ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ​ម្នាក់​ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ​ ក្រោយពីឆក់កាបូបជនបរទេសបានសម្រេច ​តែរត់មិនរួច

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យ​ម្នាក់​ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវកម្លាំងនគរបាលខណ្ឌដូនពេញ ​ឃាត់ខ្លួន​ ក្រោយពីពួកគេទាំង​ ២នាក់ ធ្វើសកម្មភាពឆក់កាបូបពីជនបរទេស បានសម្រេច ​តែរត់មិនរួច​ ។ ហេតុការណ៍បានកើតឡើងកាលពីម៉ោង​ ៤រសៀល​ ថ្ងៃទី២៦​ ខែមករា​ ឆ្នាំ២០១៩​ នៅតាមផ្លូវលេខលេខ១៨៤​ ស្ថិតនៅក្នុងសង្កាត់ជ័យជំនៈ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ​ អន់​ ស៊ីដេត​ ​ អាយុ​ ២០ឆ្នាំ​ មុខរបរ​ មិនពិតប្រាកដ​ ស្នាក់នៅផ្ទះភូមិព្រែកតាអុង​ ឃុំពាមឧកញ៉ាអុង​ ស្រុកល្វាឯម​ ខេត្តកណ្តាល​ និងម្នាក់ទៀតឈ្មោះ​ អាលុង​​ អាយុប្រហែល​ ២០ឆ្នាំជាង​ មុខរបរ​ មិនពិតប្រាកដ​ ស្នាក់នៅផ្ទះខាងក្រោយប៉ុស្តិ៍នគរបាលទួលសង្កែ​ ភូមិផ្សារតូច​ សង្កាត់ទួលសង្កែ១​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា​ មុនពេលកើតហេតុ​ គេឃើញមានជនជាតិបរទេសចំនួន​ ២នាក់​ បានធ្វើដំណើរតាមផ្លូវលេខលេខ១៨៤​​ ខណៈ​មកដល់កន្លែងកើតហេតុ ស្រាប់តែមានជនសង្ស័យចំនួន​ ២នាក់​ ជិះម៉ូតូ​ មួយគ្រឿង​ ម៉ាក​ ហុងដាសង់​ សេ១២៥​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1GE-8005​ បានជិះមកជិតរួចបានធ្វើសកម្មភាពឆក់កាបូបរបស់ជនបរទេសខាងលើបានសម្រេច​ តែត្រូវកម្លាំងសមត្ថកិច្ចនៅជិតនោះ​ ដេញតាមរហូតឃាត់ខ្លួនជនសង្ស័យបានម្នាក់​ រឺឯម្នាក់ទៀតបានរត់គេចខ្លួនបាត់តែម្តង ។

ក្រោយពេលកើត​ហេតុ​ កម្លាំងសមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យ​ មកកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ ដើម្បីសាកសួរ​ស្វែងរកឃាត់ខ្លួនបក្ខពួកម្នាក់ទៀតយកមកផ្តន្ទាទោសទៅតាមច្បាប់ ៕ ជ្រោយពេជ្រ


ចែករំលែក៖