ភ្នំពេញ៖ បុរសម្នាក់ដែលគេដឹងថា មានតួនាទីជាឧត្តមសេនីយ៍ទោ នៅអគ្គលេខាធិការរដ្ឋាន ក្រសួងកាពារជាតិ ឈ្មោះ ហាក់ នី ផឹកស្រវឹង បានផ្ទុះអាវុធជាច្រើនគ្រាប់ នៅមុខហាង បុប្ផាភូមិថ្មី ស្ថិតនៅ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីព្រលប់ថ្ងៃទី ១៨ មករា ឆ្នាំ២០១៩ ដោយសារ ស្រវឹង ខឹងមិត្តភក្តិ ផឹកស៊ីជាមួយ ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ការផ្ទុះអាវុធ បង្កឡើងដោយ ឧត្តមសេនីយ៍ ទោ ហាក់ នី មូលហេតុដោយសារ ផឹកស៊ីស្រវឹង កើត ជា ជម្លោះពាក្យ សម្តី ជាមួយ មិត្តភក្តិ នៅ ក្នុងវង់ផឹកស៊ី ក្នុង ហាង បុប្ផាភូមិថ្មី ប៉ុន្តែគេពុំដឹងថា មូលហេតុ ដែលនាំឲ្យ មានជម្លោះ នោះ ផ្តើមឡើងដោយ សារ ជម្លោះដណ្តើម ស្រី? ឬជម្លោះអ្វី ផ្សេង ឲ្យច្បាស់នោះទេ ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី ១៨ មករា ឆ្នាំ២០១៩ គេឃើញ លោកឧត្តមសេនីយ៍ទោ ហាក់ នី បានជិះរថយន្តឡង់គ្រីស័រ ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ខម .០១ .០០៦២ រួមនឹង មនុស្ស ប្រុសពីរនាក់ទៀតបានចូលទៅ ផឹកស៊ីនៅក្នុងហាង បុប្ផាភូមិថ្មី ស្ថិតនៅ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា លុះពេល ផឹកទឹក ប្តូ រនិស្ស័យច្រើនទៅ ក៏កើតជាជម្លោះពាក្យ សម្តី ជាមួយ បុរសពីរនាក់ នោះ យ៉ាងខ្លាំង ប៉ុន្តែគេពុំដឹងថា ជម្លោះនោះ ផ្តើម ឡើង ដោយសារអ្វី ឲ្យច្បាស់នោះទេ ។
ក្រោយមកគេ ឃើញ លោក ឧត្តមសេនីយ៍ ទោ ហាក់ នី បានដើរចេញពីក្នុងហាង ចូលទៅក្នុងរថយន្ត បើកចេញពីហាង បានបន្តិច ក៏ដកកាំភ្លើង បាញ់ឡើងលើ ប្រមាណជិត១០ គ្រាប់ ទើបបន្តដំណើរចេញបាត់ ទៅ ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ កន្លែង កើតហេតុ សួរនាំ ប៉ុន្តែ លោក ហាក់ នី បាន ចេញឡានទៅបាត់ ហើយ ។ សមត្ថកិច្ចបានត្រឹមដើរ រើសសំបកគ្រាប់ ធ្វើរបាយការណ៍ជូនទៅថ្នាក់លើ ប៉ុណ្ណោះ ។
តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ករណីផ្ទុះអាវុធបែបអនាធិបតេយ្យនេះ កម្លាំងសមត្ថកិច្ច និង កងរាជអាវុធហត្ថ បាននិងកំពុងបើកការស៊ើបអង្កេតស្រាវជ្រាវ ស្វែករកជនដៃដល់ដើម្បីមានវិធានការ តាមផ្លូវច្បាប់ ។
ករណីខាងលើនេះ ពុំអាចសុំការបំភ្លឺពីលោកឧត្តមសេនីយ៍ ហាក់ នី បានទេ ប៉ុន្តែបើតាម សមត្ថកិច្ចមូលរដ្ឋានបានឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែមករានេះថា ពិតជាមានករណី មន្ត្រីយោធា ផ្ទុះអាវុធ បែបអនាធិបតេយ្យ នៅមុខហាង បុប្ផា ភូមិថ្មីពិតប្រកដមែន ប៉ុន្តែដោយសាររឿងនេះជនបង្កជា មន្ត្រីយោធា ខាងអាវុធហត្ថ ជាអ្នកស្រាវជ្រាវ និងមានវិធានការ ។
ចំណែកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ បានព្យាយាមបិទបាំងដោយបាននិយាយគ្មានករណីផ្ទុះអាវុធនេះកើតឡើងទេ គឺក្មេង ដុតផាវ លេងប៉ុណ្ណោះ តែទោះជាយ៉ាងណា សមត្ថកិច្ចមូលរដ្ឋានបានបញ្ជាក់ហើយថា ពិតជាមានករណីផ្ទុះអាវុធកើតឡើងពិតប្រាកដមែន ៕ ជ្រោយពេជ្រ