ខេត្តកំពង់ចាម៖ មិនដឹងជាមានវិបត្តិអីធ្វើឲ្យស្ដ្រីម្នាក់បីកូនខ្ចី បម្រុងលោតទឹកសម្លាប់ខ្លួននៅលើស្ពានគីហ្សូណាបង្កការភ្ញាក់ផ្អើល នៅយប់ថ្ងៃសុក្រ ១៣កើត ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅភូមិទី០៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម តែត្រូវកម្លាំងនគរបាលក្រុងកំពង់ចាមចេញទៅជួយធ្វើអន្ដរាគមន៍ទាន់ពេលវេលា។
តាមប្រភពព៧ត៌មានពីលោកវរសេនីយ៍ទោ អ៊ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម បានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងនគរបាលក្រុងកំពង់ចាមបានចេញល្បាតក្នុងមូលដ្ឋាន ស្រាប់តែប្រទះឃើញស្ត្រីម្នាក់វ័យជាង៣០ឆ្នាំម្នាក់បីកូនខ្ចីដើរសំដៅទៅលើស្ពានគីហ្សូណាទាំងទឹកភ្នែកហូររហាម តែមិនដឹងមានរឿងអី។ ពេលឃើញដូច្នោះនិងដោយ ដោយមានការសង្ស័យ កម្លាំងនគរបាលក្រុង សហការជាមួយកម្លាំងនគរបាលប្រចាំការ នៅគល់ស្ពានគីហ្សូណា និងប៉ុស្តិ៍រដ្ឋបាលវាលវង់ បានឃាត់យកទៅសួរនាំទើបដឹងថា ស្ដ្រីខាងលើបម្រុងបីកូនលោតទឹកសម្លាប់ខ្លួនទាំងពីរនាក់ម្តាយនិងកូន ។
ស្ដ្រីខាងលើឈ្មោះ វី ស្រស់ អាយុ៣០ឆ្នាំ ជាអ្នកស្រុកអូរាំងឪ បច្ចុប្បន្នមករស់នៅបន្ទប់ជួលនៅ ភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ហើយមូលហេតុដែលខ្លួនចង់មកលោតទឹក សម្លាប់ខ្លួនជាមួយកូនពីលើស្ពានគីហ្សូណានេះ ដោយសារតែមានវិបត្តិគ្រួសារ តែមិនបានបញ្ជាក់ឲ្យបានក្បោះក្បាយនោះទេ ។
ក្រោយដឹងមូលហេតុភ្លាមលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានឲ្យសមត្ថកិច្ចនគរបាលក្រុង ជួយពន្យល់ណែនាំ អប់រំគាត់ រហូតគាត់បានកែប្រែគំនិត ដើម្បីរស់នៅបន្តចិញ្ចឹមមើលថែកូន និងបានត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព៕សហការី