ខេត្តកំពង់ធំ ៖ ស្រ្តីវ័យចំណាស់ម្នាក់ ត្រូវអ្នកជិះម៉ូតូប្រមឹកបុកស្លាប់នៅពេលបញ្ជូនទៅមន្ទីរពេទ្យដល់ពាក់កណ្តាលផ្លូវ គ្រាដែលស្ត្រីរូបនេះកំពុងដើរឆ្លងថ្នល់ហើយអ្នកបើកម៉ូតូមិនប្រយ័ត្ន បុកទាំងកំរោល ។
ឧបទ្ទវហេតុនេះកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីយប់ថ្ងៃចន្ទ ៩ កើត ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ លើកំណាត់ផ្លូវលំក្រាលកៅស៊ូ ក្នុងភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
មន្ត្រីនគរបាលចរាចរ ស្រុកបារាយណ៍បានឲ្យដឹងថា អ្នកថ្មើរជើង ដែលត្រូវម៉ូតូបុកស្លាប់មាន ឈ្មោះ លូង ឡៃ ភេទស្រី អាយុ៥៧ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ បានដើរឆ្លងកាត់ផ្លូវពីលិចទៅកើត ។ ចំណែកម៉ូតូបង្កម៉ាកSUZUKI Smash ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរផ្លូវត្រង់ពីត្បូងទៅជើង ដោយឈ្មោះ អ៊ុន ពេជ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិអណ្តោត ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំហើយពេលមកដល់កន្លែងកើតហេតុខ្វះការប្រុងប្រយ័ត្នបានរេចង្កូតទៅ បុកជនរងគ្រោះទាំងកំរោលបណ្តាលឲ្យរបួសធ្ងន់ ហើយបានស្លាប់តាមផ្លូវពេលគេបញ្ជូនទៅមន្ទីរពេទ្យ។
ចំណែកអ្នកជិះម៉ូតូត្រូវបានសមត្ថកិច្ចឃាត់ខ្លួនវាស់ជាតិអាល់កុលមានកម្រឹតខ្ពស់ក៏នាំទៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍រង់ចាំដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់និងបានវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ផងដែរ ៕ សហការី