ភ្នំពេញ៖ ដោយសារតែការធ្វេសប្រហែសក្នុងការបើកបរបានធ្វើឲ្យមេការសំណង់ម្នាក់ ត្រូវរថយន្តស្ទូចកិនស្លាប់យ៉ាងអាណោយអាធ័ម នៅក្នុងការដ្ឋានសំណង់បុរីប៉េងហួត កាលពីវេលាម៉ោង១១,៣០នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅក្នុងការដ្ឋានសំណង់បុរីប៉េងហួត ផ្លូវក្លស្ទ័រ កែងនិងផ្លូវលេខP22 ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
ជនរងគ្រោះជិះម៉ូតូម៉ាក ហុងដា សេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ1CK-6420 មានឈ្មោះប៉ែន ខៃ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមេការសំណង់នៅក្នុងបុរីប៉េងហួត មានស្រុកកំណើត ឃុំចំបក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។
ចំណែកអ្នកបើកបររថយន្តមានឈ្មោះ ខឿន សុភាព ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរបើកបររថយន្តនៅក្នុងការដ្ឋានសំណង់បុរី មានស្រុកកំណើតឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។
លោកហ៊ុល ផាន់ណា នាយរងផ្នែកសណ្តាប់ធ្នាប់ចរាចរខណ្ឌបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់និងអ្នកបើកបររថយន្តជាអ្នកធ្វើការនៅក្នុងការដ្ឋានសំណង់បុរីប៉េងហួតជាមួយគ្នា ។ នៅថ្ងៃកើតហេតុរថយន្តបង្កនិងអ្នកជិះម៉ូតូបើកបរក្នុងល្បឿនលឿនទិសដៅស្របគ្នាពីត្បូងទៅជើង មកដល់ចំនុចកើតហេតុស្រាប់តែអ្នកបើកបររថយន្តបត់ស្តាំចូលទៅការដ្ឋានសំណង់បុរីប៉េងហួតថ្មី ដោយមិនបានមើលក្រោយនោះទេ ។ គ្រានោះស្រាប់តែអ្នកជិះម៉ូតូបើកមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ក៍បុកចំកង់ខាងមុខហើយខ្ទាតមនុស្សទៅក្រោមកង់រថយន្តកិនខ្ទេចមួយកំណាត់ខ្លួនតែម្តង ។
ក្រោយកើតហេតុអ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួន ចំណែកសាកសពជនរងគ្រោះត្រូវក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ។
បច្ចុប្បន្នមធ្យោបាយពាក់ព័ន្ធបទល្មើសចរាចរទាំង២គ្រឿងរួមនិងអ្នកបើកបររថយន្តបង្កត្រូវសមត្ថកិច្ចខណ្ឌប្រគល់ឲ្យទៅការិយាល័យនគរបាលចរាចរជើងគោករាជធានីភ្នំពេញដើម្បីដោះស្រាយតាមផ្លូវច្បាប់៕ សណ្តោស