ព័ត៌មានទាន់ហេតុការណ៍៖

ចាបផ្តើមស្ថាបនាផ្លូវបេតុងជុំវិញផ្សារច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីរៀបចំសណ្តាប់ធ្នាប់ និងសោភ័ណ្ឌភាពនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅឲ្យបានល្អប្រសើរ ជាថ្មីម្តងទៀតរដ្ឋបាលខណ្ឌបានដាក់ចេញនូវវិធានការចុះរៀបចំសណ្តាប់ធ្នាប់នៅតាមផ្លូវជុំវិញផ្សារច្បារអំពៅ ដោយតម្រូវឲ្យម្ចាស់ផ្ទះនៅជុំវិញផ្សារទាំងអស់ត្រូវរុះរើ និងកាត់សំយ៉ាបផ្ទះ ណាដែលសាងសង់រំលោភយកចិញ្ចើមផ្លូវសាធារណៈ បន្ទាប់មកក្រុមការងារចាប់ផ្តើមស្ថាបនាផ្លូវបេតុងជុំវិញផ្សារដើម្បីបង្កលក្ខណៈងាយស្រួលដល់អាជីវករលក់ដូរទំនិញផ្សេងៗ ។

ផ្លូវជុំវិញផ្សារច្បារអំពៅដែលកន្លងមកជាប្រភេទផ្លូវចាក់កៅស៊ូបានទទួលរងនូវការខូចខាតស្ទើគ្រប់កន្លែងនោះ ពេលនេះក្រុមការងាររបស់សាលារាជធានីភ្នំពេញសហការជាមួយក្រុមការងាររបស់សាលាខណ្ឌច្បារអំពៅចាប់ផ្តើមដំណើរការគម្រោស្ថាបនាផ្លូវបេតុងនៅជុំវិញផ្សារច្បារអំពៅហើយ ដោយចាប់ផ្តើមឈូសឆាយចេញពីផ្លូវលេខ៣៦៩ ។

ក្រុមការងារបច្ចេកទេសបានបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវបេតុងនេះមានទទឹង១១ម៉ែត្រ កំរាស់២០សង់ទីម៉ែត្រ និងមាន បណ្តោយ៥០០ម៉ែត្រព័ទ្ធជុំវិញផ្សារច្បារអំពៅ ។ បើតាមការគ្រោងទុកគម្រោងស្ថាបនាផ្លូវបេតុងនេះ និងត្រូវប្រប្រាស់រយៈពេលយ៉ាងយូ១ខែ តែបើតាមការចុះអនុវត្តជាក់ស្តែងគម្រោងនេះអាចមានការយឺតយ៉ាងដោយសារជួបនូវបញ្ហាប្រឈមខ្លះៗ ផ្តើមចេញពីការសម្របសម្រួលជាមួយម្ចាស់លំនៅដ្ឋានដែលនៅជុំវិញផ្សារ ។ យ៉ាងណាក៍ដោយក្រុមការងារជឿជាក់ថាម្ចាស់លំនៅដ្ឋានជុំវិញផ្សារច្បារអំពៅ និងបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារស្ថាបនាផ្លូវបេតុងនេះ ព្រោះផ្លូវនេះមិនមែនជារបស់បុគ្គលណាម្នាក់ឡើយគឺទុកសម្រាប់បំរើឲ្យផលប្រយោជន៍រួម ចំណែកម្ចាស់លំនៅដ្ឋានជុំវិញផ្សារច្បារអំពៅក៍ទទួលបានប្រយោជន៍ពីផ្លូវបេតុងនេះដែរ ។

សូមរំលឹកថា មុន និងចាប់ផ្តើមបើកការដ្ឋានស្ថាបនាផ្លូវបេតុងជុំវិញផ្សាច្បារអំពៅនេះដែរ រដ្ឋបាលខណ្ឌបានជូនដំណឹងដល់ម្ចាស់លំនៅដ្ឋានជុំវិញផ្សារត្រូវរុះរើកាត់សំយ៉ាបផ្ទះដែលសង់រំលោភយកផ្លូវសាធារណៈ ដើម្បីឲ្យក្រុមការងារស្ថាបនាផ្លូវបេតុងឲ្យបានស្អាត ។ បន្ទាប់ពីជូនដំណឹងហើយរដ្ឋបាលខណ្ឌច្បារអំពៅបានអញ្ជើញម្ចាស់លំនៅដ្ឋានជុំវិញផ្សារច្បារអំពៅមកប្រជុំណែនាំបន្ថែមនៅសាលាខណ្ឌកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ កន្លងទៅក្រោមវត្តមានលោករស់ សុភក្តិ អភិបាលរងតំណាងលោកអភិបាលខណ្ឌ ។ ជាលទ្ធផលនៃកិច្ចប្រជុំ បងប្អូនម្ចាស់ផ្ទះទាំងអស់ បានឯកភាពរុះរេី​តាមការណែនាំ តែសំណូមពរឲ្យអាជ្ញាធរខណ្ឌ ចុះវាស់វែងកំណត់ទីតាំង ដើម្បីរុះរើ ។ ក្រោយពីម្ចាស់លំនៅដ្ឋានទាំងអស់ព្រមព្រៀងតាមការណែនាំ រដ្ឋបាលខណ្ឌច្បារអំពៅបានចុះវាស់វែង និងកំទីតាំងដើម្បីរុះរើ ទើបឈានដល់ការបើកការដ្ឋានស្ថាបនាផ្លូវបេតុងនៅជុំវិញផ្សារ ៕ សណ្តោស


ចែករំលែក៖