ខេត្តព្រះសីហនុ៖ កាលពីយប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ ២០១៩ កើតមានករណីអគ្គិភ័យឆាបឆេះបន្ទប់ស្នាក់នៅបណ្តោះអាសន្ន របស់កម្មករសំណង់កាស៊ីណូ ជនជាតិចិននៅចំណុច (ចុងឆ្នេរអូរឈើទាល) ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមាននគរបាល និង កងរាជអាវុធហត្ថ បានប្រើរថយន្ត ពន្លត់អគ្គិភ័យជួយអន្តរាគមន៍ពន្លត់អគ្គិភ័យនេះ ឲ្យរលត់ទាំងស្រុងនៅវេលាម៉ោងជាង១រំលងអធាត្រ ឆ្លងចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ។
បើតាមរបាយការណ៍ ពីសមត្ថកិច្ច ថាមូលហេតុបណ្តាលមកពីទុស្សេចរន្តអគ្គិសនី ក្នុងនោះឆេះខូចខាតទាំងស្រុងបន្ទប់ចំនួន១២បន្ទប់ (មាន២ជាន់ ក្នុង១ជាន់ មាន០៦បន្ទប់) និង សម្ភារមួយចំនួន តែក្នុងហេតុការនេះមិនបណ្តាលអោយមានអ្នករងរបួសឡើយ ៕ ឆ្លាម សមុទ្រ