ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមជនសង្ស័យប្រុសស្រី៦នាក់ជួញដូរគ្រឿងញៀនត្រូវនគរបាលស្រុកកោះធំបង្រ្កាប

ចែករំលែក៖

ខេត្តកណ្ដាល៖ ក្រុមជនសង្ស័យប្រុសស្រីបក្ខពួក៦នាក់ ត្រូវបាននគរបាលស្រុកកោះធំធ្វើបង្រ្កាបឃាត់ខ្លួន ខណៈដែលជនសង្ស័យខាងលើជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ ប្រតិបត្ដិការបង្រ្កាបខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៣និង៣០នាទី ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបាន៥នាក់ ទី១-ឈ្មោះផ្កាយ ស៊ីណា ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ទី២-ឈ្មោះ ផ្កាយ ប៊ុនធឿន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ទី៣-ឈ្មោះ ផ្កាយ ស៊ីដែន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ទី៤-ឈ្មោះ ផល សុភណ្ឌ័ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ។ ជនសង្ស័យទី១ ទី២ ទី៣ និងទី៤ មានទីលំនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។ ទី៥-ឈ្មោះ ធី វ៉ាន់ណាច ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកប៉ាល់គឿង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល និងទី៦-ឈ្មោះ ស្រ៊ុយ លីហេវ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

ក្នុងប្រតិបត្ដិការនេះផងដែរ សមត្ថកិច្ចជំនាញបានដកហូតវត្ថុតាងថ្នាំញៀនចំនួនចំនួន៨កញ្ចប់ ក្នុងនោះធំ៤កញ្ចប់ និងមធ្យមចំនួន៤កញ្ចប់ ,ទូរសព្ទ័ដៃចំនួន៣គ្រឿង ,ប្រាក់រៀលចំនួន៣៤៥,០០០រៀល ,ប្រាក់ដុល្លារ១៥៦ដុល្លារសហរដ្ឋអាមេរិក ,ប្រាក់ដុងចំនួន៥០,០០០ដុង និងសម្ភារៈសម្រាប់វេចខ្ចប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀតផងដែរ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សមត្ថកិច្ចជំនាញបានទទួលព័ត៌មានថា ក្រុមជនសង្ស័យ៤នាក់ ឈ្មោះ ផ្កាយ ស៊ីណា ,ឈ្មោះ ផ្កាយ ប៊ុនធឿន ,ឈ្មោះ ផ្កាយ ដែន ត្រូវជាបង្អូនបង្កើត រួមទាំងឈ្មោះ ធី វ៉ាន់ណាច កំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន ភ្លាមនោះក៏បានសហការជាមួយនគរបាលប៉ុស្ដិ៍រដ្ឋបាលសំពៅពូន ចុះបង្រ្កាបដោយបានឆែកឆេរ ត្រួតពិនិត្យបានរកឃើញថ្នាំញៀនចំនួន២កញ្ចប់ រួមទាំងវត្ថុតាងមួយចំនួន យកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលសំពៅពូន ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យទាំង៤នាក់បានសារភាពថា ថ្នាំញៀនខាងលើនេះ គឺពិតរបស់ពួកគេប្រាកដមែន ដែលពួកគេបានទិញពីឈ្មោះ ផល សុភណ្ឌ័ និងឈ្មោះ ស្រ៊ុយ លីហេវ មានទីលំនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ។ ក្រោយពីសាកសួររួច នគរបាលជំនាញបានចុះទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ផល សុភណ្ឌ័ និងស្រ៊ុយ លីហេវ ដោយមានការឯកភាពពីលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូង បានឆែកឆេររកឃើញថ្នាំញៀនចំនួន៦កញ្ចប់បន្ថែមទៀតផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់ ត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់ ។

គួរបញ្ជាក់ថា ជនសង្ស័យឈ្មោះផល សុភណ្ឌ័ មានដីកាចាប់ខ្លួនចំនួន២ច្បាប់របស់សាលាដំបូង ទី១-ដីកាចាប់ខ្លួនលេខ៧៨៤ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥ និងទី២-មានដីកាចាប់ខ្លួនលេខ៦៣១ ចុះនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ ចុះហត្ថលេខាដោយលោក ទី សំណាង ចៅក្រមស៊ើបសួរ ពីបទជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ៕ស្អាងជ័យ


ចែករំលែក៖