ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ បទល្មើសនេសាទ​នៅស្រុកកំពង់ស្វាយ​ នៅតែបន្តកើតមាន

ចែករំលែក៖

គេរាយការណ៍ថា បទល្មើសនេសាទនៅបឹងទន្លេសាប​ស្ថិតក្នុងភូមិសាស្ត្រូស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅតែបន្តកើតមានជាហូរហែ ជារៀងរាល់ថ្ងៃ ដោយគ្មានការបង្ក្រាបនោះឡើយ ។ ប្រភពបានឲ្យដឹងថា បទល្មើសនេសាទ​ប្រើឧបករណ៍ច្រើនប្រភេទ ជាពិសេស​សកម្មភាពឆក់ បាននិងកំពុងកើតមានយ៉ាងគគ្រឹកគគ្រេង ។ ទីនេះ ស្ថិតក្រោមដែន​សមត្ថកិច្ច​លោក សៅ វណ្ណសេរីវុធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយ ។ លោក​សៅ វណ្ណសេរីវុធ បានដើរ​និយាយថា គ្មាននរណាអាចបង្ក្រាបបានទេ ពីព្រោះអ្នកឆក់​បានរត់​ទៅបាត់ មុនពេលសមត្ថកិច្ចទៅដល់ ។ ប៉ុន្តែបើតាមប្រភពអះអាងថា ពួកអ្នកឆក់ត្រីទាំងនោះសុទ្ធតែបង់ប្រាក់​ឲ្យមន្ត្រីជលផល ទើបអាចនេសាទបានដោយសេរី ។

អាជ្ញាធរខេត្តកំពង់ធំ​នៅតែធ្វើមិនដឹងមិនឮចំពោះបទល្មើសនេសាទនៅ​តំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំនេះ ។ ក្រោមលេសថា ប្រជាពលរដ្ឋនេសាទដើម្បីចិញ្ចឹមក្រពះ ចិញ្ចឹមឆ្នាំងនោះ អាជ្ញាធរខេត្តកំពង់ធំ ហាក់ដូចជាបានផ្តល់ឱកាស​ឲ្យពួកមន្ត្រីជលផល ជាពិសេស​លោក សៅ វណ្ណសេរីវុធ ដើរប្រមូល​ប្រាក់​ពីប្រជាពលរដ្ឋអ្នកនេសាទគ្រប់ប្រភេទ ។ ទាំងអ្នកនេសាទដើម្បីចិញ្ចឹមឆ្នាំង ក៏ដូចជាពួកអ្នកនេសាទប្រើឧបករណ៍នេសាទល្មើសច្បាប់ធំៗ សុទ្ធតែត្រូវបង់ប្រាក់​ឲ្យលោកសៅ វណ្ណសេរីវុធ ។ លោកសៅ វណ្ណសេរីវុធ មិនដែលខ្វល់​ចំពោះ​វិធានការណាមួយរបស់អាជ្ញាធរខេត្តនោះទេ ពីព្រោះ​លោកមានអ្នកកាងរួចហើយ គឺលោក ប៉ែន វណ្ណរិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ ។

ទាំងបទល្មើសនេសាទ ទាំងបទល្មើសនៃការកាប់បំផ្លាញព្រៃលិចទឹកនៅតំបន់៣ ស្ថិតក្នុងដែនសមត្ថកិច្ចរបស់សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយ គឺ​មានលោក ប៉ែន វណ្ណរិទ្ធ ជាអ្នក​កាង ។ ថ្នាក់ដឹកនាំ​ខេត្តកំពង់ធំ​អត់ដែលខ្វល់ និងបើកភ្នែកមើលថា តើមានបទល្មើសនេសាទ​, មានការកាប់បំផ្លាញព្រៃលិចទឹកនៅតំបន់៣ ឬយ៉ាងណានោះទេ គឺស្តាប់តែទៅលើរបាយការណ៍បោកប្រាស់របស់នាយខណ្ឌរដ្ឋបាលជលផលតែប៉ុណ្ណោះ ។ យ៉ាងដូច្នេះហើយ បានជាពួកមន្ត្រីជលផល​មិនដែលខ្វល់ចំពោះ​ថ្នាក់ដឹកនាំខេត្តកំពង់ធំ ។ ពីព្រោះថាថ្នាក់ដឹកនាំខេត្តនេះ​មិនដែលទៅមើលទិដ្ឋភាពជាក់ស្តែងនៃបទល្មើសនោះឡើយ ។

ប្រជានេសាទ​នៅតំបន់បឹងទន្លេសាប​ក្នុងស្រុកកំពង់ស្វាយបានឲ្យដឹងថា ឈ្មួញ​ប្រើឧបករណ៍នេសាទខុសច្បាប់មានឈ្មោះ រ៉ូ, ហឿន, គន, និងអាម៉ង់… រួមជាមួយប្រជាពលរដ្ឋ​ដែល​ជាអ្នកឆក់​ត្រីផងនោះ សុទ្ធតែ​បានបង់ប្រាក់​ឲ្យលោកសៅ វណ្ណសេរីវុធ មានទាំងអ្នកបង់លុយខែ និងលុយប្រចាំសប្តាហ៍ ។ លោកសៅ វណ្ណសេរីវុធ តែងតែនិយាយថា ជំនាញរបស់លោក​លំបាកក្នុងការបង្ក្រាបណាស់ ពីព្រោះ​ពួកអ្នកឆក់ត្រីទាំងនោះតែ តែងតែរត់ទៅបាត់មុនពេលសមត្ថកិច្ច​ទៅដល់ ។ ប៉ុន្តែបើតាមអ្នកឆក់​ប្រាប់ថា ពួកគេបានបង់ប្រាក់ឲ្យ​លោក សៅ វណ្ណសេរីវុធ ដូច្នេះ មន្ត្រីជលផលរូបនេះ មានភារកិច្ចទូរស័ព្ទប្រាប់ពួកគេ​នៅពេលដែលសមត្ថកិច្ចដទៃចុះបង្ក្រាបបទល្មើស ៕


ចែករំលែក៖