ព័ត៌មានទាន់ហេតុការណ៍៖

បាញ់មេឃ៤គ្រាប់ សមត្ថកិច្ចមិនហ៊ាន ឃាត់ខ្លួនសង្ស័យ ខ្នងធំ ខ្សែធំហើយ

ចែករំលែក៖

ភ្នំពេញ៖ បាញ់មេឃ៤គ្រាប់ សមត្ថកិច្ចមិនហ៊ានឃាត់ខ្លួនសង្ស័យ ខ្នងធំ ខ្សែធំហើយមើលទៅករណីបាញ់បោះសេរីនេះ បានកើតឡើងនៅក្នុងគ្រោះថ្នាក់ចរាចឈានដល់ការបើកប្រដេញតាម និងផ្ទុះអាវុធដល់ទៅ៤គ្រាប់ កាលពីម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី២៧ ខែមករា ឆ្នាំ២០១៩នេះ នៅតាមបណ្តោយផ្លូវជាសុផារ៉ា ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក LEXUS LS450 ពណ៌សពាក់ស្លាកលេខភ្នំពេញ 2AI-9466 បើកបរដោយបុរសម្នាក់ និងម៉ូតូសង់កូរ៉េ ពណ៌ក្រហម ស៊េរីចាស់ មួយគ្រឿងបើកបរដោយ យុវជនម្នាក់ ដោយមិនដឹងថា ប៉ះគ្នាពីចំណុចណានោះទេ គ្រាន់តែឃើញរថយន្ត បើកប្រដេញតាមពីក្រោយម៉ូតូនោះ រហូតដល់ចំណុចផ្លូវ ជាសុផារ៉ា ជិតកន្លែងលក់រថយន្ត លីហួរ រថយន្តក៏បានបើក បម្រុងបុកឲ្យដួល តែយុវជនដែលជាអ្នកបើកម៉ូតូបានផ្ដួលម៉ូតូ រួចរត់សំដៅចូលក្នុងផ្លូវលំ ហើយបុរសដែលជាអ្នកបើកបររថយន្តនោះ បានចុះពីលើរថយន្តប្រដាប់ដោយកាំភ្លើងខ្លីមួយដើម (មិនស្គាល់ម៉ាក) រត់ចូលទៅតាមរកមើល យុវជនម្ចាស់ម៉ូតូ ខណៈដែលកាន់កាំភ្លើង ជាប់ដៃផង និងរកមិនឃើញទៀតនោះ ស្រាប់តែបុរសម្ចាស់រថយន្តនោះ ផ្ទុះអាវុធបាញ់មេឃ ចំនួន ១គ្រាប់ ដើម្បីគំរាមយុវជននោះ ឲ្យចេញមក បង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ ដែលស្នាក់នៅកន្លែងកើតហេតុ ភ្ញាក់ពីដំណេកទាំង មានការភិតភ័យ និងបានលបមើលសកម្មភាព បុរសម្ចាស់រថយន្តនោះ ដើរបាញ់មេឃបន្តរហូតដល់ទៅ ៤គ្រាប់ ដោយមិនដឹងថា ពាក់ព័ន្ធនឹងករណីអ្វីឲ្យប្រាកដនោះទេ ។

ភ្លាមនោះប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ច ប៉ុន្តែពេលសមត្ថកិច្ច មកដល់ បុរសនោះហាក់បី ដូចជាមានឋានៈធំ និងកូនអ្នកមានផង ទើបប៉ូលិសតូចតាច មិនហ៊ានឃាត់ សួរនាំអ្វីច្រើននោះទេ រីឯម៉ូតូ ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលទួលសង្កែទី២ ដើម្បីរង់ចាំស្រាវជ្រាវ និងស្វែងរកការពិត នៃការបាញ់នេះ ។

ប្រជាពលរដ្ឋរំពឹងថា ពេលមានសមត្ថកិច្ចមកនឹងបានសាកសួរអ្នកដែលកាន់កាប់អាវុធ បាញ់បោះស៊េរីនោះ ក្នុងករណីអ្វីដែរ តែបែរជាសមត្ថកិច្ចមកដល់មិនបានត្រួតពិនិត្យមើលកន្លែងកើតហេតុនោះទេ បែរជាសាកសួរតែអ្នកបើកបររថយន្តហើយ អនុញ្ញាតឲ្យរថយន្តបើកចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង រីឯម៉ូតូត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី ដើម្បីរង់ចាំស្រាវជ្រាវរកម្ចាស់ម៉ូតូយកមកសាកដួរបំភ្លឺផងដែរ ៕ ជ្រោយពេជ្រ


ចែករំលែក៖