ភ្នំពេញ៖ បុរសម្នាក់ជាអ្នករត់កង់បីឥណ្ឌា បានដឹកបុរសជនជាតិចិន ចំនួន៣នាក់ចេញពីផ្សារព្រៃទា បំណងទៅទូតចិន ខណៈដឹកមិនទាន់ដល់ផងស្រាប់តែបុរសជនជាតិចិនទាំងនោះ ចាប់ច្របាច់ក វាយបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ១៩៩ កែងផ្លូវ៣១០ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។
តាមសម្តីបុរសអ្នករត់កង់បីបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានដឹងបុរសជនជាតិចិនចំនួន៣នាក់ មកពីផ្សារព្រៃទា បំណងទៅណាហ្គា ក្នុងតំលៃ៥ដុល្លារ ខណៈដឹកជិះដល់វិមានឯករាជ្យបុរសជនជាតិចិននោះ ក៏ឲ្យត្រឡប់ក្រោយវិញ ខណៈមកដល់ចំណុចកើតហេតុក៏បានចាប់ច្របាច់ក វាយរូបគាត់ភ្លាមនោះប្រជាពលរដ្ឋដែលនៅក្បែរ ក៏បានចាប់វាយធ្វើឲ្យបុរសជនជាតិចិន២នាក់ភ័យហុច ទូរស័ព្ទឲ្យគាត់ហើយរត់គេចខ្លួនអស់ចំណែកម្នាក់ទៀតត្រូវបានប្រជាពលរដ្ឋឃាត់ជាប់ ។
តែបើតាមការបកប្រែពីជនជាតិចិនវិញបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុពួកគាត់ជិះកង់បីចេញពីផ្សារព្រៃទាបំណងទៅទូតចិន តែតៃកុងបានបើកខុសផ្លូវដែលខ្លួនចង់ទៅហើយស្មានតែដឹកយកទៅកន្លែងគ្រោះថ្នាក់ ដល់ពួកគាត់ ទើបនាំគ្នាភ័យហើយចាប់ឲ្យតៃកុងឈប់ភ្លាមនោះក៏មានគេព្រួតវាយតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុហើយបានសម្របសម្រួលទើបដឹងថា ជាការយល់ច្រឡំតែភាគីខាងបុរសជនជាតិចិនមិនព្រម ដោយរង់ចាំព្រឹកស្អែកទៅដាក់ពាក្យបណ្តឹងនៅទូតចិនបន្ត ៕ សុខាសែនជ័យ