ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈល្ងីល្ងើ៖ ហេតុអីប្រទេសជិតខាង មានស្រូវខៀវស្រងាត់ខួបប្រាំងវស្សាដល់ជនបទ?

ចែករំលែក៖

ក្នុងវ័យជាង៦០ឆ្នាំទៅហើយនោះ លោកពូម្នាក់រស់នៅក្នុងភូមិជាមួយនាយជាល ជាអតិត​ទា​ហាន​សម័យរដ្ឋកម្ពុជា ហើយបច្ចុប្បន្នជាជនពិការជើងម្ខាងដោយសារជាន់មីនកាលពីសម័យ​សង្រ្គាម​ជាមួយខ្មែរក្រហមនោះ បានបញ្ចេញទស្សនៈមួយប្រាប់នាយជាលថា ចាត់ទុកជា​សំណាង​ណាស់ដែលក្មួយៗ ប្អូនៗ ជំនាន់នេះបានចូលធ្វើទាហាន ក្រោមដំបូលប្រទេសជាតិ មានសន្តិភាព និងអភិវឌ្ឍន៍ ។

ពេលឮគាត់ពោលពាក្យយ៉ាងដូច្នេះ នាយជាលមានចម្ងល់ក៏សួរទៅគាត់ ហេតុអីគាត់​និយាយ​ថា ក្មួយៗ ប្អូនៗ បានចូលធ្វើទាហានជំនាន់នេះសំណាង ? សំណាងយ៉ាងម៉េច បើការជ្រើស​រើសចូលធ្វើទាហានសុទ្ធតែឆ្លងកាត់ប្រលងចំណេះដឹងទូទៅឬជំនាញ ដោយមិនទាន់និយាយ​ពីការចំណាយធន​ធានផ្ទាល់ខ្លួន​ខ្លះៗផងនោះ ?

លោកពូដាក់ឈើច្រត់ផ្អែកនឹងជញ្ជាំង យកដៃទះស្មាខ្ញុំរួចទាញកៅអីកញ្ចាស់មក​អង្គុយ​រ៉ាយ​រ៉ាប់ប្រាប់ខ្ញុំថា អាក្មួយ ! កាលពីសម័យពូធ្វើទាហាន មិនមែនយកលុយសូក​ឬប្រលង​ចូលធ្វើ​ទាហានដូចសម័យនេះទេ។ កាលណោះគ្រាន់តែឮសំឡេងម៉ូតូឬឡាន អ្នកមានកម្លាំងដូចក្មួយ អ៊ីចឹង បើមិនប្រញាប់រត់ពួនទេ គឺចៀសមិនផុតពីគេចាប់បញ្ជូនទៅធ្វើទាហានប្រយុទ្ធជា​មួយ​ខ្មែរ​ក្រហម​នៅ​សមរភូមិនោះឡើយ ។ និយាយដល់ត្រង់នេះខ្ញុំក៏ចង់ប្រាប់ក្មួយឲ្យដឹងផងដែរថា ក្នុងសម័យកាលនោះគ្មានកម្លាំងយុវជន យុវនារី ពេញកម្លាំង ដូចក្មេងស្ទាវសម័យនេះ​គ្មានការ​ងារ​ធ្វើផឹកស៊ីស្រែកឡូឡាដេញកាប់ចាក់គ្នានឹងកាំបិត ពូថៅ ដាវសាមូរ៉ៃយ៉ាងនេះទេ បើហ៊ាន​តែ​អ៊ីចឹងមែនគេចាប់បោះដាក់លើឡានដូចជ្រូកបញ្ជូនទៅសមរភូមិមិនខាន។ ក្មេងសម័យនេះ វាសំណាងហើយដែលមានពេលផឹកស៊ី និងបង្កភាពអនាធិបតេយ្យក្នុងសង្គម ក្នុងពេល​ប្រ​ទេស​​ជាតិមាន​សុខសន្តិភាព បើជំនាន់ពូមិនហ៊ានក្អកទេ កុំជោរ ។

លោកពូបន្តទៀតថា ទាហានជំនាន់នោះវ៉ៃសត្រូវផង បង្កបង្កើនផលផង ប្រាក់ខែតិចហើយ​ក៏ហូប​ចំណី​​អា​ហារក្នុង​លេណដ្ឋានមិនដែលឆ្ងាញ់ដូចក្មេងសម័យនេះដែរ ។​ដូច្នេះបើប្រៀប​ធៀបនឹងសម័យនេះយើងមានសន្តិភាពពេញលេញ ត្រូវការអភិវឌ្ឍនិងប្រែប្រួលខុសពីមុន​ចឹងហើយ ។ ចុងក្រោយលោកពូ បានបញ្ចេញទស្សនៈថា បើក្នុងសម័យនេះមានសន្តិភាព គ្មានសង្គ្រាម លែងមានអ្នកស្លាប់ និងពិការក្នុងសមរភូមិប្រយុទ្ធដូចពូទៅហើយនោះ ទាហាន​និងប៉ូលិសដែលស៊ីប្រាក់ខែរដ្ឋដូចសព្វថ្ងៃនេះមិនគួរដណ្តើមគ្នាឡើងស័ក្តិឡើងតួនាទី ដើម្បី​លម្អទីក្រុង និងបង្អួតគ្នានោះទេ គួរតែមាន​ឆន្ទះជួយប្រជាពលរដ្ឋ តាមរយៈជួយពួក​គាត់ពេល​ជួបការលំបាក ឬជួយស្តារ​ព្រែក ប្រឡាយ យកទឹកធ្វើស្រែចម្ការ​ឲ្យ​ដូចទាហានស្រុក​គេ​វិញ ទើបល្អជាង។ សូមសំឡឹងមើលប្រទេសជិតខាងយើង កម្លាំងប្រដាប់អាវុធរបស់គេ​ដែល​គ្មានសត្រូវច្បាំង គេនាំគ្នាចូលសមរភូមិជួយរាស្រ្តធ្វើធារាសាស្រ្តឲ្យទឹកហូរដល់ចុងកាត់ មាត់ញក កន្លែងណាក៏មានទឹក និងមានស្រូវខៀវស្រងាត់ខួបប្រាំងខួបវស្សាដែរ តើហេតុអ្វី?

បានស្តាប់ការរ៉ាយរ៉ាប់តាមទស្សនៈរបស់លោកពូពិការជើងម្ខាងនេះ នាយជាលមិនហ៊ាន​អារ​កាត់បែបណាទេ ដោយសុំឲ្យបងប្អូនទាំងអស់ពិចារណាចុះ ៕ នាយជាល

 


ចែករំលែក៖