វិវាទនៅក្នុងវិស័យពាណិជ្ជកម្ម រវាងប្រទេសមហាអំណាចនៅលើពិភពលោក បានធ្វើឲ្យសេដ្ឋកិច្ច ពិភពលោកទាំងមូលធ្លាក់ចុះ នាពេលកន្លងមក ហើយ មានសញ្ញាបន្តធ្លាក់ចុះទៀតនៅក្នុងឆ្នាំ ២០១៩នេះ។
ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានប្រកាសថា សេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០១៩នេះបន្តធ្លាក់ចុះ បន្ថែមទៀត ដោយជម្លោះពាណិជ្ជកម្ម រវាងមហាអំណាចសេដ្ឋកិច្ច ។ តាមការព្យាករណ៍ពីមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានប្រកាសឲ្យដឹងថា កំណើនសេដ្ឋកិច្ច ពិភពលោក នៅក្នុងឆ្នាំ២០១៩ គឺក្រោម ៣,៥ភាគរយ ដោយសារតែការប្រឈមមុខតានតឹង ក្នុងពាណិជ្ជកម្ម អាមេរិក-ចិន ក៏ដូចជាសកម្មភាពចាកចេញពី អឺរ៉ុបរបស់អង់គ្លេស និងវិវាទផ្សេងៗជាច្រើនទៀត។
IMF បានលើកឡើងទៀតថា សេដ្ឋកិច្ច ពិភពលោក នឹងអាក្រក់ជាងការព្យាករណ៍ខាងលើ ទៅទៀត ដោយសារតែសេដ្ឋកិច្ចតំបន់អឺរ៉ុប ធ្លាក់ចុះ និងការប្រឈមមុខផ្សេងៗ ។ តាមការលើកឡើងរបស់ IMF សេដ្ឋកិច្ចអាល្លឺម៉ង់មានកំណើនតែ ១,៣ភាគរយនៅក្នុងឆ្នាំនេះ ធ្លាក់ចុះ០,៦ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ក្រៅពីនេះអ៊ីតាលី បារាំង ក៏បានធ្លាក់ចុះពី ០,៦ដល់១,៥ភាគរយផងដែរ។
នៅក្នុងរបាយការណ៍របស់ IMF តំបន់អាហ្វ្រិកខាងជើង មជ្ឈិមបូព៌ា អាហ្វហ្គានីស្ថាន ប៉ាគីស្ថាន គឺមានសេដ្ឋកិច្ចធ្លាក់ចុះដូចគ្នា ។
ចំពោះចិនវិញ ជាប្រទេសដែលមានសេដ្ឋកិច្ចលំដាប់ទីពីរលើពិភពលោក នឹងមានកំណើត ៦,២ភាគរយ នៅពេញមួយឆ្នាំ ២០១៩ និងឆ្នាំ២០២០ ។ ចំណែក សេដ្ឋកិច្ចអាមេរិកវិញ IMFបានព្យាករណ៍ថា រក្សាកំណើនតែ ២,៥ភាគរយប៉ុណ្ណោះ។
សេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ដោយសារតែ ភាពមិនប្រាកដ កើតចេញពីការប្រឈមមុខតានតឹង ក្នុងវិស័យពាណិជ្ជកម្មរវាងអាមេរិក នឹង ចិន អូសបន្លាយរយៈពេលយូរ ៕