ភ្នំពេញ៖ ជនសង្ស័យម្នាក់ បន្ទាប់ពីរត់គេចខ្លួនបាត់ជិត១ខែក៏ត្រឡប់មកបន្ទប់ដែលខ្លួនជួលវិញ នឹកស្មានតែជនរងគ្រោះមិនដឹងថារូបគេជាចោរលួចម៉ូតូ ក៏ចាប់ក្របួចជាប់រួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។
ករណីឃាត់ខ្លួនជនសង្ស័យជាចោរលួចម៉ូតូខាងលើនេះ ធ្វើឡើងកាលវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃសុក្រ ១៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវលំ ក្រុមទី៤ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សកែវ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ធី ណារាជ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅបន្ទប់ជួល ក្រុមទី៤ ផ្លូវលំ ភូមិ ទួលសំពៅ សង្កាត់ទួលសង្កែទី១ (មានសារធាតុញៀនក្នុងខ្លួន)។ ចំណែកជនរងគ្រោះឈ្មោះ សោម គឹមសេង ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលឹកក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ក្រុមទី៤ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
យោងតាមប្រភពពីនារីរងគ្រោះ បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោងប្រហែលម៉ោង៩និង៤៥នាទីព្រឹក នាងបានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ីយគីនិច ពណ៌សលាយលឿងខ្ចី សេរីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ 1CC-3027 ចេញពីធ្វើការមកផ្ទះ បានទុកម៉ូតូនៅមុខបន្ទប់ជួល ចាក់សោក រួចចូលក្នុងបន្ទប់ហូបបាយ ហើយក៏ដេកលង់លក់ ។ លុះនៅវេលាម៉ោងប្រហែល៣និង៣០នាទីរសៀលថ្ងៃខែឆ្នាំដដែល ទើបក្រោកពីដំណេក ពេលបើកទ្វារបន្ទប់មិនឃើញម៉ូតូ ក៏ផ្អើលឆោឡោតែម្តង និងឆែកកាមេរ៉ាឃើញមុខជនសង្ស័យ ឈោ្មះ ធី ណារាជ ជិះម៉ូតូចេញពីកនែ្លងកើតហេតុ ក៏បានមកដាក់ពាក្យបណឹ្តងបឹ្តងនៅប៉ុស្តិ៍នគរបាលទួលសងែ្កទី១ ដើម្បីឲ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ភ្លាមៗផងដែរ ។
ប្រភពដដែលបន្តទៀតថា លុះនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៦និង៣០នាទី រូបនាងបានឃើញជនសង្ស័យមកកនែ្លងកើតហេតុខាងលើវិញ ក៏ស្រែកផ្អើលឆោឡោ គាស់ជួបកម្លាំងល្បាតខណ្ឌ/ប៉ុស្តិ៍កំពុងល្បាតនៅក្បែរនោះ ជួយធើ្វអន្តរាគមន៍ឃាត់ជនសង្ស័យយកមកសាកសួរនៅទីស្នាក់ការប៉ុស្តិ៍តែម្តង ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនតុលាការចាត់ការតាមនីតិវិធី ៕ អារុណរះ