ភ្នំពេញ៖ នារីម្នាក់ ខណៈជិះម៉ូតូចេញមកពីធ្វើការវិញបំណងទៅផ្ទះ ស្រាប់តែមានជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពឆក់កាបូប បានសម្រេច ភ្លាមនោះ កម្លាំងអន្តរាគមន៍ ពិសេស ល្បាតជួបក៏ប្រដេញ តែជនសង្ស័យគេចខ្លួនបាត់ ដោយជួបយុវជនចំនួន៣នាក់ មានការសង្ស័យទើបឃាត់ សួរនាំ បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៩និង៣៥នាទីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ដែលស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ អៀង លីដាណេ ភេទស្រី អាយុ២១ឆ្នាំ មុខរបរ រដ្ឋបាល ក្រុមហ៊ុន សិប្បកម្ម ត្បូងពេជ្រ ស្នាក់នៅបុរីពិភពថ្មីកំបូល ដែលស្ថិតនៅសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សម្ភារបាត់បង់រួមមាន៖ ទូរស័ព្ទ ចំនួន២គ្រឿង, លុយជាង២០ដុល្លារ, អត្តសញ្ញាណប័ណ្ណនិងកាត ATMមួយចំនួន។
ចំណែកឯជនសង្ស័យទី១ ឈ្មោះ ផាវ សុផាត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ ទី២ឈ្មោះ វែន ធីម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ជាងផ្សារ ដែករស់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ និងទី៣ឈ្មោះ កុយ សឿន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ជាងផ្សារដែក ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុករំដួល ខេត្តស្វាយរៀង។
តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា មុនពេលកើតហេតុគាត់បានជិះម៉ូតូម៉ាក ឌ្រីមសង់ ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CE-9250 បានត្រលប់មកពីធ្វើការក្នុងក្រុមហ៊ុនខាងលើ រួចត្រឡប់ទៅផ្ទះវិញ ដោយគាត់បានស្ពាយកាបូបហើយក្នុងនោះមាន ទូរស័ព្ទចំនួន២គ្រឿង ម៉ាកអាយហ្វូនសិចផ្លឺស មួយគ្រឿងនឹងម៉ាក អូបប៉ូ ចំណែកលុយមានតិចតួចទេ ប្រមាណជាង២០ដុល្លារតែប៉ុណ្ណោះ។
លុះបើកមកដល់ចំណុចកើតហេតុ ដោយឃើញជនសង្ស័យ ជិះម៉ូតូមួយគ្រឿង ម៉ាក ស៊ុយសូគីនិចមិនបានចាំពណ៌ និងស្លាកលេខ មានគ្នា២នាក់ បានជិះ ស្របជាមួយគាត់ក្នុងទិសដៅពីកើតទៅលិច បន្ទាប់មកបានធ្វើសកម្មភាព ឆក់យកកាបូប របស់គាត់ ដោយគាត់ស្រែកថា ចោរឆក់កាបូបៗហើយជនសង្ស័យបានជិះម៉ូតូត្រឡប់ក្រោយវិញ។ ពេលឆក់ភ្លាមៗ ដោយមាន យុវជន៣នាក់ ជិះម៉ូតូ២គ្រឿង បានមកសួរគាត់ ថា ចោរឆក់ កាបូបមែន ទើបយុវជន២ម៉ូតូខាងលើ បានជិះដេញភ្លាមៗផងដែរ ។
ប្រភពព័ត៌មាន បានបន្តទៀតថា ខណ:ដែល ជនរងគ្រោះដេញ ជនសង្ស័យ ឆក់កាបូបខាងលើ ដោយមាន កម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ នឹងកម្លាំងនគរបាលប៉ុស្តិ៍ បានជួយ សហការ ដេញឃាត់ជនសង្ស័យខាងលើភ្លាមៗផងដែរ ហើយក៏ឃាត់យុវជន៣នាក់ ដែលដេញជនសង្ស័យ ឆក់កាបូប ខាងលើ ដើម្បីសាកសួរ ហើយបានឲ្យត្រឡប់ទៅផ្ទះវិញភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុ ជនរងគ្រោះខាងលើ បានមកដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ជួយស៊ើបអង្កេតរកមុខសញ្ញាខាងលើយកមកផ្តន្ទាទោសតាមច្បាប់ ៕ សុខាសែនជ័យ