ព័ត៌មានទាន់ហេតុការណ៍៖

ណាហ្គាវើលដ៍បេះដូងសប្បុរស ឧបត្ថម្ភសម្រាប់ការសិក្សារបស់កុមារដែលមានជីវភាពខ្វះខាត

ចែករំលែក៖

រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ៖ ការអប់រំ គឺជាមូលដ្ឋានគ្រឹះដែលជួយកសាងសង្គមជាតិ ហើយដើម្បីចូលរួមអភិវឌ្ឍប្រទេសកម្ពុជា “ណាហ្គាវើលដ៍បេះដូងសប្បុរស” ដែលជាក្រុមការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានសហការជាមួយអង្គការ Cambodia Outreach នៅក្នុងគម្រោង Children@Risk ដែលបានចាប់ផ្តើមក្នុងឆ្នាំ ២០០៣ ដើម្បីឧបត្ថម្ភសម្រាប់ការសិក្សាអប់រំរបស់កុមារដែលមកពីគ្រួសារក្រខ្សត់។

យោងទៅតាមរបាយការណ៍ស្ទង់មតិសេដ្ឋកិច្ចសង្គមកម្ពុជាដែលបានបោះផ្សាយក្នុងពេលថ្មីៗនេះ មានប្រជាជន ១១,៨% ប៉ុណ្ណោះនៃចំនួនប្រជាជនកម្ពុជាសរុបអាយុ ២៥ ឆ្នាំ និងលើសពីនេះ បានបញ្ចប់មធ្យមសិក្សាបឋមភូមិ។ លោក Wayne Hester នាយកប្រតិបត្តិអង្គការ Cambodia Outreach បានធ្វើការកត់សម្គាល់ថា មូលហេតុចម្បងមួយក្នុងចំណោមមូលហេតុជាច្រើននៃការបោះបង់ការសិក្សាដ៏ខ្ពស់នេះ គឺបណ្តាលពីបញ្ហាហិរញវត្ថុ។ គាត់មានប្រសាសន៍ថា “ឪពុកម្តាយចង់ឲ្យកូនៗរបស់ពួកគេរកការងារធ្វើនៅខាងក្រៅ ឬធ្វើស្រែចម្ការដើម្បីរកប្រាក់ចំណូលមកទ្រទ្រង់ជីវភាពគ្រួសារ។ ស្ថានភាពនេះនៅតែជាឧបសគ្គចម្បងដែលរារាំងកុមារមិនឲ្យទទួលបានការសិក្សាអប់រំក្នុងប្រទេសកម្ពុជា”។

នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បានមានប្រសាសន៍ថា “ការសហការនេះ នឹងជួយកុមារក្រីក្រឲ្យទទួលបានការអប់រំដូចកុមារដទៃ។ យើងមានមោទនភាពដែលបុគ្គលិករបស់យើងបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនគាំទ្រដល់គំនិតផ្តួចផ្តើមនេះបន្ថែមទៅលើការឧបត្ថម្ភរបស់ក្រុមហ៊ុន។ ថវិកានេះ នឹងជួយធ្វើឲ្យកុមារក្រីក្រដែលគួរឲ្យអាណិតរបស់យើងបញ្ចប់ការសិក្សារបស់ពួកគេ ហើយយើងសង្ឃឹមថា ពួកគេនឹងទទួលបានចំណេះដឹងដើម្បីរកការងារធ្វើ និងចាកឆ្ងាយពីភាពក្រីក្រ ហើយពួកគេនឹងផ្តល់ផលប្រយោជន៍បន្តដល់ក្មេងៗជំនាន់ក្រោយថែមទៀតផង”។

ថវិកាដែលបានមកពីការឧបត្ថម្ភរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ និងបុគ្គលិកណាហ្គាវើលដ៍ នឹងត្រូវ ឧបត្ថម្ភដល់សិស្សានុសិស្សថ្នាក់ទី ១០ ដល់ថ្នាក់ទី ១២ សម្រាប់បង់ថ្លៃសិក្សា សម្ភារសិក្សា អាហារ ឯកសណ្ឋាន និងសម្ភារផ្សេងៗទៀតសម្រាប់រយៈពេល ៣ ឆ្នាំ។ វឌ្ឍនភាពនៃការសិក្សារបស់សិស្សកម្សត់ទាំងនេះ នឹងត្រូវតាមដានយ៉ាងទៀងទាត់។ សិស្សដែលមានសមត្ថភាព នឹងទទួលបានការបណ្តុះបណ្តាល និងក្លាយជាបុគ្គលិកហាត់ការនៅក្រុមហ៊ុនណាហ្គាវើលដ៍។

ណាហ្គាវើលដ៍បេះដូងសប្បុរស តែងតែរៀបចំសកម្មភាពលើកកម្ពស់ការអប់រំយ៉ាងទៀងទាត់ រួមមានការចែកសៀវភៅអាន និងសម្ភារសិក្សាដល់សិស្សបឋមសិក្សា ជាដើម។ មិនតែប៉ុណ្ណោះ បុគ្គលិកសុវត្ថិភាពអគ្គីភ័យរបស់ណាហ្គាវើលដ៍ តែងតែផ្តល់ការបណ្តុះបណ្តាលស្តីអំពីវិធីបង្ការអគ្គីភ័យដល់សិស្ស និងប្រជាជននៅតាមសហគមន៍ ព្រមទាំងឧបត្ថម្ភបំពង់ពន្លត់អគ្គីភ័យយ៉ាងទៀងទាត់ផងដែរ។ ចំណែកសកម្មភាពចុះទៅតាមសហគមន៍ គឺណាហ្គាវើលដ៍បានបង្កើតនូវកម្មវិធីប្រកួតប្រជែងសាលារៀនស្អាតនៅតាមអនុវិទ្យាល័យចំនួន ៣០ ដើម្បីលើកទឹកចិត្តឲ្យសិស្សានុសិស្សរក្សាសាលារៀនរបស់ពួកគេឲ្យមានអនាម័យស្អាត និងបរិស្ថានល្អ។ សាលារៀនដែលស្អាតជាងគេ នឹងទទួលបានរង្វាន់ជាទឹកប្រាក់ដើម្បីយកទៅប្រើប្រាស់ដើម្បីអភិវឌ្ឍសាលារៀនរបស់ទាំងអស់គ្នា។

###

អំពីណាហ្គាវើលដ៍បេះដូងសប្បុរស

ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ ១៩៩៥ ណាហ្គាវើលដ៍ បាន និងកំពុងធ្វើសកម្មភាពសង្គមប្រកបដោយទឹកចិត្តសប្បុរស និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជាប្រកបដោយភាពវិជ្ជមាន។ ក្នុ​ងខែមីនា ឆ្នាំ​ ២០១៤ ក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស ត្រូវបានបង្កើតឡើងដោយបុគ្គលិកណាហ្គាវើលដ៍ដែលមានគោលបំណងផ្តោតទៅលើសសរស្តម្ភ ៤ គឺ លើកកម្ពស់ការអប់រំ ចូលរួមក្នុងសហគមន៍ អភិវឌ្ឍវិស័យកីឡា និងគាំពារបរិស្ថាននៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ន មានប្រជាជនកម្ពុជាជាង ១៦០.០០០ នាក់បានទទួលផលប្រយោជន៍ពីគំនិតផ្តួចផ្តើមនេះ។

សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងមកកាន់ ៖

Ms. Melanie Loong

Senior Marketing Communications Manager

Tel: (+855) 10 737 684

Email: melanieloong@nagaworld.com

កញ្ញា ភោគ សូលីនដា

Brand Executive, Marketing Communications

Tel: (+855) 15 61 88 86

Email: phouksolinda@nagaworld.com

ណាហ្គាវើលដ៍ ឧបត្ថម្ភថវិកាសម្រាប់ការសិក្សារបស់កុមារដែលមានជីវភាពខ្វះខាត

ណាហ្គាវើលដ៍បេះដូងសប្បុរស ចែកសៀវភៅអាន និងសម្ភារសិក្សាដល់សិស្សនៅតាមបណ្តាខេត្ត


ចែករំលែក៖