ព័ត៌មានទាន់ហេតុការណ៍៖

គ្រូពេទ្យមិនហ៊ានទៅប្រចាំការមណ្ឌលសុខភាពក្រាំងស្វាយពេលយប់ស្ងាត់ឈឹងនៅកណ្តាលវាលស្រែ

ចែករំលែក៖

ខេត្តព្រៃវែង ៖ មណ្ឌលសុខភាពឃុំក្រាំងស្វាយគឺជាមណ្ឌលសុខភាពមួយដែលទើបតែកកើតថ្មីមានអាយុកាលប្រមាណជាង២ឆ្នាំ ស្ថិតនៅកណ្តាលវាលស្រែដាច់ស្រយាល ក្នុងឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃ វែង ។ មណ្ឌលសុខភាពនេះត្រូវបានប្រជាពលរដ្ឋនិយាយថា មិនទាន់ឆ្លើយតបបានទៅនឹងតម្រូវការសុខាភិបាលរបស់ប្រជា ពលរដ្ឋក្នុងមូលដ្ឋានទេ ដោយបើកទ្វារធ្វើការ តែពេលថ្ងៃ ។ រីឯពេលយប់ចាក់សោចោលហើយក្នុងមណ្ឌលក៏គ្មានសម្ភារបរិក្ខារគ្រប់គ្រាន់ដែរ ។

ចំពោះការលើកឡើងខាងលើនេះត្រូវបានអ្នកគ្រូពេទ្យដែលបម្រើការនៅក្នុង មណ្ឌលសុខភាពក្រាំងស្វាយនេះប្រាប់ឲ្យដឹងថា មូលហេតុដែលមណ្ឌលសុខភាព នេះបម្រើសេវាសុខាភិបាលជូនប្រជាពល រដ្ឋ មិនទាន់បានពេញលេញ១០០ភាគរយ ដោយសារតែមណ្ឌលសុខភាពនេះមាន គ្រូពេទ្យតែ៣នាក់ប៉ុណ្ណោះ ហើយបច្ចុប្បន្នគ្រូពេទ្យម្នាក់បានឈឺសុំច្បាប់សម្រាកនៅសល់តែ២នាក់ប៉ុណ្ណោះ។ម្យ៉ាងទៀតនៅក្នុងមណ្ឌលនៅខ្វះខាតសម្ភារបរិក្ខារច្រើនគ្មានបន្ទប់សម្រាលកូនហើយគ្មានទាំងភ្លើងអគ្គិសនីទៀត ។ ជាពិសេសទីតាំងគឺស្ថិតនៅដាច់ស្រយាលឆ្ងាយពីផ្ទះអ្នកស្រុកឆ្ងាយពីផ្សារយប់ឡើងងងឹតឈឹងទើបគ្រូពេទ្យមិនហ៊ាននៅប្រចាំការ សុខចិត្តបិទទ្វារចោលដោយធ្វើការតែពេលថ្ងៃ ។

លោក សេង បញ្ញារិទ្ធិ ប្រធានមន្ទីរ សុខាភិបាលខេត្តព្រៃវែងបានឲ្យដឹងថា មន្ទីរ ពិតជាមានគម្រោងធ្វើអគារមណ្ឌលសុខភាពថ្មីដែលមានលក្ខណៈស្តង់ដារជូនប្រជា ពលរដ្ឋនៅឃុំក្រាំងស្វាយមែន ប៉ុន្តែនៅយឺតយូរបន្តិចដោយសារតែនៅខ្វះថវិកាម្យ៉ាងទៀតរឿងទីតាំងក៏អាស្រ័យលើអាជ្ញាធរឃុំជាអ្នកផ្តល់ឲ្យដែរ។

លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះនៅទូទាំងខេត្តព្រៃវែងទាំងមូល ដែលមាន១១៦ ឃុំមន្ទីរបង្កើតមណ្ឌលសុខភាពបានចំនួន១១៣ឃុំហើយ ក្នុងនោះ១០៥ឃុំមានអគារមណ្ឌលសុខភាពត្រឹមត្រូវ នៅសល់៨ឃុំទៀតមន្ទីរកំពុងស្វះស្វែងរកប្រភពថវិកា សម្រាប់សាងសង់ដែលតាមគម្រោងរបស់ មន្ទីរ និងសាងសង់ឲ្យមានគ្រប់ឃុំទាំងអស់នៅត្រឹមចុងឆ្នាំ២០២០ខាងមុខនេះ ៕ ហេង សូរិយា


ចែករំលែក៖