ព័ត៌មានទាន់ហេតុការណ៍៖

រស់លើដីកេរដូនតាយូរឆ្នាំត្រូវយាយ ផាន ប្រើល្បិចប្តឹងថា រំលោភយកដីគាត់

ចែករំលែក៖

ខេត្តកណ្តាល ៖ ល្បិចរបស់យាយផាន ក្នុងការរំលោភយកដីប្រជាពលរដ្ឋកើតមាន ជាដដែលៗ ចំពោះប្រជាពលរដ្ឋណាដែល មិនព្រមលក់ដីឲ្យគាត់ ។ ប្រព័ន្ធច្បាប់បាន និងកំពុងដាក់គំនាបយ៉ាងធ្ងន់ធ្ងរលើប្រជាពលរដ្ឋក្រីក្រដែលមួយចំនួនបង្ខំចិត្តលក់ដីឲ្យយាយផាន និងខ្លះត្រូវបង្ហូរទឹកភ្នែករាល់ថៃ្ងបានត្រឹមដុតទៀនធូបផ្សងស្វែងរកសេចក្តី សុខ និងយុត្តិធម៌ ។

គ្រួសារអ្នកស្រី យុ៉ង លីន និងប្តីឈ្មោះ វ៉ាន់ សីហា មានកូន២នាក់ រស់នៅតាម បណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិពោធិ៍ មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្ត កណ្តាល គឺជាគ្រួសារមួយដែលកំពុងរង ការប្តឹងផ្តល់ចោទប្រកាន់ថាបានមករស់នៅលើដីលោកស្រី សុ៊ុយ សុផាន ជាយូរ ឆ្នាំ ។ សាលាដំបូងខេត្តកណ្តាលចុងក្រោយ នេះ បានចេញដីកាក្នុងសំណុំរឿងព្រហ្មទណ្ឌ ឲ្យឈ្មោះ យុ៉ង លីន ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិពោធិ៍មង្គល ឃុំ ព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាលឲ្យចូលខ្លួនទៅកាន់សាលាដំបូងខេត្តកណ្តាលនៅថៃ្ងទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ៨និង៣០នាទីព្រឹក ។

អ្នកស្រី យុ៉ង លីន អះអាងថា គាត់មិនដែល ស្គាល់លោកស្រី សុ៊យ សុផាន នោះទេ ហើយរឹតតែមិនដែលបានជួបដោយផ្ទាល់ នោះទៀតផង ។ មិនដឹងជាហេតុអ្វីបានជា សាលាដំបូងខេត្តកណ្តាលកោះហៅអ្នកស្រី ក្នុងសំណុំរឿងព្រហ្មទណ្ឌទៅវិញ ។ បើ តាមប្តីអ្នកស្រីគឺលោក វ៉ាន់ សីហា បានឲ្យ ដឹងថា ក្រុមគ្រួសាររបស់លោកបានរស់នៅ លើដីនោះដែលមានទំហំ១០ម៉ែត្រគុណ នឹង៣០ម៉ែត្រតាំងពីដូនតាមក ។ ស្រាប់តែ មកដល់ឆ្នាំ២០១៤ ក្រុមហ៊ុនផានអីុមិុច ប្រកាសថាគ្រួសាររបស់គាត់រស់នៅលើដី ក្រុមហ៊ុនទៅវិញ ។

ការរស់នៅមានការទទួលស្គាល់ពី មេភូមិ-មេឃុំ អាជ្ញាធរមូលដ្ឋានដូចប្រជាពល រដ្ឋទូទៅដែរ ។ ប៉ុន្តែមិនដឹងយ៉ាងម៉េច ស្រាប់តែលោកស្រី សុ៊យ សុផាន ចោទថា​រស់លើដីក្រុមហ៊ុនទៅវិញ ។ ខាងក្រុមហ៊ុន មិនដែលទំនាក់ទំនងសួរនាំថានឹងទិញដី របស់គាត់នោះឡើយ ។

បើតាមលោក វ៉ាន់ សីហា ប្រាប់ថា ក្នុង ការរស់នៅ និងជាបន្តបន្ទាប់មកគាត់បាន ស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីយ៉ាងត្រឹមត្រូវ ទៀតផង ។

អតីតប្រធានភូមិពោធិ៍មង្គល លោក សាយ បុត្រ ដែលបច្ចុប្បន្នអាយុ៩៤ឆ្នាំទៅ ហើយនោះបានអះអាងថា លោកមិនដែល ធ្លាប់ឮឬចុះហត្ថលេខាប្រគល់ដីទៅឲ្យក្រុម ហ៊ុនផានអីុមិុចនោះទេ ។ លោកធ្វើជា ប្រធានភូមិតាំងពីឆ្នាំ១៩៧៩ដល់ឆ្នាំ២០១៥ គឺមិនដែលមានឈ្មោះ ស៊ុយ សុផាន មក ពាក់ព័ន្ធក្នុងរឿងដីធ្លីនៅឃុំព្រែកតាទែន នោះឡើយ ។ ផ្ទុយទៅវិញ “ឈ្មោះ វ៉ាន់ សីហា និងប្រពន្ធឈ្មោះ យុ៉ង លីន ពិតជា បានស្នើសុំពាក្យកាន់កាប់ប្រើប្រាស់ដីធ្លី ពិតប្រាកដមែន” ។

បើតាមលោក វ៉ាន់ សីហា អះអាងថា ពលរដ្ឋរស់នៅភូមិពោធិ៍មង្គលមួយចំនួន បានលក់ដីទៅឲ្យក្រុមហ៊ុនផានអីុមិុចនោះ មែន ។ ប៉ុន្តែសម្រាប់គ្រួសារលោកមិនបាន លក់ដីឲ្យទៅក្រុមហ៊ុននេះទេ ។ ផ្ទុយទៅ វិញ គ្រួសាររបស់លោកបានខិតខំធ្វើលិខិត ស្នាមកាន់កាប់ដីធ្លីដើម្បីបញ្ជាក់ពីភាពស្រប ច្បាប់ ។ ប៉ុន្តែមិនដឹងហេតុអ្វី ស្រាប់តែ សាលាដំបូងខេត្តកណ្តាលចេញដីកាកោះ ហៅលោកឲ្យចូលខ្លួនក្នុងរឿងព្រហ្ម ទណ្ឌទៅវិញ ។

រឿងរ៉ាវរបស់លោកស្រី សុ៊យ សុផាន រំលោភយកដីពលរដ្ឋឆៅៗមិនមែនទើបតែ កើតឡើងនោះទេ ។ ផ្ទុយទៅវិញ វាបាន កើតឡើងស្ទើរគ្រប់ទីកន្លែង ហើយប្រជាពល រដ្ឋមិនតិចទេដែលរងគ្រោះដោយអំពើ រំលោភបំពានរបស់យាយផាន ។ ជាងនេះ ទៅទៀតប្រព័ន្ធយុត្តិធម៌បានរួមចំណែក ដាក់ទម្ងន់បន្ទុកមកលើប្រជាពលរដ្ឋដែលជា ជនរងគ្រោះនោះទៀតផង ។

សម្រាប់ករណីខាងលើនេះ ក្រុមគ្រួសារ ជនរងគ្រោះរំពឹងថា ពួកគាត់នឹងទទួល បានភាពយុត្តិធម៌ ភាពត្រឹមត្រូវ ពីព្រោះ គាត់មិនដែលបានលក់ដីឲ្យយាយផាន ឬក៏ បានស្គាល់យាយផាន ដែលឈានទៅបង្ក ហិង្សាណាមួយដែលនាំឲ្យមានបទល្មើស ព្រហ្មទណ្ឌនោះទេ ។

អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាលមិនអាចសុំការបំភ្លឺបានទេក្នុងរឿងនេះ ៕ហេង សូរិយា


ចែករំលែក៖