី​ការ​​សម្រេច​ចិត្ត​ភ្លាម​ៗ​នេះ ទទួល​រង​នូវ​ការ​រិះគន់​ក្តី លោក Donald Trump បាន​ព្យាយាម​​ការ​ពារ​ការ​សម្រេច​ចិត្ត​ក្នុង​ការ​​ដក​ទ័ព​​នេះ​ថា ​ជា​រឿង​ត្រឹម​ត្រូវ ព្រោះ​លោក​បាន​​ធ្វើ​តាម​ការ​សន្យា​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត ដោយ​ការ​នាំ​ទ័ព​អាមេរិក​ពី​ដែនដី​​ស៊ីរី​ វិល​ត្រឡប់​មក​ប្រទេស​កំណើត​វិញ។ ប៉ុន្តែ​ការ​អនុវត្ត​ការ​សន្យា​នេះ​វា​ហាក់​ខុស​ទំនង ខុស​កាលៈទេសៈ​ដោយ​សារ​​ធ្វើ​ឡើង​​ទាំង​ដែល​​ជម្លោះ​នៅ​ស៊ីរី ​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​នៅឡើយ។ ការ​សម្រេច​ចិត្ត​​ក្នុង​ពេល​នេះ វា​មិន​ខុស​អី​ពី​ការ​​យក​កាំភ្លើង​បាញ់​ជើង​ខ្លួនឯង​នោះ​ទេ។

ការ​ពិត​ទៅ​ការ​ដកទ័ពចេញ​ពី​ប្រទេសស៊ីរី វា​ហាក់​គោរព​តាម​ការ​សន្យា​លើ​មួយ​ចំនុច តែ​វា​​ក៏​ផ្ទុយ​ពី​ការសន្យា​ក្នុង​ចំណុច​ផ្សេង​ទៀត​ផងដែរ គឺ​លោក​អនុញ្ញាត​ឱ្យ​អ៊ីរ៉ង់​ពង្រីក​ឥទ្ធិពល​នៅ​មជ្ឈឹមបូព៌ា។ ជាង​នេះ​ទៅ​ទៀត​នោះ លោក​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​កាល​ពី​ខែ​មករា​កន្លង​ទៅ​នេះ ដោយ​បាន​​ប្រកាស​ថា​ប្រទេស អ៊ីរ៉ង់ «អាច​ធ្វើអ្វីដែលពួកគេចង់​ធ្វើ​នៅក្នុង​ទឹកដី​នៃ​ប្រទេសស៊ីរី​»។

តំបន់នៅភាគឦសាននៃប្រទេសស៊ីរី ដែលជាទីតាំងដែលអាមេរិក​​ដាក់ពង្រាយ​ទ័ព​របស់​ខ្លួន ក៏​ជា​​ទីតាំង​ដែល​អ៊ីរ៉ង់ ប្រាថា្ន​ចង់​គ្រប់គ្រង​ខ្លាំង​បំផុត​ផងដែរ។ ​ទីនោះ​​សម្បូរ​ទៅ​ដោយ​​ប្រភព​ធនធាន​ប្រេង ហើយ​ស្ថិត​នៅ​​ចំណុច​ជិត​ព្រំដែន​ជាប់​​ប្រទេស អ៊ីរ៉ាក់ ​ជា​ទីតាំង​ដែល​ប្រទេស អ៊ីរ៉ង់ បាន​បញ្ជូន​កងកម្លាំង​រំដោះ​ PMFសម្ព័ន្ធ​មិត្ត​អ៊ីរ៉ាក់ ទៅ​ប្រទេស ស៊ីរី ក្រោមលេសដើម្បីបោសសម្អាត​ពួក ISIS។ អ៊ីរ៉ង់ ចង់​កាន់​កាប់​តំបន់​នេះ​​ដើម្បី​ងាយ​ចេញ​ចូល​តំបន់​​ព្រំដែន​ស៊ីរី – អ៊ីរ៉ាក់។

ពី​មុន​វត្តមានកងទ័ពអាមេរិក នៅតំបន់នោះ បានរារាំងសេរីភាពនៃចលនារបស់ពួកសកម្មប្រយុទ្ធ។ វាក៏រារាំងមិនឱ្យ​កងកម្លាំង​អ៊ីរ៉ង់​អាច​ចូល​ទៅ​គ្រប់គ្រង​ទីតាំង​ប្រេង​ក្នុង​របស់​តំបន់​ផងដែរ។ នៅ​ពេល​ដែល​គ្មាន​វត្តមាន​ទ័ព​អាមេរិក​ក្នុង​តំបន់​​មាស​នេះ នោះ​អ៊ីរ៉ង់​​ទាញ​យក​​ផល​ចំណូល​ពី​ការ​លក់​ប្រេង​ក្នុង​តំបន់​នេះ ដើម្បីទូទាត់ការខាតបង់ផ្នែកសេដ្ឋកិច្ចមួយចំនួន ដែលកំពុងកើតឡើងដោយ​សារ​ការ​ដាក់ទណ្ឌកម្ម បន្ទាប់ពី​អាមេរិក​ដក​ខ្លួន​ចេញពី​កិច្ចព្រមព្រៀងនុយក្លេអ៊ែរ។

មជ្ឈដ្ឋាន​ខ្លះ​មើលឃើញ​ថា សេចក្តី​ប្រកាសរបស់លោក Trump ក្នុង​ក្តី​រំពឹងថា របប​ដឹកនាំ​​ប្រទេសរុស្ស៊ី និង​​ស៊ីរី នឹង​ងាក​​ចេញ​ពី​ប្រទេស អ៊ីរ៉ង់។ ការ​រំពឹង​ទុក​នេះ កើតឡើង​ដោយ​ផ្អែក​លើ​​ហេតុផល​នៃ​ការ​ប្រកួតប្រជែង​ឥទ្ធិពល​រវាង​ប្រទេស រុស្ស៊ី និង​អ៊ីរ៉ង់​នៅ​ក្នុង​ប្រទេស ស៊ីរី។ យ៉ាង​ណា​ក្រុម​អ្នក​គាំទ្រ​លោក បាស្សាអាល់អាសាដ ហាក់​មាន​ការ​លំអៀង​ទៅលើ​ប្រទេស រុស្ស៊ី ​ជាង​អ៊ីរ៉ង់ ដោយសារ​ រុស្ស៊ី​​បាន​ពង្រីក​ឥទ្ធិពល​លើ​​ប្រទេស ស៊ីរី តាមរយៈការពង្រឹងស្ថាប័នរដ្ឋនៅក្នុងប្រទេស ផ្ទុយទៅវិញ​យុទ្ធសាស្រ្តរបស់អ៊ីរ៉ង់ ​បង្កើន​ឥទ្ធិពល​ទៅលើ​ប្រទេស ស៊ីរី តាមរយៈ​ការ​បង្ក​ភាព​ទន់​ខ្សោយ​ដល់​​ស្ថាប័នរដ្ឋស៊ីរី​ទៅវិញ។ ជា​អកុសល មិន​ថា ស៊ីរី ឬ​រុស្ស៊ី សុទ្ធ​តែ​មិនអាចគ្រប់គ្រង​ទាំងស្រុង​ទៅលើ​សកម្មភាពរបស់អ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី បាន​ឡើយ។

ការដកទ័ពរបស់អាមេរិក នឹងផ្តល់ឱ្យប្រទេសអ៊ីរ៉ង់ ​ទាំង​ពេល​វេលា និង​ទីតាំង ដើម្បី​ពង្រឹង​វត្តមានរបស់ខ្លួន និងលទ្ធភាពទទួលបានធនធាន​ផ្សេងៗ ហើយនៅទីបំផុតធ្វើ​ឱ្យ​រុស្ស៊ី កាន់​តែ​ពិបាក​ក្នុងការ​ដក​ស៊ីរី ចេញ​ពី​ការ​គ្រប់គ្រង​របស់​អ៊ីរ៉ង។

ការ​ដក​ទ័ព​​នេះ ក៏​ជាដំណឹងអាក្រក់​មួយ​សម្រាប់​សន្តិសុខ​របស់​អ៊ីស្រាអែល​ផងដែរ។ នេះមិនមែនជាលើកទី១ទេ ដែល លោក​ Trump បាន​​ធ្វើ​សេចក្តី​ប្រកាស​ជាបន្ទាន់​បែបនេះ ​ប្រៀប​បាន​ជា​សារ​ក្រើន​រំឮក​ដល់​ប្រទេស អ៊ីស្រាអែល។ កាល​ពី​ខែ​មីនា ឆ្នាំ២០១៨​កន្លង​ទៅ​នេះ លោក Trump ធ្លាប់បាន​ធ្វើសេចក្តីប្រកាសស្រដៀងគ្នានេះ អំពីការដក​ទ័ព​ចេញពីប្រទេស​ស៊ីរី ប៉ុន្តែ​លោក​បែរ​ជា​ផ្លាស់ប្តូរ​ចិត្ត​ក្នុង​រយៈ​ពេល​៤៨​ម៉ោង​ក្រោយ​មក បន្ទាប់​ពីការបញ្ចុះបញ្ចូល​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​ទីប្រឹក្សា​​ដែល​លំអៀង​ទៅ​​​ប្រទេស អ៊ីស្រាអែល ដោយ​បាន​លើក​ឡើងថា ពេលវេលា​ក្នុង​ការ​ដក​ទ័ព​មិនទាន់​ដល់​ពេល​នោះ​ទេ ព្រោះ​វា​នឹង​បង្កគ្រោះ​ថ្នាក់​ដល់​សន្តិសុខរបស់អ៊ីស្រាអែល។

ការ​ដក​​ទ័ព​របស់​សហរដ្ឋអាមេរិក ក៏អាចផ្តល់ឱ្យ ISIS នូវឱកាសដើម្បី​បង្កើន​​សកម្មភាព​ឡើងវិញ​។ ការ​ដក​ទ័ព​នេះ​​ក៏​អាច​ជា​ការ​បញ្ចប់នៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី និង​កង​កម្លាំង​​ឃឺដ​​ដែល​ភាគ​ច្រើន​រស់នៅ​ក្នុង​ទឹកដី​ស៊ីរី និង​ជាដៃគូរបស់ក្រុមចម្រុះក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមISIS ។ ពួកគេ​នឹង​ដក​ខ្លួន​ចេញពី​ការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ឧទ្ទាម ISIS ដោយ​សារ​គ្មានការគាំទ្រដោយ​សហរដ្ឋអាមេរិក​ ហើយ​ពួក​គេ​នឹង​​ងាយទទួលរងការវាយប្រហារ​ពី​សំណាក់​ប្រទេស តួកគី ដែល​តែង​ចាត់ទុកថាពួកគេ​ជា​ក្រុមភេរវករ។

ដំណើរ​វិវត្តន៍​​ថ្មី​បែបនេះ ​វា​នឹង​ក្លាយ​ជា​​ការ​​ត្រួសត្រាយផ្លូវសម្រាប់ ISIS ដើម្បី​ប្រមូល​ផ្តុំ​កសាង​កម្លាំង​ឡើងវិញ​។ បន្ទាប់​ពី​ពួក ISIS ​កាន់​តែ​កើន​ឡើង​ វា​ក៏​ក្លាយ​ជា​លេស​សម្រាប់​ប្រទេស អ៊ីរ៉ង់ បង្កើន​ចំនួន​ទ័ព បញ្ជូន​ទៅ​ប្រទេស​ស៊ីរី ដើម្បីប្រយុទ្ធប្រឆាំងនឹង ISIS ដោយ​គ្មាន​ការ​រារាំង​ពី​សំណាក់​វត្តមាន​កងទ័ព​សហរដ្ឋអាមេរិកដូចមុន៕


ចែករំលែក៖